ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង ការ​ទទួលទាន​ទឹកដូង ដើម្បី​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព​
15, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដូង ជា​ភេសជ្ជៈ​បែប​ធម្មជាតិ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​សុខភាព​។ វា​មាន​ផ្ទុក​ជាតិ​កាឡូរី​តិច ប៉ុន្តែ​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​អង់ស៊ីម​ធម្មជាតិ​ចាំបាច់​ដូចជា ប៉ូ​តា​ស្យូ​ម​។ តាមពិតទៅ ទឹកដូង អាច​ទទួលទាន​នៅពេលណា​ក៏បាន មិន​ថា​កំពុង​ឈឺ​, ហត់​អស់កម្លាំង ឬ​ស្រេកទឹក ប៉ុន្តែ​ទោះជា​យ៉ាងណា ប្រសិនបើ​អ្នកទទួល​ទាន​ទឹកដូង​ត្រូវ​ពេលនោះ​អ្នកនឹង​អាច​ទទួលទាន​នូវ​អត្ថប្រយោជន៍​ទ្វេដង​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ទទួលទាន​ទឹកដូង ៖
 
១. ព្រឹក​ព្រលឹម​មុន​ទទួលទាន​អ្វី​
 
​ការ​ទទួលទាន​ទឹកដូង​នៅពេល​ព្រឹក​ព្រលឹម​មិនទាន់​ទទួលទាន​អ្វី​ផ្សេង​ជួយ​បង្កើន​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ធម្មជាតិ​, បន្សាប​ជាតិពុល​ចេញពី​រាងកាយ និង​ជម្រុញ​ការដុត​រំលាយ​អាហារ​តាមរយៈ​ជាតិ​អាស៊ីត Lauric ដែល​វា​មាន​ផ្ទុក​។ ហើយ​ជាធម្មតា ការ​ទទួលទាន​ទឹកដូង​ជួយ​ក្នុង​ការរក្សា​តុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​បង្កើន​មុខងារ​ពោះវៀន និង​គ្រប់គ្រង​សម្ពាធ​ឈាម​។ ការ​ទទួលទាន​ទឹកដូង​នៅពេល​ព្រឹក ក៏​ជួយ​ឱ្យ​ស្រក​ទម្ងន់​ផងដែរ​ដោយ​ទឹកដូង​មាន​ផ្ទុក​ជាតិ​ខ្លាញ់​តិច​បំផុត​។​

២. មុន ឬ​ក្រោយ​ពេលធ្វើ​លំ​ហាត់ប្រាណ​
 
​ទឹកដូង ជា​ភេសជ្ជៈ​កីឡា​ល្អ​បំផុត​មួយ​ដែល​ជួយ​ជម្រុញ​ថាមពល និង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​មុនពេល​ធ្វើ​លំ​ហាត់ប្រាណ​។ ចំណែក​ពេល​ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ ទឹកដូង ជួយ​ក្នុង​បំពេញបន្ថែម​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាត់បង់​កំឡុង​ពេលធ្វើ​សកម្មភាព​រាងកាយ​។ ការ​ទទួលទាន​ទឹកដូង​ជួយ​ទប់ទល់​ភាព​អស់កម្លាំង​, ហត់នឿយ និង​បង្កើន​ថាមពល​។​
 
៣. មុន និង​ក្រោយ​ពេលបាយ
 
​ទឹកដូង ជា​ភេសជ្ជៈ​ផ្ដល់​ភាពស្រស់​ស្រាយ និង​ដើរតួ​ជា​អ្នក​ជម្រុញ​លើកកម្ពស់​សុខភាព ប្រសិនបើ​ទទួលទាន​មុន និង​ក្រោយពេល​អាហារ​។ ការ​ទទួលទាន​ទឹកដូង​មុន​អាហារ​អាចជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​ទប់ស្កាត់​ការទទួល​ទាន​ច្រើន​លើស និង​បញ្ហា​កើន​ទម្ងន់​។ ខណៈដែល​ទទួលទាន​ក្រោយ​អាហារ​អាចជួយ​សម្រួល​ដ​ល់​ការរំលាយ​អាហារ​ទប់ស្កាត់​បញ្ហា​ទូទៅ​មួយចំនួន​ដូចជា ចង្អោរ​ចង់​ក្អួត​, ហើមពោះ​, បាត់បង់​ចំណង់​អាហារ និង​ការបន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ផងដែរ​។ សារធាតុ  tannins ផ្ទុក​ក្នុង​ទឹកដូង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ទប់ស្កាត់​ការឆ្លង​មេរោគ​។​

៤. មុនពេល​ចូល​គេង​
 
​ក្លិនក្រអូប​ផ្អែម​នៃ​ទឹកដូង​ជួយ​កាត់បន្ថយ​បញ្ហា​ថប់​បារម្ភ ក៏ដូចជា​អត្រា​នៃ​ចង្វាក់បេះដូង​។ ការ​ទទួលទាន​ទឹកដូង​ខ្លះ​មុនពេល​ចូល​គេង​ជួយ​សម្រួល​ដល់​អារម្មណ៍​ទប់ស្កាត់​ភាព​តានតឹង​។ លើសពីនេះទៅទៀត ការ​ទទួលទាន​ទឹកដូង​នៅពេល​គេង​អាចជួយ​សម្អាត​ផ្លូវ​បង្ហូរ​នោម និង​កម្ចាត់​ជាតិពុល​ផ្សេងៗ​ទប់ស្កាត់​មេរោគ​ឆ្លង និង​បញ្ហា​តម្រងនោម​ផ្សេងៗ​។​
 
៥. បំបាត់​អាកា​រៈ​ធី​ង​ធោ​ង​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ទឹកដូង​មួយ​កែវ​ជួយ​បំបាត់​អាកា​រៈ​ធី​ង​ធោ​ង​បាន​ប្រកបដោយ​ប្រសិទ្ធិភាព​? គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​បណ្ដាលឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​បង្ក​អា​ការៈឈឺ​ក្បាល និង​ចង់​ក្អួត​នៅពេល​ព្រឹក​។ ទឹកដូង​ជួយ​ទប់ទល់​នឹង​អាកា​រៈទាំង​ពីរ​នេះ ហើយក៏​ស្ដារឡើងវិញ​នូវ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាត់បង់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រួលខ្លួន​ប្រសើរ​ឡើងវិញ​។​

៦. កំឡុងពេល​មាន​ផ្ទៃពោះ​
 
​ការ​ទទួលទាន​ទឹកដូង​ក្នុង​កម្រិត​សមល្មម​កំឡុងពេល​មាន​ផ្ទៃពោះ គឺមាន​សុវត្ថិភាព ហើយ​ប្រសើរ​ណាស់ ដោយ​ទឹកដូង​មាន​ផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​ចាំបាច់​ជាច្រើន រួមទាំង វីតាមីន C,  ម៉​ង់​កា​ណែ​ស​, ជាតិ​ស​សៃ dietary fibre និង​ជាតិ​កាល់ស្យូម​។ ទឹកដូង ក៏​ជួយ​បំបាត់​ភាព​ខ្សោះ​ជាតិ​ទឹក​ដែល​បណ្ដាលមកពី​អាកា​រៈ​ចាញ់កូន​។ ទឹកដូង ក៏​ជួយ​បំបាត់​អាកា​រៈ​ក្រហាយ​ទ្រូង និង​ទល់លាមក​កំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com