ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ គ្រោង​ដូរ​ទីតាំង​ថ្មី នៅ​ផ្លូវ ជា សុផារ៉ា ដែលមាន​ទំហំ​ដី​ជិត​៤​ហិកតា​
17, Jan 2019 , 12:15 pm        
រូបភាព
​រដ្ឋាភិបាល យល់ព្រម​ឲ្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្តូរ​ទៅ​ទីតាំង​ថ្មី ដែលមាន​ទំហំ​ដី​៣,៩៣​ហិកតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ជា សុផារ៉ា​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចុះ​តាំងពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​មកម្ល៉េះ តែ​ទើបនឹង​ត្រូវបានផ្សព្វផ្សាយ​។


 
​ទីតាំង ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទីស្តីការ​ថ្មី​របស់​ក្រសួង​សាធារណការ គឺជា​អតីត​ទីតាំង​របស់​អគ្គ​នាយកដ្ឋាន​ដឹកជញ្ជូន​។ ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់​ក្នុង​សេចក្តីសម្រេច​ថា ការយល់ព្រម​នេះ គឺ​យោងតាម​លិខិត​ស្នើសុំ​របស់​ក្រសួង​សាធារណការ និង ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​បើតាម​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដដែល ទីតាំង​ថ្មី ដែល​ក្រសួង​សាធារណការ គ្រោង​ប្តូរ​លើកដំបូង គឺ​នៅ​អូរ​ដឹ​ម​ឯណោះ​ទេ ដែលមាន​ទំហំ​ដី​ដល់​ទៅ​ជាង​១១​ហិកតា​។ ប៉ុន្តែ ក្រោយមក ក៏មាន​ការសម្រេចចិត្ត​ជាថ្មី ដោយ​ប្តូរ​ពី​អូរ​ដឹ​ម ទៅ​ផ្លូវ ជា សុផារ៉ា វិញ​។ 
 
​លោក វ៉ា​ស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ ពុំទាន់​អាច​បកស្រាយ​បានឡើយ​ថា ការផ្លាស់ប្តូរ​ទីតាំង​ថ្មី​នេះ នឹងត្រូវ​ធ្វើឡើង​នៅពេលណា ហើយ​ទាក់ទង​នឹង​ព័ត៌មាន​ផ្សេងទៀត ក៏​លោក សុំ​មិន​អត្ថាធិប្បាយ​ដែរ ដោយ​លោក អះអាងថា មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​។ លោក គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា ខ្លឹមសារ​ក្នុង​លិខិត​នោះ គឺ​មានន័យ​គ្រប់គ្រាន់​ហើយ​។  
 
​ចំណែក ក្នុង​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​ពុំបាន​បង្ហាញ​ពី​ការចំណាយ​ក្នុងការ​ប្តូរ​ទីតាំង​ថ្មី​នេះដែរ​។ ប៉ុន្តែ សេចក្តីសម្រេច​នេះ បញ្ជាក់ថា តម្លៃ​នៃ​ការដោះដូរ​នេះ ត្រូវមាន​ការឯកភាព​ពី​គណៈកម្មការ​ឯកជន​ភា​វូប​នីយកម្ម​។ 
 
​សូមបញ្ជាក់ថា ទីតាំង​ប​ច្ចុ​ប​ន្ប​ន្ន​របស់​ក្រសួង​សាធារណការ គឺ​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​៕ 
 

Tag:
 ក្រសួង​សាធារណការ​
  ដូរ​ទីតាំង​
© រក្សាសិទ្ធិដោយ thmeythmey.com