ជាតិ
សង្គមជាតិ
ស៊ុយអែត​ផ្តល់​ថវិកា ១០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​វិស័យ​អបរំ​
16, Jan 2019 , 4:14 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ស៊ុយអែត បានផ្តល់​ជំនួយ​ថវិកា​ក្នុង​ទឹកប្រាក់ ១០​លាន​ដុល្លា​អាមេរិក លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​បែប​វិទ្យាសាស្ត្រ រយៈពេល​៤​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​។

 
​លោកស្រី AnnaMaria Oltorp ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​នៃ ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ស៊ុយអែត បាន​លើកឡើងថា ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ គឺជា​សសរ​ស្ត​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ គម្រោង​នេះ​នឹង​ជួយ​កសាង​សមត្ថភាព​លើ​វិស័យ​វិទ្យាសាស្ត្រ​ជាច្រើន ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ 
 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​បាន​មើលឃើញ​អំពី​សារៈសំខាន់​នៃ​ការសិក្សា​ជាន់ខ្ពស់ និង​ការស្រាវជ្រាវ​នេះ​។ លោក​បាន​កោត​ស​សើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ស្រាវជ្រាវ​នេះ ដែល​បានបង្ហាញ​ពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ទាំងពីរ​នៅក្នុង​វិស័យ​អប់រំ​។​
  
​តំណាង​រដ្ឋាភិបាល​ស៊ុយ​អ៊ែត បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា​គាំទ្រ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​កសាង​សម្ថ​ភាព​ផ្នែក​ស្រាវជ្រាវ​ឲ្យ​មាន​គុណភាព​ខ្ពស់ នៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៩​នេះ​។​
 
​គួរ​បញ្ជាក់ថា ប្រទេស​ស៊ុយអែត បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​គាំទ្រ​លើក​ការបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ផ្នែក​គីមីវិទ្យា រូបវិទ្យា និង​គណិតវិទ្យា អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ  ៕ 

Tag:
 អប់រំ​
  ភូមិន្ទ​ភ្នំពេញ​
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com