ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
រដ្ឋមន្ត្រី​មហាផ្ទៃ​៖ បើ​មិន​ទប់ស្កាត់ នឹងមាន​អ្នកស្លាប់​ជាង​៣​ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០២០
19, Jan 2019 , 4:39 pm        
រូបភាព
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោកប្រចាំឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោកប្រចាំឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
ដោយ: ថ្មីៗ
​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​ទេ គេ អាច​ប៉ាន់​ស្មានថា អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរ​ចរណ៍ នឹង​កើនឡើង​រហូតដល់​ជាង​៣​ពាន់​នាក់ ក្នុង​ឆ្នាំ​២០២០​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។


 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់​សម្តេច ស ខេង ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ទៅ​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​យើង ត្រូវ​រួមគ្នា​ទប់ស្កាត់ ដើម្បី​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​យើងទាំងអស់គ្នា​»​។ 
 
​ដើម្បី​ឲ្យ​ការងារ​របស់​គណៈកម្មកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៩ សម្រេចបាន​លទ្ធផល​ល្អ​ថែមទៀត រដ្ឋមន្ត្រី​មហាផ្ទៃ បានស្នើ​ដល់​ថ្នាក់ដឹកនាំ​ជាតិ និង​ថ្នាក់​រាជធានី​-​ខេត្ត ឲ្យ​បន្ត​អនុវត្តតាម​ទិសដៅ​ដែល​បាន​ដាក់ចេញ​ក្នុង​របាយការណ៍ និង​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ប្រកបដោយ​និរន្ត​ភាព តម្លាភាព ប្រសិទ្ធភាព និង​គណនេយ្យភាព ក្នុង​ស្មារតី​ប្តេជ្ញាចិត្ត​ទទួលខុសត្រូវ​ខ្ពស់​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល​។ 
 
​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា សម្តេច ស ខេង បានស្នើ​ដល់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​បង្កើន​ការផ្សព្វផ្សាយ​និង​ការអប់រំ​ពី​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឲ្យ​មាន​និរន្ត​ភាព ប្រសិទ្ធភាព ព្រមទាំង​ត្រួតពិនិត្យ​មន្ត្រីរាជការ​កងកម្លាំង និង​មន្ត្រីក្រោមឱវាទ អំពី​ការអនុវត្ត​ច្បាប់ និង​សីលធម៌​។ 
 
​លើសពីនេះ សម្តេច ស ខេង ថែមទាំង​ជំរុញ​ឲ្យ​ធ្វើ​វិស្វកម្ម​ផ្លូវថ្នល់​ឲ្យ​បាន​សមស្រប​ទៅនឹង​កំណើន​យានយន្ត និង​ជំរុញ​ឲ្យ​បាន​ជោគជ័យ​នូវ​ការដឹកជញ្ជូន​អ្នកដំណើរ​ដោយ​មធ្យោបាយ​សាធារណៈ រថយន្តក្រុង ព្រមទាំង​លើកទឹកចិត្ត​ការដឹកជញ្ជូន​តាម​បណ្ដាញ​ផ្លូវដែក និង​ផ្លូវទឹក ដើម្បី​រំលែក​បន្ទុក​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក​។ ក្រៅពីនេះ រដ្ឋមន្ត្រី​មហាផ្ទៃ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ និង​អ្នកបើកបរ​គ្រប់រូប ឲ្យ​ពាក់មួក​សុវត្ថិភាព​ឬ​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ដើម្បី​រួមគ្នា កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។
 
​សូម​រម្លឹកថា មាន​មនុស្ស​យ៉ាងតិច​១,៧​ពាន​ក់ បាន​ស្លាប់ និង​៤,៧​ពាន់​នាក់ បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨៕ 
 

Tag:
 ​ស ខេង​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com