កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្មោះ Muhammad Ali ត្រូវបានដាក់បញ្ចូលក្នុងឈ្មោះអាកាសយានដ្ឋាននៅ Louisville
× ព្រលានយន្តហោះដែលស្ថិតក្នុងក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក នឹងត្រូវបញ្ចូលឈ្មោះរបស់កំពូលអ្នកប្រដាល់សកលអាមេរិក Muhammad Ali ដែលបានស្លាប់កាលពីឆ្នាំ ២០១៦ ក្នុងអាយុ៧៤ឆ្នាំ។ ការប្តូរឈ្មោះនេះគឺជាការបង្ហាញការដឹងគុណចំពោះភាពល្បីល្បាញរបស់ Ali ដែលនាំវិស័យកីឡាប្រដាល់អេមេរិកមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។
ឈ្មោះថ្មីរបស់អាកាសយានដ្ឋាននោះគឺ Louisville Muhammad Ali International Airport ដែលប្តូរពី Louisville International Airport។ នេះបើតាមការប្រកាសផ្លូវការរបស់មន្ត្រីក្នុងក្រុង Louisville នៅថ្ងៃទី១៦ ខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមប្រឹក្សាភិបាលអាកាសយានដ្ឋាននិយាយថា «ការបោះឆ្នោតនេះគឺមានន័យណាស់» ដើម្បីទទួលស្គាល់កេរ្តិ៍ដំណែលរបស់ Ali ដែលមានកំណើតនៅ Louisville នេះផ្ទាល់ ដោយយកឈ្មោះលោកដាក់ឈ្មោះព្រលានយន្តហោះដើម្បីផ្តល់កិត្តិយសដល់គាត់។
អភិបាលក្រុង Louisville លោក Greg Fischer បានសរសេរលើគណនី tweeter ដែរថា៖« Muhammad Ali ជារបស់ពិភពលោក ប៉ុន្តែគាត់មានតែស្រុកកំណើតតែប៉ុណ្ណោះ។ ការសម្រេចចិត្តប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Louisville Muhammad Ali គឺជាបំណែកដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជាការរំលឹកគុណដល់គាត់»។
Ali កើតនៅ Louisville រដ្ឋ Kentucky នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ១៩៤២ ដែលមានឈ្មោះដើមថា Cassius Marcellus Clay Jr ប៉ុន្តែក្រោយកីឡាករប្រដាល់ធ្លាប់មានប្រវត្តិប្រកួត ៦១លើក ឈ្នះ៥៦ ចាញ់៥ និងផ្តួលដៃគូឲ្យសន្លប់៣៧នេះ បានផ្លាស់ប្តូរឈ្មោះទៅជា Muhammad Ali វិញ បន្ទាប់ពីលោកបានប្រែចិត្តជឿសាសនាអ៊ីស្លាម។
Ali បានស្លាប់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅអាយុ៧៤ឆ្នាំ មុនពេលលោករស់នៅត្រាំត្រែងជាមួយជំងឺញ័រដៃញ័រជើងអស់រយៈពេល៣២ឆ្នាំ៕
Tag:
ប្រដាល់
Muhammad Ali
© រក្សាសិទ្ធិដោយ thmeythmey.com