ជាតិ
កសិករ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​មណ្ឌលគិរី ២​រូប ទៅ​ទស្សនកិច្ច​ចម្ការ​កាហ្វេ​នៅ​ទី​ម័​រ​ខាងកើត​
17, Jan 2019 , 11:13 am        
រូបភាព
​ភ្នំពេញ​៖ អង្គការ​សេ​ដាក បាន​នាំ​ជនជាតិដើម​ភាគតិច​ព្នង ឬ​ពូ​នង ដែលជា​កសិករ​ដាំ​កាហ្វេ​សរីរាង្គ​នៅ​ខេត្តមណ្ឌលគិរី ២​នាក់ ទៅ​ទស្សនកិច្ច​ចម្ការ​កាហ្វេ Arabica នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​។ ទស្សនកិច្ច​នេះ​និង​រៀបចំ​ដោយ​អង្គការ YCMA និង PEACE COFFEE ទី​ម័​រ​ខាងកើត និង​សហការ​ឧបត្ថម្ភ​ដោយ Koica និង​បានចាប់ផ្តើម​ពីថ្ងៃ​ទី ១៥-១៧ មករា​។​

 
​ជនជាតិដើម​ភាគតិច​ព្នង​២​នាក់ គឺ​លោក រ៉ូ​យ ទើប និង​លោក ព្រូ ថា បាន​ទៅ​ទស្សនា​ចម្ការ​កាហ្វេ Arabica នៅ​ប្រទេស​ទី​ម័​រ​ខាងកើត ជាមួយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក និង​លោក យស ចាន់ថា ម្ចាស់​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។ កសិករ​ទាំង​២​នាក់ គឺ​អ្នកជា​អ្នក​ដាំ​កាហ្វេ​សរីរាង្គ នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ 


 
​លោក​បណ្ឌិត យ៉ង សាំង​កុមារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុង​បំណង​ឲ្យ​កសិករ​ជនជាតិដើម​ភាគតិច​រៀន​ពី​របៀប​ដាំ​ដុះ​,​ការប្រមូល​ផល​,​ការកែច្នៃ​កាហ្វេ និង​ការកសាង​សង្វាក់​ទីផ្សារ រួមទាំង​ពង្រឹង​ការសហការ រវាង​កសិករ​ដាំ​កាហ្វេ​ក្នុង​តំបន់​អាស៊ាន​។ 


 
​បើតាម​លោក​បណ្ឌិត យ៉ង សាំង​កុមារ កាហ្វេ Arabica នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​នេះ ត្រូវបាន​ដាំ​ដុះ​តាមបែប​ធម្មជាតិ​ក្នុងព្រៃ នៅ​តំបន់​មាន​រយៈកម្ពស់​ខ្ពស់ជាង ១,២០០​ម៉ែត្រ ដែលមាន​អាកាសធាតុ​ត្រជាក់ និង​សំណើម​ខ្ពស់​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ សេ​ដាក គ្រោង​អញ្ជើញ​កសិករ​ដាំ​កាហ្វេ​នៅ​ទី​ម័​រ​ខាងកើត មក​ទស្សនកិច្ច​ចម្ការ​កាហ្វេ​នៅ​កម្ពុជា​វិញ​ដែរ​។​


 
​សូមបញ្ជាក់ថា ប្រទេស​ទី​ម័​រ​ខាងកើត មាន​អំណោយផល​សម្រាប់​ដំណាំ​កាហ្វេ​ប្រភេទ Arabica ដោយសារតែ​តំបន់​នោះ​មាន​រយៈកម្ពស់​ខ្ពស់ និង​ត្រជាក់​ខ្លាំង ខណៈ​ខេត្តមណ្ឌលគិរី របស់​កម្ពុជា មាន​អំណោយផល​លើ​កាហ្វេ​ប្រភេទ Robusta​។ កាហ្វេ Robusta មាន​គ្រាប់​មាន​រាង​ពងក្រពើ ហើយ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្លាំង ជាង​កាហ្វេ Arabica ទ្វេដង​។ ចំណែក​កាហ្វេ Arabica វិញ មាន​រសជាតិ​ជូរ និង​មាន​គ្រាប់​រាង​មូល​៕

Tag:
 កសិកម្ម​
  កសិករ​
  ជនជាតិដើម​ភាគតិច​
  កាហ្វេ​
  ទី​ម័​រ​
© រក្សាសិទ្ធិដោយ thmeythmey.com