អត្ថបទពាណិជ្ជកម្ម
ស្ករត្នោតខេត្តកំពង់ធំវាយលុកចូលទីផ្សារទំនើបក្រុងភ្នំពេញ
× ស្ករត្នោតដ៏ឈ្ងុយឆ្ងាញ់សុទ្ទ១០០ភាគរយ របស់ខេត្តកំពង់ធំត្រូវបានយកមកផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញទាំងក្នុងផ្សារទំនើប និងទីផ្សារលក់រាយផងដែរ។ ថ្ងៃនេះក្រុមហ៊ុន Signatures of Asia ដែលជាអ្នកផ្គត់ផ្គង់ស្ករត្នោតនាំមុខគេទាំងក្នុង និង ក្រៅប្រទេសបានចុះហត្ថលេខាទទួលទិញស្ករត្នោតចំនួន៥៣តោនពីសហគមន៍ឈូកសាមគ្គីមានជ័យ ដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ចូលទីផ្សាររបស់ខ្លួនដែលកំពុងមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីលោក ហង់ សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរស្រុក ឃុំ និងអង្គការស្ថាប័នផ្សេងទៀត ក្នុងក្របខ័ណ្ឌផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលនាំផលប្រយោជន៍ដល់កសិករដែលជាអ្នកផលិតស្ករត្នោតលក់បានតម្លៃខ្ពស់សមរម្យ និងធានាបានដល់អ្នកប្រើប្រាស់ស្ករត្នោតសុទ្ធពិតប្រាកដមិនក្លែងក្លាយ។ គួររំលឹកផងដែរថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយជាច្រើន ដែលបានយកមកផ្គត់ផ្គង់ជាពិសេសនៅរាជធានីភ្នំពេញ ដែលជាផលិតផលនាំអោយខូចសុខភាពដល់អ្នកប្រើប្រាស់។ លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Signatures of Asia បានថ្លែងថា កន្លងមកក្រុមហ៊ុនលោកធ្លាប់តែនាំចេញស្ករត្នោតដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអឺរ៉ុប តែដោយមើលឃើញថា អ្នកបរិភោគក្នុងស្រុកកំពុងជួបប្រទះបញ្ហាស្ករត្នោតក្លែងក្លាយ ទើបក្រុមហ៊ុនលោកមកពង្រីកផលិតកម្មស្ករត្នោតនៅខេត្តកំពង់ធំនេះដែលធានាបាននូវស្តង់ដារផលិតផលដូចគ្នានឹងផលិតផលនាំចេញដែរ ដើម្បីចូលរួមលើកកំពស់ជីវភាពកសិករនៅទីនេះផង និងធ្វើការផ្គត់ផ្គង់ស្ករត្នោតគុណភាពសុទ្ទល្អដ៏ឈ្ងុយឆ្ងាញ់នេះទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកផង។ ដោយមានការជួយសម្របសម្រួលពី គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តភាពនៅកម្ពុជា នៃអង្គការទស្សនៈពិភពលោកកម្ពុជា ដែលបានទទួលជំនួយពីរដ្ឋាភិបាលអូស្ត្រាលី (Australian Aid)។ គម្រោងមានគោលដៅបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍កសិកម្ម ដើម្បីឆ្លើយតបជាមួយសុខុមាលភាពកុមារនៅក្នុងខេត្តកំពង់ធំ កណ្តាល និងខេត្តព្រះវិហារ។ ដោយមានគោលបំណងសំខាន់បី៖ ទី១/ ពង្រីក និងពង្រីងសហកមន៍កសិកម្មឲ្យមានអភិបាលកិច្ចល្អ ទី២/ ពង្រឹងសម្ថភាពសហគមន៍កសិកម្មលើការគ្រប់គ្រងអាជីវកម្ម និង ដំណើរការអាជីវកម្ម ទី៣/ បង្កើននូវចំណូល និង ផលិតភាពផលិតកម្ម របស់សមាជិកសហគមន៍កសិកម្ម។
គម្រោងបានធ្វើការជាដៃគូជាមួយ មន្ត្រីកសិកម្មខេត្តកំពង់ធំ និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីបណ្តុះបណ្តាល បច្ចេកទេសកសិកម្ម ការសម្របសម្រួលអាជីវកម្ម ព្រមទាំងធ្វើការផ្សាភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនឯកជន សំដៅលើកកំពស់ផលិតផលរបស់សហគមន៍ទៅទីផ្សារជាតិ និងអន្តរជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ គម្រោងបានផ្សាភ្ជាប់ផលិតកម្មទៅទីផ្សារសហគមន៍ឈូកសាមគ្គីមានជ័យ អោយមានឧិកាសបានចាប់ដៃគូជាអ្នកផ្គត់ផ្គង់អោយក្រុមហ៊ុន Signatures of Asia ។
គួរកត់សំគាល់ដែរថា ក្រុមហ៊ុន Signatures of Asia ដោយមានការសហការជាមួយគំរោងប្រឆាំងភាពក្រីក្រ IAP-SNV គឺជាក្រុមហ៊ុនដ៏ធំដែលបាន និងកំពុងចុះកុងត្រាទទួលទិញស្ករត្នោតពីសហគមន៍នៅខេត្តកំពង់ស្ពឺក្នុងមួយរដូវរាប់រយតោនរយៈពេល៤ឆ្នាំមកហើយ សម្រាប់ផ្គត់ផ្គង់ទៅប្រទេសក្រៅ។ គំរោងដែលបានទទួលជំនួយថវិការពីរដ្ឋាភិបាលស៊ុយអែតតាមរយៈអង្គការ SIDA មានការពង្រឹងបច្ចេកទេសផលិតកម្ម គំរូអាជីវកម្មទំនើប ដោយគិតពី សង្គម បរិដ្ឋាន និងបង្កើនប្រាក់ចំណូលជនក្រីក្រ ការយល់ដឹងអំពីយ៉េនឌ័រ និងអភិវឌ្ឃន៍អោយមាននិរន្តរភាព។
គួរកត់សំគាល់ផងដែរ រយៈពេលចុងក្រោយនេះគេសង្កេតឃើញថា ស្ករត្នោតត្រូវបានគេនិយមប្រើប្រាស់នៅទ្វីបអឺរ៉ុបដោយសារពេលបរិភោគវាមានកំរិតជាតិស្ករក្នុងឈាមទាប ដែលអាចប្រើប្រាស់បានទាំងអ្នកមានជំងឺទឹកនោមផ្អែម និងអ្នកដែលមានកំរិតជាតិស្ករខ្ពស់ក្នុងឈាម មិនតែប៉ុណ្ណោះវាក៏មានសារធាតុរ៉ែ និងវីតាមីនជាច្រើនប្រភេទផងដែរ មិនដូចស្ករសដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនោះទេ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com