ជាតិ
ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខុសរដូវ ដោយសារ​ភ្លៀង​ធា្ល​ក់​ខ្លាំង​នៅ​ឡាវ​
21, Jan 2019 , 6:35 pm        
រូបភាព
ទឹកទន្លមេគង្គហក់ឡើងខុសរដូវ ដោយសារហូរធា្លក់ពីប្រទេសឡាវ ​បានធ្វើជន់លិច ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩
ទឹកទន្លមេគង្គហក់ឡើងខុសរដូវ ដោយសារហូរធា្លក់ពីប្រទេសឡាវ ​បានធ្វើជន់លិច ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម នៅថ្ងៃទី២១ មករា ឆ្នាំ២០១៩
​ភ្នំពេញ​៖ កម្ពស់​ទឹកទន្លេ​មេគង្គ បាន​កើនឡើង​បន្តិច​ម្តងៗ​រហូតដល់​០.៦​ម៉ែត្រ ក្នុង​ថ្ងៃទី​២១ មករា នេះ ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​ដែល​ជាប់​ទន្លេមេគង្គ ពិសេស​ខេត្តកំពង់ចាម បាន​លិច​ស្ពាន​ឬ​ស្សី ត្រង់ចំណុច​កណ្តាល​នៃ​ស្ពាន ដែល​ឆ្លងទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​។ លោក ម៉ៅ ហាក់ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាងថា កម្ពស់​ទឹក​នេះ​កើនឡើង​ដោយសារ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង​លួង​ប្រា​បា​ង្គ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​៧-១៣ មករា ឆ្នាំ​២០១៩ បាន​ហូរ​ធា្ល​ក់មក កម្ពុជា​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក ម៉ៅ ហាក់ ពន្យល់ថា​៖  «​ធម្មតា​ទេ នៅពេល​មាន​ប្រទេសជិតខាង​ជួបប្រទះ​បាតុភូតធម្មជាតិ ដូចជា ព្យុះ និង​ភ្លៀង កម្ពុជា​តែងតែ​រង​ឥទ្ធិពល​ទាំង​ហើយ​។ ជាក់ស្តែង ភ្លៀង​ដែល​កើតឡើង​នៅ​លួង​ប្រា​បាង កាលពី​១០​ថ្ងៃមុន បានធ្វើ​ឲ្យ​កម្ពស់​ទន្លេមេគង្គ​ប្រទេស​ឡាវ ហក់​ឡើងដល់​២​ម៉ែត្រ ហើយ​ទឹក​ទាំងនោះ បាន​ហូរ​តាម​បណ្តា​យ​ខ្សែទឹក មក​កម្ពុជា​បន្តិចៗ​ម្តង មកដល់​ថ្ងៃនេះ ទើប​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ឡើង​ខុសពី​រដូវ​បែបនេះ​។ ពិសេស​ធ្វើ​ឲ្យ​លិច​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន នៅ​ខេត្តកំពង់ចាម​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា កម្ពស់​ទឹកនឹង​ចាប់ផ្តើម​ស្រក​វិញ​ជា​តាម​ធម្មតា នៅ​រសៀល​ថ្ងៃទី​២២ ឬ​២៣ មករា ឆ្នាំ​២០១៩ ហើយ​ទឹក​ទាំងនេះ មិនបាន​ផ្តល់​ផល​អវិជ្ជា​មាន​ឡើយ​ដល់​កម្ពុជា​៕
 
 

Tag:
 ទន្លេមេគង្គ​
  ស្ពាន​ឬ​ស្សី​
  កោះ​ប៉ែន​
  ភ្លៀង​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com