ជាតិ
សង្គមជាតិ
សម្តេច ស ខេង​៖ សង្គម​ស៊ីវិល ចូលចិត្ត​លាប​ពណ៌​លើ​រដ្ឋាភិបាល​
17, Jan 2019 , 8:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
​អង្គការ​សង្គម​ស៊ីវិល​ខ្លះ បាន​ចោទថា រដ្ឋ​ភិ​បាល ពុំមាន​ឆន្ទៈ និង​ភាពស្មោះត្រង់​លើ​ភាពជា​ដៃគូ​ជាមួយ​ខ្លួន​។ សង្គម​ស៊ីវិល​ខ្លះ បាន​លើកឡើងថា ខ្លួន​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល និង​ខ្លះទៀត ចោទ​រដ្ឋាភិបាល ថា​មាន​ស្តង់ដារ​ពីរ ក្នុងការ​អនុវត្ត​ច្បាប់​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​២ នា​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។


 
​សម្តេច ស ខេង  បាន​អះអាងថា កា​រៀបចំ​ឲ្យ​មាន​វេទិកា​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នេះ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ក្នុងការ​កែលម្អ ពិភាក្សាគ្នា​ឲ្យ​បាន​ទូលំទូលាយ កុំ​ឲ្យ​មានការ​យល់ច្រឡំ​គ្នា​តទៅទៀត​។ រដ្ឋមន្ត្រី​រូបនេះ បន្តថា កន្លងមក មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​លាប​ពណ៌​លើ​រដ្ឋាភិបាល​ថា​បាន​រំលោភ​សិទ្ធិសេរីភាព មិនមាន​ភាពស្មោះត្រង់ និង​ប្រើប្រាស់​ច្បាប់​អង្គការ​សង្គម​ស៊ីវិល រារាំង​សកម្មភាព​ខ្លួន និង​ដាក់ខ្លួន​ក្នុង​បញ្ជីខ្មៅ ជាដើម​។ 


រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
 
​សម្តេច ស ខេង បាន​ឆ្លើយតប​ថា ការចោទប្រកាន់​លើ​រដ្ឋាភិបាល​នេះ មិនមាន​មូលដ្ឋានគ្រឹះ​ត្រឹមត្រូវ​ទេ​។ លោក ទទួលស្គាល់ថា កា​អនុវត្ត​កន្លងមក មាន​ចំណុច​ខ្វះខាត និង​ច​ន្លេះ​ប្រហោង​ពិតមែន ប៉ុន្តែ​ជារួម​មិន​ពិត​តាម​ភាពជាក់ស្ដែង​ឡើយ​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ការប្រើ​ពាក្យ​បែបនេះ ប្រហែលជា​ធ្ងន់​បន្តិច ព្រោះ​អត់​មាន​ឆន្ទៈ​ហើយ បូក​និង​មិន​ស្មោះត្រង់​ទៀត​។ អត់​មានធម៌​អី​និយាយ​ទៀត អ៊ីចឹង​ក្នុង​វេទិកា​ហ្នឹង ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ពុំមាន​ឆន្ទៈ​យ៉ាងដូចម្តេច ហើយ​មិនមាន​ភាពស្មោះត្រង់​យ៉ាងដូចម្តេច សូម​និយាយ​គ្នា​ឲ្យ​ច្បាស់ បើ​មិន​ដូច្នេះ​ទេ ការដាក់បន្ទុក​នេះ ពាក្យ​ហ្នឹង វា​ធ្ងន់​ណាស់ ធ្ងន់​មែនទែន ស្ទើ​តែ​អត់​សូន្យ ស្មើ​សូន្យ​។ ខ្ញុំ​យល់ថា មិន​ស្រប​នឹង​ភាពជាក់ស្តែង ទោះបីថា​ច​ន្លេះ​ប្រហោង ចំណុច​ខ្វះខាត​ខ្លះ ក្នុង​កិច្ចសហប្រតិបត្តិការ វា​អាចមាន ដោយ​អន្លើ តាម​តំបន់ តាម​ទីកន្លែង បើ​និយាយ​ជារួម​ថា រដ្ឋាភិបាល​ពុំមាន​ឆន្ទៈ និង​មិនមាន​ភាពស្មោះត្រង់ អាហ្នឹង​ប្រែ​មក​ថា​ចប់​ហ្មង​»​។ 
 
​សម្តេច ស ខេង បាន​ឲ្យ​ដឹងផង​ដែរ​ថា ច្បាប់​ដែល​អនុវត្ត​រាល់ថ្ងៃ គឺ​បាន​យក​មកពី​បណ្ដា​ប្រទេស​ជាង​២០ ក្នុង​ពិភពលោក ដែល​ស្របតាម​ស្តង់ដារ​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល នៅតែ​ថា​មិនទាន់​គ្រប់​ស្ដង់ដារ​។ សម្តេច បន្តថា ច្បាប់​នៅ​កម្ពុ​ជាមាន​ភាព​ធូររលុង បើ​ធៀប​ទៅនឹង​អាមេរិក​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជាក់​បែបនេះ​ថា​៖«​ច្បាប់​យើង ធូរ​ណាស់​ហើយ បើតាម​ស្ដង់ដារ​មែនទែន NGO ណា​ដែល​ទទួល​លុយ​ពី​ក្រៅប្រទេស​នោះ ចាត់ទុកថា​ជា NGO បរទេស​។ តើ​កម្ពុជា​យើង​មាន​ទេ​... អត់​ទេ​... អត់​ដែល​ចាត់ទុក​បងប្អូន​ខ្មែរ​យើង​ដែល​រៀបចំ NGO ហើយ​អំពាវនាវ​លុយកាក់​ពី​ក្រៅ​មក ចាត់ទុកថា​ជា NGO បរទេស​ទេ អត់​ទេ​...​នៅក្នុង​ច្បាប់​យើង​មិនមាន​ទេ ប៉ុន្តែ​នៅ​អាមេរិក​មាន បើ​ចង់បាន​ស្ដង់ដារ​មានតែ​ទៅ​អ៊ីចឹង​ដែរ​»​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ដែល​ក្រសួងមហាផ្ទៃ បាន​ចុះ​ក្នុង​បញ្ជី មាន​ជាង​៥,០០០​អង្គការ​៕ 
 
 

Tag:
 ស ខេង​
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com