អន្តរជាតិ
លោក​ប្រា​យុទ្ធ ប្រាប់​ឲ្យ​អ្នក​បាងកក​សម្ងំ​ក្នុងផ្ទះ ក្រោយ​គុណភាព​ខ្យល់​ឈានដល់​កម្រិត​គ្រោះថ្នាក់​
14, Jan 2019 , 9:59 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ទទូច​ឲ្យ​ប្រជាជន​ដែល​កំពុង​រស់នៅ​ទីក្រុង​បាងកក សម្ងំ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ក្រោយពី​គុណភាព​ខ្យល់​របស់​ទីក្រុង ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​បាន​ឈានដល់​កម្រិត​គ្រោះថ្នាក់​។

 
​យោងតាម​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​របស់​វេ​ប​សាយ AirVisual  គិត​មក​ត្រឹម​ម៉ោង ១០​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤ ខែមករា ខ្យល់​នៅក្នុង​ទីក្រុង​បាងកក បាន​ឈានដល់​កម្រិត ១៨២ ដែល​ខ្ពស់ជាង​កម្រិត​ខ្យល់​ក្នុង​ទីក្រុង​មាន​ខ្យល់​បំពុល​ខ្លាំង​បំផុត ដូចជា ទីក្រុង​ញូ​វ​ដេលី​, ទីក្រុង​ប៉េកាំង និង​ហ្សា​ការ​តា​ជាដើម​។ កម្រិត​ក្រោម​៥០ ត្រូវ​ចាត់ទុកថា «​សុវត្ថិភាព​» ខណៈ​កម្រិត​៣០០​ឡើង ត្រូវ​ចាត់ទុកថា «​អាក្រក់​បំផុត​»​។​
 
​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​លើកឡើងថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែលមាន​កម្រិត​បំពុល​ខ្ពស់​ក្នុងរាជធានី បាងកក គួរតែ​ជៀសវាង​ការដើរ​ហើរ​នៅ​ខាងក្រៅ​ដែល​ពុំ​ចាំបាច់ ឬក៏​អាច​ពាក់​ម៉ាស់​ដើម្បី​ការពារ​ខ្យល់​បំពុល​ជាដើម​។​
 
​ឆ្លើយ​ទៅនឹង​សំណួរ​ទាក់ទង​នឹង​គម្រោង​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​ប្រសើរ​ឡើងវិញ លោក ប្រា​យុទ្ធ បាន​បញ្ជាក់ថា រដ្ឋាភិបាល​តែឯង ពុំ​អាច​ដោះស្រាយ​បញ្ហា​ខ្យល់​បំពុល​នេះ​បានឡើយ​ដោយសារតែ​អ្នក​គ្រប់គ្នា​បាន​បង្ក​វា​ឡើង​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុង​ស្រុកថៃ Khaosod ដោយបាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Puttipong Punnakanta សាលាក្រុង​បាងកក​បានចេញ​សេចក្តីណែនាំ​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ​នានា ចាត់វិធានការ​បន្ទាន់ រួមមាន គ្រប់គ្រង​លើ​ទីតាំង​សំណង់ និង​ចុះ​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​រថយន្ត​ដែល​អាច​បង្ក​ផ្សែង​បំពុល ជាពិសេស រថយន្ត​ចាស់ៗ​ជាដើម​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​ខ្យល់​ក្នុង​ទីក្រុង​បាង​កង​មាន​កម្រិត​បំពុល​ខ្លាំង​គឺ​មកពី ផ្សែង​បំពុល​ដែល​ចេញពី​យានយន្ត​, ផ្សែង​បំពុល​ដែល​ចេញពី​រោងចក្រ​, ការដុត​បំផ្លាញ​ដីស្រែ និង​សំណង់​ជាដើម​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចាន់​អូ​ចា​
  ខ្យល់​បំពុល
© រក្សាសិទ្ធិដោយ thmeythmey.com