ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនចិនមួយ បន្ថែមទុន១,៩០០លានដុលា្លរ សម្រាប់គម្រោងវិនិយោគនៅកោះកុង
× ក្រុមហ៊ុនចិន UNION Development Group នឹងបោះទុនចំនួន ១,៩០០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់គម្រោង TEMI នៅក្នុងទឹកដីខេត្តកោះកុង។ ពាក្យTEMI បានមកពីអក្សរទេសចរណ៍ (T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្យ(M-Marine) និង អន្តរជាតិ(I-International)។ នេះបើតាម កញ្ញា Lin Wang នាយកទីផ្សារក្រុមហ៊ុននេះ។
ក្នុងពិធីបង្ហាញគម្រោងសាងសង់ទីក្រុងTEMI កាលពីថ្ងៃទី១០ មករាកន្លងទៅ នាយកទីផ្សារក្រុមហ៊ុន Union Group និយាយថា គម្រោងនេះស្ថិតនៅលើផ្ទៃដី២៥០០ហិចតា ហើយទីក្រុងនេះអាចផ្ទុកមនុស្សបាន៣០ម៉ឺននាក់។ បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ ហើយវានឹងចេញជារូបរាងផ្ទះគំរូ ក្នុងរយៈពេលប៉ុន្មានខែទៀត។
គម្រោងអភិវឌ្ឍដារាសាគរ របស់ក្រុមហ៊ុន UNION Development Group មានទំហំដី ៣៦ពាន់ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងគម្រោងអនុវត្តន៍តំបន់អភិវឌ្ឍន៍វិស្សមកាលទេសចរណ៍មាត់សមុទ្រតារាសាគរក្នុងទឹកដីខេត្តកោះកុង មានរៀបចំ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញអគ្គិសនី ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទេសចរណ៍ ទីលានវាយកូនហ្គោល និងតំបន់ទេសចរណ៍មាត់សមុទ្រ ជាច្រើនកន្លែងទៀត។ នេះបើតាម កញ្ញា Lin Wang។
ចាប់ពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន ក្រុមហ៊ុន UNION Development Group បានអនុវត្តគម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគជាង ១៥០០លានដុល្លារ លើទំហំផ្ទៃដីសរុប ៣៦ ០០០ហិកតា លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន៕
Tag:
ជាតិ
សេដ្ឋកិច្ច
វិនិយោគ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com