Cristiano Ronaldo បានក្លាយជាវីរបុរសរបស់ Juventus ដោយជួយក្រុមយកឈ្នះ AC Milan ១-០ ដើម្បីលើកពាន Super Cup ជាលើកទី៨ និងជាពានដំបូងដែលពួកគេទទួលបានប្រចាំរដូវកាលនេះផងដែរ។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន King Abdullah Sports City ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតនៅរាត្រីថ្ងៃទី១៦ ខែមករា ខ្សែប្រយុទ្ធឆ្នើម Ronaldo ជាអ្នករកគ្រាប់បាលជ័យជម្នះឲ្យក្រុមរហស្សនាមសេះបង្កង់ដោយប្រើក្បាលតែតបញ្ចូលទី ដែលរួមចំណែកបញ្ចូនបាល់ (Assist) ដ៏ល្អពីខ្សែបម្រើ Miralem Pjanic។
មួយគ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៣ឆ្នាំនេះ បាននាំឲ្យ Juventus លើកពាន Super Cup លើកទី៨ និងជាការបំបែកកំណត់ត្រាក្នុងនាមក្លិបដែលឈ្នះពាននេះច្រើនជាងគេ ខណៈដែល AC Milan ឈ្នះ ៧លើក។
បើយោងតាមការផ្សព្វផ្សាយពីចំនួនអ្នកចូលទស្សនាក្នុងជំនួបរវាងក្រុមយក្សអ៊ីតាលីទាំងពីរនេះ បើទោះបីមានការរឹតត្បិតយ៉ាងនេះក្តី ប៉ុន្តែតួលេខបង្ហាញថាមានស្ត្រីដល់ទៅ ១៥០០០នាក់ស្ថិតក្នុងកីឡដ្ឋាន King Abdullah Sports City នោះក្នុងចំណោមអ្នកចូរួមសរុប៦១០០០នាក់៕