ជាតិ
២៥ខេត្ត/រាជធានី
«​ផ្លែ​ដីប្លី​»​ជា​គ្រឿងទេស​ដូច​ម្រេច និង​ជា​ឱសថ​ប្រឆាំងនឹង​ជំងឺ​
13, Jan 2019 , 11:19 pm        
រូបភាព
ដោយ:
​កំពត​៖«​ផ្លែ​ដីប្លី​»​ឬ​ម្រេច​វែង​នេះ  ជា​ប្រភេទ​រុក្ខជាតិ ដែលមាន​ដើមកំណើត​ពី​ឥណ្ឌា​។ វា​ជា​គ្រឿងទេស​សម្រាប់​ផ្សំ​ជាមួយ​អាហារ​។ មនុស្ស​ភាគច្រើន មិនសូវ​ស្គាល់​រុក្ខជាតិ​ប្រភេទ​នេះ​ទេ ព្រោះ​ការដាំដុះ​មានតែ​នៅ​តំបន់​អាហ្វ្រិក​។ នៅ​កម្ពុជា «​ផ្លែ​ដីប្លី​» មិនទាន់មាន​ការពេញនិយម​ប្រើប្រាស់ ដូច​ផ្លែ​ម្រេច​នៅ​ទ្បើ​យ​។  ក្រៅពី​ជា​គ្រឿងទេស ផ្លែ​ដីប្លី ក៏​ជា​ឱសថ​ប្រឆាំងនឹង​ជំងឺ​ផងដែរ​។ នេះ​បើតាម​អ្នកស្រី ជៀម ទ្បៃ​ឃីម បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ផា​រ៉ា​ដាយ ហ្គា​ដិ​ន​។​



«​ផ្លែ​ដីប្លី​» ដែលជា​ប្រភេទ​ម្រេច​វែង​នេះ មិនសូវ​ពេញនិយម​ដូច​ម្រេច​កំពត​នោះទេ​។ ផ្លែ​ដីប្លី ឬ​ម្រេច​វែង​នេះ ត្រូវបាន​ដាំ​ដុះ​ក្នុង​កសិដ្ឋាន​របស់​ក្រុមហ៊ុន ផា​រ៉ា​ដាយ ហ្គា​ដិ​ន​នៅ​ខេត្តកំពត​។ រយៈពេល​៣​ឆ្នាំ ទើប​ផ្លែ​ដីប្លី ឬ​ម្រេច​វែង​នេះ អាច​ទទួលបាន​ផល​បាន និង​មាន​ផល​ពេញ​មួយ​រដូវ​។ 


 
​បើតាម​អ្នកស្រី ឡៃ​ឃីម ពូជ​នាំចូល​មកពី​បរទេស​នេះ ជា​ប្រភេទ​គ្រឿងទេស​ហឹរ មាន​រសជាតិ​ផ្សេង​ពី​ម្រេច​។ អ្នកស្រី ជៀម ទ្បៃ​ឃីម បញ្ជាក់ថា ផ្លែ​ដីប្លី ក៏​ជា​ឱសថ​ប្រឆាំង​ការឆ្លង​បាក់តេរី ជំងឺ​ទឹកនោមផ្អែម​ជាដើម ព្រោះ​វា​អាចជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ វា​ក៏​រារាំង​ជំងឺថ្លើម មិន​ឲ្យ​កើតមាន​ផងដែរ​។ 


 
​មគ្គទេសក៍​នៃ​ក្រុមហ៊ុន​ផា​រ៉ា​ដាយ ហ្គា​ដិ​ន លោក ស៊ឹង សុខ​ហេង បាន​ប្រាប់ ThmeyThmey25 ថា ការ ដាំ​ដុះ​ម្រេច និង​ផ្លែ​ដីប្លី​នេះ ត្រូវបាន​ប្រើពេល​យូរ ជាពិសេស​វា​ទាមទារ​ឲ្យ​មានការ​ថែទាំ​ត្រឹមត្រូវ​។ លោក សុខ​ហេង បញ្ជាក់ថា ផ្លែ​ដីប្លី​នេះ ត្រូវបាន​ក្រុមហ៊ុន​ខាងលើ យក​ពី​សមាគម​ម្រេច ដើម្បី​ដាំ​ដុះ និង​ចែកចាយ​។ 


 
​បើតាម​អ្នកស្រី ឡៃ​ឃីម ភ្ញៀវទេសចរ​ដែល​មក​ទទួល​សេវា​នៅ​ក្រុមហ៊ុន​របស់​អ្នកស្រី បាន​ផ្ដោត​សំខាន់ និង​ពេញនិយម​លើ​ម្រេច​កំពត ជាង​ផ្លែ​ដីប្លី​។ ម្យ៉ាងទៀត ម្រេច​កំពត ជា​ផលិតផល​ល្បីឈ្មោះ ដែល​តំណាង​ឲ្យ​ខេត្តកំពត​៕




 
 
 

Tag:
 ​ផ្លែ​ដីប្លី​
 ​ខេត្តកំពត​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com