កីឡាអន្តរជាតិ
អន្តរជាតិ
Spurs តាមវែកមុខអ្នកដែលរើសអើងជាតិសាសន៍ដាក់ Son Heung-min
× ក្លិប Tottenham Hotspur កំពុងបើកការស៊ើបអង្កេតលើករណីរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្ររបស់ខ្លួនម្នាក់ទៅលើខ្សែប្រយុទ្ធកំពុងឡើងជើង Son Heung-min អំឡុងការប្រកួតដែល Spurs ចាញ់ Manchester United ១-០ នៅថ្ងៃទី១៣ ខែមករា ក្នុងក្របខណ្ឌ Premier League។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិបរហស្សនាមមាន់ខ្នាយមាស បានបញ្ជាក់នៅថ្ងៃ១៤ ខែមករានេះថាពួកគេកំពុងស៊ើបអង្កេតបន្ទាប់ពីអ្នកគាំទ្រខ្លួនម្នាក់លោក James Dickens រាយការណ៍ថាលោកបានប្រឈមមុខជាមួយអ្នកគាំទ្រម្នាក់ទៀតនៅកីឡដ្ឋាន Wembley ជុំវិញការរំលោភបំពានបែបរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son។
លោក Dickens បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា៖ «ខ្ញុំមិនធ្លាប់ជួបប្រទះនឹងការរើសអើងជាតិសាសន៍ក្នុងកីឡាបាល់ទាត់រយៈពេលប្រមាណ ១៥ ឆ្នាំមកហើយ។ ប៉ុន្តែថ្ងៃនេះ គឺគួរឲ្យចង់សើចណាស់។ Spurs បានទាក់ទងមកខ្ញុំ ហើយខ្ញុំនឹងធ្វើការជាមួយពួកគេដើម្បីស្វែងរកម្នាក់នោះ។ ខ្ញុំមិនអាចឈរទ្រាំនឹងការរើសអើងជាតិសាសន៍បែបនេះនោះទេ ហើយខ្ញុំក៏មិនអនុញ្ញាតិឲ្យម្នាក់នោះរួចខ្លួនដែរ បើមិនដូច្នោះទេវានឹងកាន់តែអាក្រក់ទៅៗ»។
កាលពីខែមុនលោក Mauricio Pochettino អ្នកចាត់ការទូទៅ Spurs បាននិយាយដែរថា លោកចង់បញ្ចប់ឥរិយាបថមិនល្អ និងការរើសអើងពូជសាសន៍ក្នុងសកម្មភាពកីឡារបស់អ្នកគាំទ្រមួយចំនួនបន្ទាប់ពីពួកគេបានបោះសំបកចេកទៅលើទីលានអំឡុងក្រុមរបស់លោកបរាជ័យ ៤-២ នៅលើទឹកដី Arsenal។
មួយវិញទៀត ជុំវិញករណីដូចគ្នានេះដែរ Chelsea ក៏បានហាមអ្នកគាំទ្រខ្លួន៣នាក់មិនឲ្យចូលរួមទស្សនាការប្រកួតបន្តទៀត បន្ទាប់ពីពួកគេបានស្រែកជេរបែបប្រកាន់ជាតិសាសន៍ទៅលើកីឡាករ Raheem Sterling អំឡុងការប្រកួតដែលតោខៀវយកឈ្នះ Manchester City ២-០ ក្នុងក្របខណ្ឌ Premier League កាលពីខែធ្នូកន្លងទៅ។
Son បច្ចុប្បន្នកំពុងស្ថិតនៅប្រទេសអេមីរ៉ាតអារ៉ាប់រួមដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងក្នុងយុទ្ធនាការដណ្តើមពានរង្វាន់កីឡាប្រចាំតំបន់អាស៊ី AFC Asian Cup ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
រើសអើងជាតិសាសន៍
Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com