កីឡាអន្តរជាតិ
អន្តរជាតិ
De Gea សង្គ្រោះ​បាល់​១១​លើក​ក្នុង​ជ័យជម្នះ ១-០ របស់ Man Utd លើ Spurs
14, Jan 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកចាំទី​អេ​ស្ប៉ា​ញ David De Gea ក្លាយ​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​នា​ជ័យជម្នះ ១-០ លើ​ទឹកដី​របស់ Tottenham Hotspur ក្នុង​ក្របខណ្ឌ English Premier League កាលពី​យប់​ថ្ងៃអាទិត្យ​។ Marcus Rashford ជា​សម្រេចបាន​បញ្ចូល​ទី​នៅ​ចុង​តង់​ទីមួយ ក្រោយ​ការបញ្ជូន​របស់ Paul Pogba ខណៈ De Gea បាន​រារាំង​បាល់​ចំ​គោលដៅ​រហូតដល់​ទៅ​១១​លើក ដើម្បី​រក្សា​លទ្ធផល ១-០ រហូតដល់​បញ្ចប់​ការប្រកួត​។​

 
​ការសង្គ្រោះ​បាល់​ដល់​ទៅ​១១​លើក​របស់ De Gea ជា​កំណត់ត្រា​លើកដំបូង​បំផុត​នៅ​ក្របខណ្ឌ​កំពូល​របស់​អ្នកចាំទី​រូបនេះ ក្នុង​ជ័យជម្នះ ដោយ​គ្មាន​ការ​ធ្លាយ​គ្រាប់​បាល់​មកវិញ​។ តែ​ទោះយ៉ាងណា កាលពី​ជ័យជម្នះ ៣-១ នៅ​ទឹកដី Arsenal កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧ De Gea បាន​សង្គ្រោះ​បាល់​ចំនួន​១៤​លើក​ផងដែរ​។​

 
 
​លទ្ធផល ១-០ លើ​មាន់​ខ្នាយ​មាស បាន​នាំ​ឲ្យ​បិសាច​ក្រហម​ទទួលបាន​៤១​ពិន្ទុ​ស្មើ Arsenal គិត​ត្រឹម​សប្តាហ៍​២២​។ មុនពេល​ដែល​លោក Ole Gunnaer Solskjaer ចូល​ដឹកនាំ​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន បិសាច​ក្រហម​តាម​ពីក្រោយ​កាំំ​ភ្លើង​ធំ​រហូតដល់​៨​ពិន្ទុ​។​
 
​នេះ​ជា​ជ័យជម្នះ​៦​លើក​ជាប់​គ្នា​ផងដែរ​របស់ Man Utd ក្រោម​ការដឹកនាំ​របស់​លោក Solskjaer ដោយ​៥​លើក​ក្នុង Premier League និង​១​លើក​ក្នុង FA Cup​។ ជាមួយគ្នានេះ Paul Pogba បន្ត​លេចធ្លោ ដោយ​រួមចំណែក​រក​គ្រាប់​បាល់​បញ្ចូល​ទី​រហូតដល់​៨​គ្រាប់ (​ស៊ុត​ចូល​៤ និង Assists ៤)៕

© រក្សាសិទ្ធិដោយ thmeythmey.com