អ្នកអាចធ្លាប់ឆ្ងល់ ឬបានជួបប្រទះសំណួរមួយនេះ៖«តើមូលហេតុអ្វីបានជាយន្តហោះដឹកអ្នកដំណើរ មិនឲ្យអ្នកដំណើរប្រើប្រាស់ឆត្រយោងពេលមានអាសន្នលើអាកាស?»
មុននឹងឆ្លើយសំណួរខាងលើ គេត្រូវដឹងខ្លះៗពីកីឡាលោតពីលើយន្តហោះ ឬភាសាអង់គ្លេសហៅថា «Sky diving» ជាមុនសិន។ កីឡាលោតពីលើយន្តហោះជាកីឡាមួយដែលត្រូវបានស្មារតី និងអារម្មណ៍មាំមួន ជាពិសេសអ្នកដែលមានសុខភាពល្អ រួមទាំងភាពឈ្លាសវៃផងដែរ។
អ្នកដែលចង់ចូលរួមលេងក្នុងកីឡានេះ ត្រូវការការហាត់សមជាច្រើនម៉ោងក្នុងបន្ទប់ពិសេសដែលមានកង្ហារមួយធំនៅពីក្រោម (Wind Tunnel) ។ គេប្រើកង្ហារធំមួយនេះដោយបាញ់ខ្យល់ដ៏ខ្លាំងឡើងលើ ដើម្បីអ្នកហាត់អាចហោះ ប្រៀបបានដូចជាគេកំពុងធ្លាក់ពីលើអាកាសដែរ។
ក្រោយពីហាត់រួច អ្នកកីឡាទាំងនោះភាគច្រើនលោតពីលើយន្តហោះតូចៗក្នុងល្បឿនប្រមាណចន្លោះពី១០០ទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ឯរយៈកម្ពស់វិញគឺប្រហែលជា ៣០០០ម៉ែត្រពីដី។ ទោះបីជាអ្នកនោះទើបតែបានរៀនហើយក៏ពិតមែន អ្នកទាំងនោះនៅតែត្រូវបានអ្នកបង្ហាត់នៅជិតខ្លួន
ជានិច្ចក្នុងពេលលោត។ ចំណែកឯឧបករណ៍ដែលគេប្រើប្រាស់សម្រាប់ហាត់មានតម្លៃចាប់ពី៥០០០ទៅ៩០០០ដុល្លារ។
បើក្រឡេកមកមើលយន្តហោះដឹកអ្នកដំណើរធុនកណ្តាលវិញ ដូចជា Boeing 787 ឬ Airbus A320 ដែលផ្ទុកមនុស្សបានប្រហែល ២០០នាក់។ តាមស្តង់ដារ យន្តហោះនេះត្រូវធ្វើដំណើរក្នុងល្បឿន៩៦០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ជាង១០០០០ ម៉ែត្រពីដី។ ស្តង់ដានេះត្រូវបានយន្តហោះទូទៅដែលហោះហើរពីភ្នំពេញទៅកាន់ម៉ាឡេស៊ីប្រើប្រាស់ញឹកញាប់។
គេគួរដឹងផងដែរថា ក្នុងពេលមានអាសន្ន មនុស្សមិនអាចមានអារម្មណ៍ល្អក្នុងការត្រៀមលោតឆត្រ ឬស្តាប់តាមការណែនាំរបស់អ្នកធ្វើការក្នុងយន្តហោះឡើយ។ វាកាន់តែលំបាកថែមទៀតបើអ្នកដំណើរនោះជាមនុស្សចាស់ ពិការ ឬមានកូនតូចទៅតាមជាមួយ។ នៅក្នុងយន្តហោះមិនមែនមានតែជាតិសាសន៍មួយនោះទេ។ ដូចនេះបើមានអ្នកណែនាំក្នុងការលោតឆ័ត្រ អ្នកណែនាំត្រូវចេះនិយាយច្រើនភាសា និងត្រូវការពេលច្រើនណាស់។ លើសពីនេះ បើក្រុមហ៊ុនអាកាសចរណ៍អាចផ្គត់ផ្គង់ឧបករណ៍ទាំងនោះបាន វានឹងធ្វើឲ្យយន្តហោះធ្ងន់ខ្លាំង។
ដោយហេតុថា ក្រុមហ៊ុនអាកាសចរណ៍តែងចង់កាត់បន្ថយទម្ងន់តាមតែអាចធ្វើបាន ក្នុងគោលបំណងសន្សំសំចៃសាំង និងបង្កើនប្រាក់ចំណេញ។ គេអាចស្រមៃបានថា មិនមែនជារឿងសាមញ្ញទេនៅពេលដែលអ្នកកំពុងតម្រង់ជួរជាមួយមនុស្សជាង២០០នាក់ទៀតដើម្បីលោតឆ័ត្រ។ ចំណែកយន្តហោះក៏មិនមែនតែជួបប្រទះបញ្ហានៅពេលមេឃស្រឡះរហូតនោះដែរ។ ពេលខ្លះគ្រោះថ្នាក់អាចកើតឡើងនៅកណ្តាលសមុទ្រ កណ្តាលព្រៃ ក្នុងអាកាសធាតុត្រជាក់ ឬពេលយប់មើលមិនឃើញជាដើម។
ទាំងអស់នេះអាចបង្ហាញឲ្យឃើញថា ការដាក់ឆត្រយោងលើយន្តហោះ ប្រហែលជាមិនមែនជារឿងងាយស្រួលសម្រាប់អ្នកដំណើរ និង ក្រុមហ៊ុនអាកាសចរណ៍នោះឡើយ៕