ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់​និស្សិត​ខ្មែរ​នៅ​ចិន​ថា «​កម្ពុជា មិន​ឲ្យ​ពលរដ្ឋ​ដាច់បាយ​ទេ​»
21, Jan 2019 , 9:19 am        
រូបភាព
នាយករដ្ឋមន្រ្តី ជួបនិស្សិតខ្មែរនៅចិន
នាយករដ្ឋមន្រ្តី ជួបនិស្សិតខ្មែរនៅចិន


 
​ទៅដល់​ចិន​ភ្លាម កម្មវិធី​មុនគេ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។ នៅ​ចំពោះមុខ​និស្សិត​ប្រមាណ​ជិត​៥០០​នាក់ សម្តេច ហ៊ុន សែន បានបង្ហាញ​ពី​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ កាន់​តែមាន​ភាពល្អប្រសើ​រ​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​អំពី​ស្ថានការណ៍​ពិភពលោក​ដល់​និស្សិត​ឲ្យ​បាន​យល់ដឹង ហើយ សម្តេច មានប្រសាសន៍ថា ទោះបី​ស្ថានភាព​ពិភពលោក​មានការ​ប្រែប្រួល​ឬ​មិន​ច្បាស់លាស់​ទៅ​ផ្លូវ​ណា គឺ​កម្ពុជា​មិន​ឲ្យ​ពលរដ្ឋ​ខ្លួន​ដាច់​បាយឡើយ​។ សម្តេច នឹង​បន្ត​ខិតខំ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ប្រទេសជាតិ​ឲ្យ​បាន​រឹងមាំ​»​។​

អត្ថបទទាក់ទង
 
​ប្រមុខ​រដ្ឋាភិបាល បន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​លើក​នេះ ក្រៅពី​ពង្រឹង​ចំណងមិត្តភាព គឺ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។ មេដឹកនាំ​រូបនេះ បន្ថែមថា កម្ពុជា ត្រូវខិតខំ​ពង្រីក​ទីផ្សារ​ឲ្យ​បាន​ច្រើន​ថែមទៀត ក្រៅពី​ទីផ្សារ​អាមេរិក និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុ​ជា​ចេញ​ក្រៅ ដូចជា​នៅក្នុង​ប្រទេស​ចិន អាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា និង​កូរ៉េ ជាដើម​។ 
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល សព្វថ្ងៃនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន បាន​កើន​ឡើងដល់ ៥,៦០០​លាន​ដុល្លារ​ហើយ​។ ប្រមុខ​រដ្ឋាភិបាល ប្រាប់​និស្សិត​ទាំងនោះ​ថា ចិន គឺជា​ប្រភព​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ​ផ្លូវថ្នល់ ស្ពាន ស្ពាន​អាកាស និង​វា​រី​អគ្គិសនី ជាដើម​។
 
​កម្មវិធី​បន្ទាប់ សម្តេច ហ៊ុន សែន នឹង​ជួប​មេដឹកនាំ​កំពូលៗ​របស់​ចិន ដែល​រួមមាន លោក​ប្រធានាធិបតី ស៊ី ជីន​ភីង លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន លោក លី​ចាន់​ស៊ូ និង ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន លោក វ៉ាង យ៉ាង​។ 
 
​ក្រៅពី​ជំនួប​ខាងលើ មេដឹកនាំ​កម្ពុជា នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន និង​អ្នកស្រី  គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​៤​រូប​ទៀត​ពី ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។​
 
​ដំណើរ​ទស្សនកិច្ច​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩៕ 
 
 
 
 

Tag:
 ហ៊ុន សែន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com