កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជប៉ុន​ប៉ះ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ឡើង​ជួប​វៀតណាម
21, Jan 2019 , 4:43 pm        
រូបភាព
(ឆ្វេង)​​ Maya Yoshida ប្រធានក្រុមជប៉ុន និង Salem Al-Dawsari ខ្សែបម្រើអារ៉ាប៊ីសាអូឌីត
(ឆ្វេង)​​ Maya Yoshida ប្រធានក្រុមជប៉ុន និង Salem Al-Dawsari ខ្សែបម្រើអារ៉ាប៊ីសាអូឌីត
​ជប៉ុន​នឹងត្រូវ​តទល់​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅឯ​កីឡដ្ឋាន Al-Sharjah ក្នុង​ក្រុង Sharjah ក្នុងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​២១ ខែមករា វេលា​ម៉ោង ៦:០០​នាទី​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ទាំងពីរ​នេះ ក្រុម​ណា​ឈ្នះ​នឹងត្រូវ​ឡើងទៅ​ជួប​វៀតណាម​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​

 
​ម្ចាស់​ជើងឯក​ពាន​តំបន់​អាស៊ី ៤​សម័យ​ដែល​ដឹកនាំ​ដោយ​លោក Hajime Moriyasu បាន​យកជ័យ​ជម្នះ​ទាំងបី​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​ដើម្បី​ឈាន​មកដល់​វគ្គ​នេះ ខណៈដែល អារ៉ាប៊ីសាអ៊ូឌីត​ដែលមាន​លោក Juan Antonio Pizzi ជា​គ្រូបង្វឹក ឈ្នះ​ពីរលើក និង​ចាញ់​មួយ​ក្នុងចំណោម​៣​ប្រកួត​ក្នុង​ពូ​ល E​។​
 
​ក្រុម​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥​លើក​រួចមកហើយ​ក្នុង​ព្រឹត្តិការណ៍ Asian Cup នេះ ក្នុងនោះ​ជប៉ុន​ក្រុម​មានប្រៀប​ដោយ​ឈ្នះ​ដល់​ទៅ​៤​ដង ហើយ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្នះ​តែម្តង​ប៉ុណ្ណោះ​។ លើសពីនេះ​ទៀត​នោះ​កាលពី​ជំនួប​នៅ World Cup 2018 នៅ​រុស្ស៊ី​កន្លងទៅ ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​ក៏បាន​យកឈ្នះ​ក្រុម​ពី​តំបន់​អារ៉ាប់​នេះ​ដោយ​លទ្ធផល ២-១ ផងដែរ​
 
​ទាំង​ជប៉ុន និង​អារ៉ាប៊ីសាអ៊ូឌីត ក្រុម​ណា​ឈ្នះ​នឹងត្រូវ​ទៅ​ជួប​ក្រុម​ពី​តំបន់​អាស៊ាន​វៀតណាម​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 
​ក្រៅពី​ជំនួប​រវាង​ជប៉ុន​និង​អារ៉ាប៊ីសាអ៊ូឌីត ក៏មាន​ការប្រកួត​ពីរ​គូរ​ផ្សេងទៀត​ផងដែរ ដោយ​ម្ចាស់​ការពារ​ជើងឯក​អូស្ត្រាលី​ត្រូវ​តទល់​ជាមួយ​អ៊ូ​ស​បេ​គី​ស្ថាន នៅវេលា​ម៉ោង​៩:០០​នាទី​យប់ ហើយ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ត្រូវ​បើកទ្វារ​ស្វាគមន៍​កៀ​ហ្ស៊ី​ស៊ី​ស្ថាន នៅ​ម៉ោង​១២:០០​នាទី ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​។ ក្នុងចំណោម​៤​ក្រុម​នេះ នឹងត្រូវ​សម្រេចយក​២​ក្រុម​ដើម្បី​បន្ត​ប្រជែង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​៕

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com