សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល មួយកន្លែងក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺស្ថិតនៅជើងភ្នំគូលែន។ មជ្ឈមណ្ឌលនេះត្រូវបានដាក់ឈ្មោះថា «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន»។ អ្នកបច្ចេកទេស និងស្រាវជ្រាវកេសរកូលបានឱ្យដឹងថា គេត្រូវការពេលវេលា ពី៣ ទៅ៥ឆ្នាំ ដើម្បីប្រមូលសំណាកពូជកេសរកូលព្រៃនានា ដែលមានវត្តមាននៅប្រទេសកម្ពុជា មករក្សាទុក។ ការសង់មជ្ឈមណ្ឌលស្រាវជ្រាវកេសរកូលនេះ ក្នុងបំណងដើម្បីការការស្រាវជ្រាវ អភិរក្សពូជកេសរកូលទុកជាឯកសារទៅថ្ងៃក្រោយ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលមួយកន្លែងនៅភ្នំគូលែន។ មជ្ឈមណ្ឌលនេះដើរតួសម្រាប់ការស្រាវជ្រាវ និងអភិរក្ស ប្រភេទកេសរកូលដែលមានវត្តមាននៅប្រទេសកម្ពុជាទាំងមូល។
អ្នកបច្ចេកទេស និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលកេសរកូល លោក សុខ វិជ្ជា បានឱ្យដឹងថាគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះ ក្នុងន័យស្រាវជ្រាវ ក៏ដូចជាការអភិរក្សពូជកេសរកូលនៅប្រទេសកម្ពុជា។ តាមលោក សុខ វិជ្ជា កន្លងមកកម្ពុជាមិនទាន់មានការសិក្សាស៊ីជម្រៅទេទាក់ទងនឹងកេសរកូលនេះ គឺរៀងយឺតជាប្រទេសជិតខាង ដែលគេមានអស់ហើយ។
មកដល់ខែមករា ឆ្នាំ២០១៩នេះ មានរយៈពេល៦ខែហើយដែលមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលចាប់ផ្តើមដំណើរការ។ មកទល់បច្ចុប្បន្នមាន កេសរកូលចំនួន៨០ប្រភេទហើយ ដែលត្រូវបានរកឃើញ មកពីតំបន់ចំនួន៣ មានតំបន់ភ្នំគូលែនខេត្តសៀមរាប ភ្នំបូកគោខេត្តកំពត និងតំបន់ភ្នំក្រវាញ នាខេត្តពោធិ៍សាត់។ ឯការស្រាវជ្រាវមានភាពលំបាកខ្លះៗដែរ ដ្បិតត្រូវចូលព្រៃជ្រៅ និងគេងក្នុងព្រៃជាដើម។ លោក សុខ វិជ្ជា ពន្យល់ថា ផលលំបាកទាំងនេះ ទើបការសិក្សាស្រាវជ្រាវកេសរកូលនៅកម្ពុជា អាចប្រើពេលយ៉ាងហោចណាស់ចាប់ពី៣ ទៅ៥ឆ្នាំ។
ដោយមើលឃើញពីសារប្រយោជន៍នៃការអភិរក្សកេសរកូល ទើបបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ត្រូវបានបង្កើតឡើង។ លោក សុខ វិជ្ជា ពន្យល់ថា កេសរកូលមានសារសំខាន់ទាំងលើផ្នែកឧស្សាហកម្ម ការស្រាវជ្រាវ និងផ្នែកព័ត៌មានអំពីជីវៈចម្រុះ ហើយវានឹងក្លាយជាទុនដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវទៅថ្ងៃអនាគត។
កេសរកូល ឬហៅតាមភាសាបារាំងថា អ័រគីដេ។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញខ្មែរ វាមានវត្តមាននៅប្រទេសកម្ពុជា ច្រើនរយឆ្នាំមកហើយ តាមរយៈភស្ដុតាង ដែលត្រូវបានរកឃើញនៅតាមជញ្ជាំងប្រាសាទបន្ទាយស្រី និងប្រាសាទអង្គរវត្ត។ ក្រុមអ្នកសិក្សាស្រាវជ្រាវទៅលើធនធានធម្មជាតិ កំពុងកត់ត្រាកេសរកូលព្រៃ ដែលមានវត្តមាននៅក្នុងដែនធម្មជាតិកម្ពុជា បានចំនួនប្រមាណ ៣០០ប្រភេទ។ យ៉ាងណាចំនួននេះ នៅតិចតួចនៅឡើយ បើធៀបនឹងប្រទេសជិតខាងដែលសិក្សាមុនកម្ពុជា ក្នុងនោះប្រទេសថៃមានចំនួនជាង ១៥០០ប្រភេទ វៀតណាមមានជាង ៧០០ប្រភេទ និងឡាវមានជាង ៥០០ប្រភេទ។ នេះបើយោងតាមឯកសាររបស់ក្រសួងបរិស្ថាន។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល ដែលសង់នៅលើផ្ទៃដី ៣៥គុណ២៥ម៉ែត្រ ផ្ទៃដីទំហំសួន និង១៨០០ហិកតានៃផ្ទៃដីគម្រោងទាំងមូល។ លោក សុខ វិជ្ជា ពន្យល់ថា ក្នុងគម្រោងនឹងមានការរៀបចំធនាគារគ្រាប់ពូជដែលប្រមូលផ្តុំនូវគ្រាប់ពូជឈើកម្រៗនៅកម្ពុជា និងមួយទៀតជាធនាគារហ្ស៊ែន ដែលគម្រោងនេះមិនទាន់មាននៅកម្ពុជានោះទេពីមុនមក។ ទៅថ្ងៃខាងមុខ មជ្ឈមណ្ឌលនេះក៏នឹងបើកឱ្យទេសចរជាតិ និងអន្ដរជាតិចូលទស្សនាដើម្បីស្វែងយល់ផងដែរ។
ដោយសារមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវកេសរកូល នឹងប្រើសម្រាប់តាំងបង្ហាញ និងរៀបចំជាសំណាកសើម ដូច្នេះក្រុមអ្នកជំនាញគ្រោងនឹងបង្កើតសួនបណ្ដុះដាច់ដោយឡែកមួយទៀត ដើម្បីរៀបចំជាសំណាកស្ងួត។ សំណាកស្ងួតរបស់ពពួកកេសរកូល អាចរក្សាទុកបានយូរ ងាយស្រួលដល់ការស្រាវជ្រាវ និងដឹងពីបម្រែបម្រួលរូបរាងរបស់កេសរកូលទៅថ្ងៃខាងមុខ៕