កីឡាអន្តរជាតិ
អន្តរជាតិ
Chhetri ស្ថិតនៅ​ចន្លោះ Ronaldo និង Messi ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ឲ្យ​ជម្រើសជាតិ​
15, Jan 2019 , 9:19 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្មើ​ម​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ឥណ្ឌា Sunil Chhetri បាន​ក្លាយជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ជម្រើសជាតិ​ច្រើនជាងគេ​លំដាប់​ទី ២ បន្ទាប់ពី Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គា​ល់ តែ​នាំមុខ​កីឡាករ​អា​ហ្ស​ង់​ទីន Lionel Messi​។​


 
Chhetri ជា​អ្នក​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​បើកឆាក​ពូ​ល A ដោយ​យកឈ្នះ​ថៃ ៤-១ នៃ​ការប្រកួត​ពានរង្វាន់ AFC Asian Cup 2019 ក្នុង​ក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ បើទោះបី​មិនអាច​នាំ​ឥណ្ឌា​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​ក្តី ប៉ុន្តែ ២​គ្រាប់​នោះបាន​ជួយ​ឲ្យ​សមាជិក​ក្លិប Bengaluru FC កើន​គ្រាប់​ស៊ុត​ដល់​ទៅ ៦៧​គ្រាប់​នាំមុខ Messi សមាជិក​ក្រុម Barcelona ដែល​រកបាន​៦៥​គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ​។​
 
​កីឡាករ​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនជាង Chhetri គឺ Ronaldo ។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Juventus វ័យ​៣៤​ឆ្នាំ រូបនេះ សម្រេច​ទី​ឲ្យ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​សរុប​៨៥​គ្រាប់​ឯណោះ​។​
 
​បើ​ទោះ​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើន​លំដាប់​ទី​២​ក៏ដោយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ ដែល​ជាប់​ជម្រើសជាតិ​ឥណ្ឌា​តាំងពី​ឆ្នាំ​២០០៥​រូបនេះ មិន​ហ៊ាន​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​កំពូល Super Star លំដាប់​ពិភពលោក​ទាំងពីរ​នោះឡើយ​។​
 
«​មិនមាន​ការប្រៀបធៀប​អ្វី​ទាំងអស់​រវាង​ខ្ញុំ​និង Messi ឫ Ronaldo នោះឡើយ ប៉ុន្តែ​ខ្ញុំ​ពិត​ជាមាន​កិត្តិយស​ខ្លាំងណាស់​ដែល​ស្ថិតក្នុង​ចំណោម​អ្នក​ទាំងពីរ​។ ខ្ញុំ​មិន​គិតថា​វា​ជា​គ្រាប់​បាល់​ដែល​ខ្ញុំ​រកបាន​សម្រាប់​ប្រទេស​របស់ខ្ញុំ​នោះទេ​។ រាល់​ពេលដែល​ខ្ញុំ​មានឱកាស គឺ​ខ្ញុំ​តែងតែ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​សម្រេច​ទី​»​។ Chhetri លើកឡើង​ដូច្នេះ​។​
 
​ឥណ្ឌា​បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Asian Cup លើក​ទី​១៧ ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល ដ្បិត​រកបាន​៣​ពិន្ទុ ស្ថិតនៅ​បាត​តារាង​ពូ​ល A ក្រោយ​ឆ្លងកាត់​ការប្រកួត​សរុប​ទាំង​៣​លើក​៕
65 Goals 
 

Tag:
 ​បាល់ទាត់​
  Sunil Chhetri
  Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com