ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​៤ វិនិយោគ​ជាង​២១​លាន​ដុល្លារ​លើ​រោងចក្រ​ផលិត​កាបូប​នៅ​កណ្តាល និង​តាកែវ​
22, Jan 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖  ក្រុមហ៊ុន​ថ្មី​ចំនួន​៤  ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​CDC អនុម័ត​ឲ្យ​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ នៅ​ខេត្តកណ្តាល និង​ខេត្តតាកែវ ដោយបាន​ចេញ​«​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» កាលពី​ថ្មីៗ​នេះ​។ ក្រុមហ៊ុន​ទាំង​បួន​នេះ មាន​ទុនវិនិយោគ​ជាង​២១​លាន​ដុល្លារ ដែលមាន​លទ្ធភាព​បង្កើត​ឱកាស​ស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ បាន​ជាង​៦​ពាន់​កន្លែង​។​

 
​បើតាម​CDC ក្រុមហ៊ុន​ផលិត​កាបូប​ទាំង​៤​នោះ​មាន​៖ ក្រុមហ៊ុន GLOWING VALUE (CAMBODIA) BAG & LUGGAGE និង​ក្រុមហ៊ុន HILLTOP LUGGAGE (CAMBODIA) មាន​ទីតាំងនៅ​ខេត្តកណ្តាល​។ ក្រុមហ៊ុន GLOWING VALUE មាន​ទុនវិនិយោគ​ប្រមាណ ៤,១៨​លាន​ដុល្លារ អាចបង្កើត​ការងារ​បាន​ជាង​២​ពាន់​កន្លែង នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ និង​ក្រុមហ៊ុន HILLTOP LUGGAGE វិនិយោគ​៦,៤១​លាន​ដុល្លារ នៅ​ភូមិ​អន្លង់​សាន ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ដែល​អាចបង្កើត​ការងារ​បាន​ជិត​២​ពាន់​កន្លែង​។ 
 
​ដោយឡែក​ក្រុមហ៊ុន GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) និង​ក្រុមហ៊ុន PEEVI INDUSTRY (CAMBODIA)  គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ នៅ​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ដោយ​អាចបង្កើត​ឱកាស​ការងារ បាន​ជាង​២​ពាន់​កន្លែង​។  ក្នុងនោះ GUOHUI LUGGAGE TRAVELING PRODUCTS  បាន​វិនិយោគ​៥,២៤​លាន​ដុល្លារ និង​ក្រុមហ៊ុន PEEVI INDUSTRY មាន​ទុនវិនិយោគ​ប្រមាណ ៥,២៤​លាន​ដុល្លារ​។​
 
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៤​មករា ឆ្នាំ​២០១៩ CDC បានចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៣​ដែល​គ្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ជាមួយ​ទុនវិនិយោគ​សរុប​១៣,៧៦​លាន​ដុល្លារ នៅ​ខេត្តកណ្តាល និង​កំពង់ស្ពឺ​៕ 
 

Tag:
 វិនិយោគ​
 ​កាបូប​
  កណ្តាល​
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com