កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ «គ្មានអ្នកណាដឹងរឿងនៅក្រោយឆាករបស់ Man Utd ឡើយ»
× លោក Jose Mourinho នៅតែនិយាយការពារកំណត់ត្រាល្អៗរបស់លោកនៅ Manchester United ដោយការប្រលយពាក្យជុំវិញរឿងរ៉ាវអំឡុងការដឹកនាំរបស់ខ្លួនថា «គ្មាននរណាដឹងថាមានអ្វីដែលកំពុងកើតឡើងនៅពីក្រោយឆាក»ក្នុងទឹកដី Old Trafford ឡើយ។
អ្នកចាត់ការរហស្សនាម Special One ត្រូវបាន Man Utd បញ្ចប់តំណែងជាអ្នកចាត់ការទូទៅកាលពីខែធ្នូ បន្ទាប់ពីដឹកនាំក្រុមចាញ់ Liverpool ៣-១ និងតាមពីក្រោយក្រុមនេះរហូត ១៩ ពិន្ទុ នៃការប្រកួតក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលទី៣របស់លោក។
Mourinho ធ្លាប់ជួយបិសាចក្រហមឈ្នះពានរង្វាន់ EFL Cup និងពានរង្វាន់ Europa League នៅក្នុងការដឹកនាំឆ្នាំដំបូងរបស់លោក និងនាំឲ្យ Man United បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ សម្រាប់រដូវកាលបន្ទាប់។ ប៉ុន្តែដោយសារការចាប់ផ្តើមរដូវកាល ២០១៨-២០១៩ មិនបានល្អ បើទោះបីក្រុមសម្បូរទៅដោយកីឡាករល្អៗនោះ ទើបក្លិបសម្រេចបញ្ចប់តំណែងលោកតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយអ្នកចាត់ការ វ័យ៥៥ឆ្នាំ ដែលធ្លាប់នាំ Porto, Chelsea, Real Madrid និង Inter Miland ឈ្នះពានក្របខណ្ឌលីគកំពូល រួមទាំង Champions League ពីរដងផងនោះ នៅតែនិយាយដដែលៗថា មិនមែនសុទ្ធតែមានអ្នកល្អនៅ Man Utd នោះទេ។
«ខ្ញុំគិតថាពេលខ្លះយើងធ្វើអត្ថាធិប្បាយលើអ្វីដែលយើងបានឃើញ ប៉ុន្តែមិនដឹងថាអ្វីដែលនៅក្រោយឆាក ហើយយើងមើលមិនឃើញនោះវាមានឥទ្ធិពលប៉ុណ្ណានោះទេ»។ Mourinho ប្រាប់ beIN SPORTS ដូច្នេះ។
លោកបន្ថែមថា៖«ខ្ញុំគិតថាវាគឺជារឿងសំខាន់ប្រសិនបើខ្ញុំប្រាប់អ្នក ឧទាហរណ៍ថាខ្ញុំគិតថាការដឹកនាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំដើម្បីឲ្យ Manchester United បានចំណាត់ថ្នាកទី២ក្នុងក្របខណ្ឌ Premier League នោះ អ្នកប្រាកដជានិយាយថា បុរសម្នាក់នេះឆ្កួតមិនខាន។ ២៥ ពាន និងតំណែងទីពីរ គឺជាសមិទ្ធផលដ៏ល្អបំផុតរបស់គាត់នៅក្នុងវិស័យកីឡាបាល់ទាត់»។
Mourinho នៅតែអះអាងដូច្នេះថា លោកនៅតែបន្តនិយាយរឿងនេះព្រោះមិនមាននរណាដឹងថាមានអ្វីកើតឡើងនៅពីក្រោយឆាកនោះទេ។
បើតាមកាសែតកីឡាល្បីៗជុំវិញពិភពលោកផ្សាយថា Mourinho ដែលនឹងឈានដល់វ័យ៥៦ឆ្នាំនៅប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវបានក្លិបចាស់ Real Madrid និង InterMilan ចង់បានលោកត្រឡប់ទៅដឹកនាំវិញផងដែរ៕
Tag:
បាល់ទាត់
Jose Mourinho
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com