ម្ចាស់ការពារជើងឯកអូស្ត្រាលីជាក្រុមទី២ពីពូល B បន្ទាប់ពីហ្សកដានីដែលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ AFC Asian Cup ឆ្នាម២០១៩ ដោយការយកឈ្នះស៊ីរីក្នុងលទ្ធផល ៣-២ នាការប្រកួតលើកចុងក្រោយ នៅថ្ងៃទី ១៥ ខែមករា។
អូស្ត្រាលីជាអ្នកបើកការនាំមុខមុននៅនាទី៤១ ដែលធ្វើបានដោយកីឡាករ Awer Mabil មុនពេលស៊ីរីរកគ្រាប់បាល់តាមស្មើវិញនៅ២នាទីបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Omar Khribin។
ឈានដល់តង់ទី២មិនទាន់បាន១០នាទីស្រួលបួលផង ក្រុមរហស្សនាម Socceroos បានបន្តការនាំមុខម្តងទៀតពីការសម្រេចទីរបស់កីឡាករ Christopher Ikonomidis។ ក្រុមទាំងពីរបន្តវាយសម្រុកគ្នាទៅវិញទៅមករហូតលោកអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទី១១ម៉ែត្រដល់ស៊ីរីនៅនាទី៨០ដែលកីឡាករ Omar Al Somah ជាអ្នកបំប៉ោងសំណាញ់ទីតាមស្មើ ២-២។
ការប្រកួតបានឈានចូលដល់នាទី៩០ទៅហើយខ្សែបម្រើ Tom Rogic ដែលលេងឲ្យក្លិប Celtic នៃលីគកំពូលស្កុតឡែន ស៊ុតពីចម្ងាយយ៉ាងល្អដើម្បីជួយឲ្យអូស្ត្រាលីយកឈ្នះស៊ីរីក្នុងលទ្ធផលផ្លូវការ ៣-២។
ជ័យជម្នះ ៣-២ នេះបាននាំអូស្ត្រាលីស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងពូល B មាន៦ពិន្ទុ ប៉ុន្តែពួកគេបានបញ្ចប់ស៊ីរីមិនឲ្យឆ្លងផុតវគ្គចែកពូលសម្រាប់ព្រឹត្តិការណ៍នេះដ្បិតមានតែ១ពិន្ទុឈរនៅបាតតារាងក្រោយឆ្លងកាត់ការប្រកួតទាំង៣លើក។
ការប្រជែងគ្នារវៀងកីឡាករហ្សកដានី និងប៉ាឡេស្ទីន
ចំណែកជំនួបរវាងហ្សកដានី និងប៉ាឡេស្ទីនបានបញ្ចប់ទៅក្នុងលទ្ធផលសូន្យស្មើ។ ហ្សកដានីឈរនៅកំពូលតារាងពូល B មាន៧ពិន្ទុ ខណៈប៉ាឡេស្ទីនមាន២ពិន្ទុនៅលេខរៀងទី៣ ប៉ុន្តែនៅមានឱកាសយកលេខ៣ល្អបំផុតជាមួយក្រុមនៃពូលផ្សេងទៀតដើម្បីឡើងទៅវគ្គបន្ត៕