ជាតិ
លោក សាន្ត ប៊ុនធឿន​ABC បដិសេធថា លោក​មិនបាន​ចូល​ក្របខណ្ឌ​យោធា​ទេ​
13, Jan 2019 , 6:12 pm        
រូបភាព
​ភ្នំពេញ​៖ លោក សាន្ត ប៊ុនធឿន ចាងហ្វាង​សារព័ត៌មាន​សំឡេង​ស្នេហា​ជាតិ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា​នារ​សៀល​ថ្ងៃទី​១៣​ខែមករា​នេះ​ថា បុគ្គល​ឈ្មោះ សាន្ត ប៊ុនធឿន ដែល​ទទួលបាន​ការតែងតាំង​បញ្ចូល​ក្របខណ្ឌ និង​ប្រគល់​ឋានន្តរស័ក្តិ «​ថ្នាក់​វរសេនីយ៍ត្រី​» នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ មិនមែនជា​រូបលោក​នោះទេ​។ លោក​ចាងហ្វាង​បាន​ច្រានចោល​ដំណឹង​នេះ បន្ទាប់ពី​មាន​សេចក្ដីប្រកាស​មួយ​របស់​ក្រសួងការពារជាតិ ដែល​ចុះហត្ថលេខា​ដោយ សម្ដេច ទៀ បាញ់ ស្តីពី​ការតែងតាំង​បញ្ចូល​ក្របខណ្ឌ​មន្ត្រី ឈ្មោះ សាន្ត ប៊ុនធឿន ត្រូវបាន​ចែករំលែក​តាម​បណ្តាញ​សង្គម​។​

 
​លោក សាន្ត ប៊ុនធឿន ដែល​ហៅខ្លួនឯងថា​​អ្នកកាសែត ABC បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​ឈ្មោះ សាន្ត ប៊ុនធឿន នោះ​មិនមែនជា​ខ្ញុំ​ទេ​។ ឈ្មោះ​នៅ​ស្រុក​ខ្មែរ​មាន​ដូចគ្នា​ច្រើន​។ បើតាម​ខ្ញុំ​ដឹង​មានឈ្មោះ សាន្ត ប៊ុនធឿន​ម្នាក់​ជា​ឧ​ត្ត​ម​សេនីយ៍​។ ម្យ៉ាងទៀត ខ្ញុំ​ជា​អ្នកកាសែត​សាមញ្ញ ផឹក​តែ​ABC​និង​ហូប​មាន់​ស្រែ អ្នកណា​គេ​មក​បញ្ចូល​ខ្ញុំ​បែបនេះ​»​។​

អ្នកកាសែត​រូបនេះ បន្តថា បើ​ក្រសួងការពារជាតិ​បញ្ចូល​ឈ្មោះ​លោក​ពិតមែន គឺ​ល្បី​យូរហើយ​។ លោក សាន្ត ប៊ុនធឿន ក៏​ភ្ញាក់ផ្អើល​ដែរ នៅពេល​ដឹង​រឿង​បែបនេះ​៕

Tag:
 សាន្ត ប៊ុនធឿន​
© រក្សាសិទ្ធិដោយ thmeythmey.com