រថយន្ត
អន្តរជាតិ
​ជនជាតិ​បារាំង​៤៦​ភាគរយ​ចូលចិត្ត​ប្រើ​ស្មា​ត​ហ្វូ​ន​ពេល​បើកបរ​រថយន្ត​
21, Jan 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកបើកបរ​៤៦​ភាគរយ​នៅ​បារាំង បាន​ប្រើប្រាស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​នៅពេល​បញ្ជា​យានយន្ត​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​របស់​មូលនិធិ Fondation MAIF & Ifsttar លើ​គម្រោង​ទាក់ទង​នឹង​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​ឆ្នាំ​២០១៨ ។​

 
​ការសិក្សា​ដែល​ដឹកនាំ​ដោយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ដឹកជញ្ជូន និង​ការរៀបចំ​បណ្តាញ (Ifsttar) នេះ ផ្តោតលើ​ឥរិយាបថ​អ្នកបើកបរ​ចន្លោះ​ពីថ្ងៃ​ទី​១៨ ខែកញ្ញា ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ ដោយ​មិន​អ្នកចូលរួម​ផ្តល់​ចម្លើយ​ជិត​៣០០០​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំទៅ​៦៥​ឆ្នាំ​។​
 
 
​លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ឲ្យ​ឃើញ យុវជន​ចន្លោះ​ពី​២៥ ទៅ​៣៤​ឆ្នាំ ដែលមាន​ប្រមាណ​៦១​ភាគរយ ប្រើ​ស្មា​ត​ហ្វូ​ន​ញឹកញាប់​ជាងគេ​នៅពេល​បើកបរ ខណៈ​អ្នកមាន​អាយុ​ចន្លោះ​ពី​៣៥ ទៅ​៤៤​ឆ្នាំ មាន​៥៤​ភាគរយ និង​ពី​១៨​ឆ្នាំ ទៅ​២៤​ឆ្នាំ មាន​៥០​ភាគរយ​។​
 
​ទាក់ទង​នឹង​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ពេល​បើកបរ​កាលពី​ឆ្នាំ​២០១៨ គម្រោង​របស់ Fondation MAIF & Ifsttar រកឃើញថា ៣៩​ភាគរយ ទទួល​ឆ្លើយតប​ការហៅ​ចូល ៣៣​ភាគរយ សរសេរ និង​ស្តាប់​សារ SMS​ដែល​ផ្ញើ​ទៅ ១៦​ភាគរយ ស្តាប់ និង​ឆ្លើយតប​តាម​អ៊ី​ម៉ែ​ល ៣២​ភាគរយ​ភ្ជាប់​សេវា GPS ១១​ភាគរយ​លេង​បណ្តាញ​សង្គម និង​៥​ភាគរយ យក​ទូរ​សព្ទ​ថត Selfie ពេល​បើកបរ​។​
 
​អ្នក​ដែល​ត្រូវបាន​សម្ភាស បានដាក់​ពិន្ទុ ៦,៤​លើ​១០ ដោយ​ថា​ស្មា​ត​ហ្វូ​ន​ពិត​ជាមាន​សារសំខាន់​ក្នុង​ទំនាក់ទំនង​នៅពេល​បើកបរ​រថយន្ត ប៉ុន្តែ​ក្នុងនោះ ពួកគេ​បាន​ឲ្យ​ពិន្ទុ ៤,៦​លើ​១០ ដោយ​ចាត់ទុក​ស្មា​ត​ហ្វូ​ន​ជា​ឧបករណ៍​ដែល​សំខាន់​អារម្មណ៍​។​
 
​តាមច្បាប់​ចរាចរណ៍​បារាំង ការប្រើប្រាស់​ទូរ​សព្ទ​នៅពេល​បើកបរ ត្រូវបាន​ហាមឃាត់ ដោយ​អ្នកប្រព្រឹត្ត​ខុស​ប្រឈម​ការ​ពិន្ទុ​១៣៥​អឺរ៉ូ ជាមួយនឹង​ការដក​៣​ពិន្ទុ​លើ​បណ្ណ​បើកបរ​។ ករណី​ដែល​បង្ក​ឲ្យ​មានរឿង​ធ្ងន់ធ្ងរ ពួក​បើកបរ​ប្រឈម​នឹង​ការដកហូត​បណ្ណ​បើកបរ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com