ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត បោះបង្គោលព្រំដីរដ្ឋ ដើម្បីទប់ស្កាត់ការទន្ទ្រានដី រូបពីហ្វេសប៊ុករបស់លោក ជា សុផារ៉ា
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត និង គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ពង្រឹងការគ្រប់គ្រងថែរក្សាដីរដ្ឋ និងការពារកុំឲ្យមានការទន្ទ្រានពីក្រុមខិលខូច យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
លោក ជា សុផារ៉ា បាននិយាយថា អង្គភាពពាក់ព័ន្ធត្រូវផ្ដល់ទិន្នន័យដីរដ្ឋ ដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់គ្រប់គ្រងរបស់ខ្លួន ដាក់បញ្ចូលក្នុងផែនទីរួម ហើយរៀបចំបោះបង្គោលព្រំដី និងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណៈជន សំដៅរួមគ្នាការពារដីរដ្ឋសម្រាប់ទុកជាប្រយោជន៍រួម។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បាននៅឡើយទេ។ ប៉ុន្តែតាមរយៈកិច្ចសម្ភាសដល់វិទ្យុជាតិកម្ពុជា លោក សេង ឡូត បានបញ្ជាក់ថា បច្ចុប្បន្នតំបន់ដីរដ្ឋមួយចំនួនត្រូវបាន ជនខិលខូចរុករានទន្ទ្រានដោយខុច្បាប់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូចជាដីព្រៃ ដីជលផល ដីចំណីឆ្នេរ បឹង ព្រែក នឹងដីផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យប៉ៈពាល់ដល់ទ្រព្យសម្បតិ្តជាតិ និងផលប្រយោជន៍សាធារណៈ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានប្រាប់ទៅគណៈអភិបាលរាជធានី ខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដោយសង្កត់ធ្ងន់ថា មិនត្រូវចេញប័ណ្ណកម្មសិទ្ធដីខុសច្បាប់ទាំងនោះឡើយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com