ជាតិ
Amazon បាន​ដក​ផលិតផល​ដែលមាន​រូប​ទង់ជាតិ​និង​ប្រាសាទខ្មែរ ចេញពី​ហ្វេ​ស​ប៊ុ​ក​ហើយ​
21, Jan 2019 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន Amazon បាន​ដក​ផលិតផល​សម្ភារ​បន្ទប់​ទឹក ដែលមាន​រូប​ទង់ជាតិ​និង​ប្រាសាទខ្មែរ ចេញពី​ហ្វេ​ស​ប៊ុ​ក​ហើយ ក្រោយពី​មានការ​តវ៉ា​ជា​បន្តបន្ទាប់ ពី​សំណាក់​អាជ្ញាធរ និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អាមេរិក​។​


 
​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន Amazon ដែល​បាន​បង្ហោះ​រូប​សម្ភារ​បន្ទប់ទឹក និង​តែង​លម្អ​ផ្សេងៗ ដោយមាន​រចនា​ម៉ូត​នូវ​រូប​ប្រាសាទ និង​ទង់ជាតិ​ខ្មែរ​នោះ បាន​បាត់​ចេញពី​ទំព័រ​ផ្សព្វផ្សាយ​លក់​របស់​ក្រុមហ៊ុន​។ វា​ទំនងជា​ក្រុមហ៊ុន បាន​ដកចេញ​វិញ បន្ទាប់ពី​មានប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ​មិនទាន់​ឃើញ​ការឆ្លើយតប​ផ្លូវការ​ណាមួយ ពី​ខាង​ក្រុមហ៊ុន Amazon មក​រដ្ឋាភិបាល​កម្ពុជា​វិញ​នៅឡើយ​ទេ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានឡើយ​។​
 
​កាលពីពេល​ថ្មីៗ​នេះ ខាង​អាជ្ញាធរ​អប្សរា និង​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អាមេរិក ក៏បាន​ថ្កោលទោស​ក្រុមហ៊ុន Amazon លើ​ករណី​ចរាចរ​សម្ភារ​តុបតែង និង​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក ដោយ​យក​រូប​ប្រាសាទបុរាណ​ខ្មែរ ទៅ​រចនា​ម៉ូត​លើ​ផលិតផល​ខ្លួន​នេះ​។ រដ្ឋាភិបាល​កម្ពុជា ចាត់​ទង្វើរ​របស់​ក្រុមហ៊ុន Amazon បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ និង​កិត្យានុភាព នៃ​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ​រដ្ឋាភិបាល ក៏​ស្នើ​ឲ្យ​ក្រុមហ៊ុន Amazon បញ្ឈប់​សកម្មភាព​លក់ និង​ដក​រូប​ផលិតផល​ចេញពី​គេហទំព័រ​ក្រុមហ៊ុន​ជាបន្ទាន់​៕

Tag:
 ប្រាសាទខ្មែរ​
  Amazon
© រក្សាសិទ្ធិដោយ thmeythmey.com