ជាតិ
ក្លឹប​កម្សាន្ត Pro KTV ត្រូវបាន​បិទ ក្រោយ​អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ផ្ទួនៗ​
21, Jan 2019 , 3:28 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
​ភ្នំពេញ​៖ ក្លឹប​កម្សាន្ត Pro KTV ត្រូវបាន​បិទ ក្រោយ​អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​១៩​មករា ឆ្នាំ​២០១៩​។ សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ពីរដង​ហើយ នៅក្នុង​ក្លឹប​ឈ្មោះ​ប្រូ ដែល​ស្ថិតនៅ​ចំណុច​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​


 
​សមត្ថកិច្ច​បាន​ចុះទៅ​បង្ក្រាប​ជនល្មើស​មួយក្រុម ដែលមាន​គ្នា​ដល់​ទៅ​៥៨​នាក់ (​ស្រី​២៤​នាក់​) ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ត Pro KTV នេះ​។ បទល្មើស​ដែល​ត្រូវ​បង្ក្រាប​ក្នុង​ប្រតិបត្តិការ​នេះ គឺ​ការជួញដូរ​គ្រឿងញៀន ការផ្តល់​ទីតាំង​ឲ្យ​ជួញដូរ​គ្រឿងញៀន និង​ការប្រើប្រាស់​គ្រឿងញៀន​។ នគរបាលជាតិ បន្ថែមថា ជនល្មើស​ទាំងនោះ គឺមាន​ជនជាតិ​ចិន​២៩​នាក់ (​ស្រី​៥​នាក់​) ជនជាតិ​វៀតណាម ២៣​នាក់ (​ស្រី​១៥​នាក់​) ជនជាតិ​ថៃ​២​នាក់ ជនជាតិខ្មែរ​៣​នាក់ (​ស្រី​២​នាក់​) និង​ជនជាតិ​កូរ៉េ​១​នាក់​។​
 
​ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន រួមមាន អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ទម្ងន់​២.៥​ក្រាម ម្សៅ​គេ​តា​មីន​៦.៥៨​ក្រាម និង​ម្សៅ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី​៩៧.៨​ក្រាម​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ​តាម​នីតិវិធី​។​
 
​លោក មាន វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ពីរដង​ហើយ នៅក្នុង​ក្លឹប​កម្សាន្ត​ខាងលើនេះ ។ ដោយសារ​ក្លឹប​កម្សាន្ត Pro KTV នៅតែ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ដដែល​បែបនេះ ទើប​សមត្ថកិច្ច​សម្រេច​បិទ​អាជីវ​កម្មនេះ មិន​ឲ្យ​មាន​បើក​ដំណើរការ​ទៀត​ទេ​។ 
 
​សូមបញ្ជាក់ថា សមត្ថកិច្ច ធ្លាប់បាន​បង្ក្រាប​ពីបទ​ល្មើស​គ្រឿងញៀន នៅ​Pro KTV ម្តង​រួចហើយ កាលពី​ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក មាស វី​រិ​ទ្ធ ។​
 

Tag:
 គ្រឿងញៀន​
  Pro KTV
© រក្សាសិទ្ធិដោយ thmeythmey.com