អន្តរជាតិ
បុរសចំណាស់ជាងគេលើលោកស្លាប់ក្នុងវ័យ ១១៣ ឆ្នាំនៅជប៉ុន
× «បុរសចំណាស់ជាងគេរបស់ពិភពលោក» លោក Masazo Nonaka បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២០ ខែមករា នៅជន្មាយុ ១១៣ ឆ្នាំ។ យោងតាមកំណត់ត្រាពិភពលោក Guinness លោក Nonaka កើតនៅក្នុងខែកក្កដា ឆ្នាំ ១៩០៥។ បុរសជនជាតិជប៉ុនរូបនេះ ត្រូវបានវេបសាយ Guinness ទទួលស្គាល់ជាផ្លូវការថាជា បុរសនៅរស់រានមានជីវិតដ៏ចំណាស់ជាងគេ ក្រោយពីការស្លាប់របស់ Francisco Núñez Olivera ជនជាតិអេស្ប៉ាញកាលពីឆ្នាំមុន។
ចៅស្រីរបស់លោក Masazo Nonaka ឈ្មោះថា Yuko បានប្រាប់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ថា៖ «យើងមានអារម្មណ៍តក់ស្លុតជាខ្លាំងចំពោះការបាត់បង់ដ៏ធំធេងនេះ។ ស្ថានភាពរបស់លោកគឺធម្មតាសោះកាលពីម្សិលមិញ តែថ្ងៃនេះលោកបានលាចាកលោកទៅហើយ»។
លោកតា Nonaka មានបងប្អូនប្រុសចំនួន ៦ នាក់ និងស្រីម្នាក់។ លោកបានរៀបការក្នុងឆ្នាំ ១៩៣១ និងមានកូនចំនួន ៥ នាក់។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកបានបើកហាងអាហារតូចមួយនៅស្រុកកំណើតរបស់លោក។ ក្រោយចូលនិវត្តន៍ លោក Nonaka បានចំណាយពេលចុងក្រោយរបស់លោក ទស្សនាកីឡាបោកចំបាប់ Sumo នៅលើកញ្ចក់ទូរទស្សន៍ និងពិសាអាហារផ្អែមៗជាដើម។
សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយ ដែលមានអាយុរំពឹងរស់ខ្ពស់ជាងគេបំផុតលើពិភពលោក។ វាជាផ្ទះរបស់មនុស្សមួយចំនួន ដែលគេទទួលស្គាល់ថា ជាមនុស្សចំណាស់ជាងគេដែលនៅរស់រានមានជីវិត ក្នុងនោះរួមមាន លោក Jiroemon Kimura ដែលបានស្លាប់កាលពីខែមិថុនា ឆ្នាំ២០១៣ ក្នុងអាយុ ១១៦ឆ្នាំជាដើម៕
Tag:
ជប៉ុន
បុរសចំណាស់ជាងគេ
© រក្សាសិទ្ធិដោយ thmeythmey.com