កីឡាអន្តរជាតិ
អន្តរជាតិ
Messi កីឡាករ​ទីមួយ​ដែល​រកបាន​៤០០​គ្រាប់​នៅ​លី​គ​កំពូល​របស់​អឺរ៉ុប​
14, Jan 2019 , 4:22 pm        
រូបភាព
Lionel Messi បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយទៀត​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៤០០ របស់ខ្លួន​ក្នុង​ក្របខណ្ឌ La Liga ក្រោយ​ស៊ុត​១​គ្រាប់​ក្នុងចំណោម​៣​គ្រាប់​ដែល Barcelona យកឈ្នះ Eibar ៣-០ នា​កីឡដ្ឋាន Nou Camp នៅ​ថ្ងៃទី​១៣ ខែមករា​។​


 
​មួយ​គ្រាប់​របស់ Messi និង​២​គ្រាប់​របស់ Luis Suarez បាន​ជួយ​ឲ្យ​ក្រុម​ការពារ​ជើងឯក​នៅ​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​លី​គ​អេ​ស្ប៉ា​ញ​ដោយ​នាំមុខ Atletico Madrid ដែល​នៅ​លេខ​២​ចំនួន​៥​ពិន្ទុ និង​លើស​គូប្រជែង Real Madrid ដែល​នៅ​លេខ​៤​ដល់​ទៅ​១០​ពិន្ទុ គិត​ត្រឹម​សប្តាហ៍​ទី​១៩​។ 
 
១​គ្រាប់​របស់​តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣១​ឆ្នាំ​នេះដែរ គឺជា​គ្រាប់​ទី​៤០០​របស់គេ​ក្នុងការ​បង្ហាញខ្លួន​៤៣៥​លើក​ក្នុង​លី​គ និង​ជា​ចំនួប​គ្រាប់​បាល់​ស៊ុត​ច្រើន​បំផុត​ក្នុងចំណោម​លី​គ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​។ នេះ​ជា​កំណត់ត្រា​ថ្មី​មួយទៀត​សម្រាប់ Messi ដែល​អាច​រក​គ្រាប់​បាល់​ដ៏​ច្រើន​សម្រាប់​ក្លិប និង​លី​គ​តែមួយ​។​


 
​យ៉ាងណា បើ​គិត​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សរុប​ក្នុង​លី​គ​ផ្សេង​បញ្ចូល​គ្នា ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​រូបនេះ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ប៉ុណ្ណោះ ដោយ​តាម​ពីក្រោយ Cristiano Ronaldo ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Juventus ដែល​សម្រេច​ទី​បាន ៤០៩​គ្រាប់ ក្នុងចំណោម ៥០៧​ប្រកួត​ទាំង​នៅ Premier League, La Liga និង Serie A​។ Ronaldo ស៊ុត​ឲ្យ Real ក្នុង​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ចំនួន​២៥១​គ្រាប់​។​
 
​ក្រៅពី​លី​គ​កំពូលៗ Josef Bican ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ពេលដែល​គាត់​លេង​ឲ្យ​លី​គ​ឆេ​កូ​ស្លូ​វ៉ា​គី​ចន្លោះ​ពី​ឆ្នាំ​១៩៣១ ដល់​ឆ្នាំ​១៩៥៥ ដែលមាន​ចំនួន​៥០០​គ្រាប់​។ កីឡាករ Jimmy McGrory រកបាន​៤១០​គ្រាប់​នៅ​លី​គ​ស្កុ​តឡែ​ន​ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៥៨ និង Stjepan Bobek រកបាន​៤០៣​គ្រាប់​ពេល​លេង​នៅ​លី​គ​អតីត​យូ​ហ្គោ​ស្លា​វី ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៥៨៕
 

Tag:
 បាល់ទាត់​
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com