ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហេង សំរិន​៖ ការលើកកម្ពស់​សមភា​ព​យេនឌ័រ រួមចំណែក​ឱ្យមាន​សន្ដិភាព និង​ការអភិវឌ្ឍ​
14, Jan 2019 , 10:59 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
​សៀមរាប​៖ កិច្ចប្រជុំ​សមាជិកសភា​ស្ដ្រី នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ជា​កិច្ចប្រជុំ​មួយ​ដែល​ត្រូវបាន​រៀបចំ​ធ្វើ​ក្នុង​កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​តី​២៧ ដែល​ធ្វើឡើង​រយៈពេល​៣ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ មករា ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​សមាជិកសភា​ស្ដ្រី​ធ្វើឡើង​ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​ការអភិវឌ្ឍ​»​។ ប្រធានរដ្ឋសភា​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​បើក​កិច្ចប្រជុំ​នេះ ដែល​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃទី​១៤​។ សម្រាប់​សម្ដេច ហេង សំរិន ការលើកកម្ពស់​សមភា​ព​យេនឌ័រ បានរួម​ចំណែក​ឱ្យសម្រេចបាន​នូវ​សន្ដិភាព និង​ការអភិវឌ្ឍ​។

 
​ថ្លែង​ចំពោះ​សមាជិកសភា​ស្ដ្រី​មុន​បើក​កិច្ចប្រជុំ សម្ដេច ហេង សំរិន បាន​លើកឡើងថា គេ​មិនអាច​សម្រេចបាន​នូវ​សន្ដិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​បានទេ ប្រសិនបើ​គេ​មិនមាន​អភិក្រម បរិ​យា​ប័ន្ន និង​ប្រសិទ្ធិភាព ដើម្បី​លើកតម្កើង​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ដ្រី និង​ក្មេងស្រី​។ សម្ដេច​បន្ថែម​ដោយ​យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​គោលដៅ​ទី​៥ ដោយ​បង្ហាញថា វិសមភាព​យេនឌ័រ​បាន​បន្ដ​រារាំង​ស្ដ្រី និង​ក្មេងស្រី ក្នុង​ការទទួល​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន ជាមួយនឹង​កាលានុវត្តន៍​ភាព​នានា​ដែល​ឆ្លើយតប​នឹង​សេចក្តីត្រូវការ និង​ដំណោះស្រាយ​សម្រាប់​គុណប្រយោជន៍​ដល់​ស្ដ្រី​។​


 
​ជាមួយគ្នានេះដែរ ប្រធានរដ្ឋសភា​បាន​បញ្ជាក់ថា ការផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់ គឺជា​កត្ដា​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ សម្ដេច​បន្ថែមថា ការវិនិយោគ​លើ​បញ្ហា​សុខភាព ការអប់រំ ការបណ្ដុះបណ្តាល​វិជ្ជាជីវៈ ការចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច ការគ្រប់គ្រង​ចំណូល ការ​ក្លាយជា​ម្ចាស់​ធុរកិច្ច​ដោយ​ខ្លួនឯង គឺជា​ការទទួល​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ទាំងមូល មិនមែន​តែ​ស្ដ្រី និង​ក្មេងស្រី​នោះទេ​។​
 
​គួររម្លឹកថា កិច្ចប្រជុំ​សមាជិកសភា​ស្ដ្រី ដែល​បាន​ផ្តួចផ្តើម​និង​ប្រជុំ​ជា​លើកដំបូង​នៅ​ប្រទេស កាណាដា នា​ឆ្នាំ​២០១៦ លើក​ទី​២​នៅ​ប្រទេស ហ្វី​ជី ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​៣ នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៨ ហើយ​បានធ្វើ​វិសោធនកម្ម អនុម័ត​ឱ្យ​កិច្ចប្រជុំ​សមាជិក​ស្ដ្រី​ជា​ផ្លូវការ​របស់ APPF ដូច​គណៈកម្មការ​ផ្សេងៗ​ទៀត​។ កិច្ចប្រជុំ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់ ដែល​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​របស់ APPF លើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ដ្រី និង​ក្មេងស្រី ដែលជា​គោលការណ៍​មួយ​ឈានទៅ​សម្រេច​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕

Tag:
 កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​
© រក្សាសិទ្ធិដោយ thmeythmey.com