ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតបក្សប្រឆាំង ដាក់ផែនការប្រមូលអ្នកគាំទ្រក្នុងស្រុក ដើម្បីត្រៀមទទួលលោក សម រង្ស៊ី
21, Jan 2019 , 11:59 am        
រូបភាព
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង នៅសហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក សម រង្ស៊ី
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង នៅសហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក សម រង្ស៊ី
ដោយ: ថ្មីៗ


គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្សប្រឆាំង បាន​បើក​កិច្ចប្រជុំ​មួយ នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២0១៩ ដើម្បី​ពិភាក្សា​ពីការ​ធ្វើ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​លោក សម រង្ស៊ី ផ្ទាល់​តែម្តង និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ដូចជា អ្នកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក និង អ៊ូ ច័ន្ទ​ឫទ្ធិ ជាដើម​។ 
 
​ក្រោយ​ប្រជុំ​ចប់ ពួកគេ ក៏​ប្រកាស​ពី​លទ្ធផល​និងសេចក្តីសម្រេច តាមរយៈ​ការផ្សាយ​ផ្ទាល់ (Live) លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លោក អេង ឆៃអ៊ាង បាន​ថ្លែងថា ក្នុងចំណោម​សេចក្តីសម្រេច ដែល​ត្រូវ​បានអនុម័ត​ក្នុង​កិច្ចប្រជុំ មាន​សេចក្តីសម្រេច​មួយ ស្តីពី​ការរៀបចំ​ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មកកាន់​កម្ពុជា​វិញ​។ 
 
​ផែនការ​ដ៏​សំខាន់​ដំបូង គឺ​ការបង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​កម្លាំង ត្រៀម​ទទួល​លោក សម រង្ស៊ី ពេល​មកកាន់​កម្ពុជា​។ នេះ​ការបញ្ជាក់​របស់លោក អេង ឆៃអ៊ាង​ ដោយលោក សង្កត់ធ្ងន់បែបនេះថា៖«ទីមួយ គឺយើង ​បង្កើតក្រុមការងារ ដើម្បី​រៀបចំកម្លាំង ទទួលដំណើរវិលត្រឡប់របស់លោកប្រធាន សម រង្ស៊ី គឺយើង រៀបចំកម្លាំងជាក់ស្តែង»។
 
​លោក បន្តថា ផែនការ​បន្ទាប់ គឺ ការពង្រីក​សកម្មភាព​ផ្នែក​ការទូត​របស់​អតីត​គណបក្សប្រឆាំង ជាមួយ​សហគមន៍​អន្តរជាតិ និង​ការពង្រីក​ការផ្សព្វផ្សាយ​ព័ត៌មាន ឲ្យ​បាន​កាន់តែខ្លាំង ជុំវិញ​បញ្ហា​នានា ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ លោក បន្ថែមថា ផែនការ​ចុងក្រោយ គឺ​ការរៀបចំ​ថវិកា សម្រាប់​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​។  
 
​អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង​រូបនេះ ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖«​សេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ គឺ​យើង​រៀបចំ​ដំណើរ​វិលត្រឡប់​ចូល​មាតុភូមិ​វិញ​របស់លោក​ប្រធាន​សម រង្ស៊ី​។ ក្នុងនោះ យើង​បាន​ឯកភាពគ្នា​ថា យើងទាំងអស់គ្នា នឹង​ត្រូវធ្វើ​កិច្ចការ​មួយចំនួន​ ជាមួយគ្នា ទាំងបងប្អូននៅក្រៅប្រទេស ទាំងនៅក្នុងស្រុក។ [....] ហើយ​យើង​បាន​បែងចែក​ការងារ​ហ្នឹង ទៅតាម​អ្នក​ទ​ទូល​ខុសត្រូវ សម្រាប់ធ្វើ​កិច្ចការ​នីមួយៗ​»​។ 
 
​យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង ពុំបាន​បញ្ជាក់​នោះទេ ថា​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី នឹងត្រូវ​ធ្វើឡើង​នៅពេលណា​។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯង ធ្លាប់​ប្រកាសថា លោក នឹង​វិល​មក​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ​។ លោក ជឿជាក់ថា កម្ពុជា នឹងមាន​ការផ្លាស់ប្តូរ ពេល​លោក​មកវិញ​។ 

លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​និង​ធ្លាប់ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក បានដឹង​ពី​កិច្ចប្រជុំ​នេះដែរ តែ​លោក អះអាងថា ពុំបាន​ចូលរួម​នោះទេ​។ ចំណែក ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី ក៏​លោក ដូចជា​មិន​ចាប់​អារម្មណ៍​ដែរ​។ 
 
​លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមទូរសព្ទយ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​ថា​យើង​មិន​គោរព​គាត់​ជា​ឥស្សរជន​ទេ។ យើង​គោរព ចំពោះ​ការតស៊ូ​របស់គាត់​។ ប៉ុន្តែ ​ការវិលត្រឡប់​នេះ គាត់​ដូចជា​ប្រកាស​ច្រើនដង​ហើយ តែ​ថា​ចោល ថា​ចោល ដូចជា​ពិបាកជឿ​»​។  
 
កន្លងមក ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្សកាន់អំណាច បាន​ប្រើពាក្យ «​ស្វាគមន៍​» ទៅកាន់​លោក សម រង្ស៊ី​ ដែលដាក់គម្រោងវិលមកកម្ពុជាវិញ។ ប៉ុន្តែ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បោះពាក្យ​គំរាម​តាម​ក្រោយ​ថា «​គុក​និង​ខ្នោះ បាន​ត្រៀម​រួចហើយ​»៕ 
 

Tag:
 ​សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com