កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ទម្លាក់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ដើម្បី​ទៅ​ជួប​អូស្ត្រាលី​នៅ​វគ្គ​១/៤
22, Jan 2019 , 9:18 am        
រូបភាព
Ali Mabkhout អបអរក្រោយការស៊ុត​បាល់បញ្ចូលទីនាំមុខសារជាថ្មីសម្រាប់ម្ចាស់ផ្ទះ។ រូបថត AFC Asian Cup
Ali Mabkhout អបអរក្រោយការស៊ុត​បាល់បញ្ចូលទីនាំមុខសារជាថ្មីសម្រាប់ម្ចាស់ផ្ទះ។ រូបថត AFC Asian Cup
ដោយ: ថ្មីៗ
​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី១០៣​របស់​ខ្សែប្រយុទ្ធ Ahmed Khalil បាន​នាំ​ឲ្យ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ឡើង​បន្តទៅ​កាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី​។ ការប្រកួត​រវាង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន បញ្ចប់​ក្នុង​លទ្ធផល ៣-២ ជាមួយនឹង​ជំនួប​ដ៏​ស្វិតស្វាញ​។

 
១៤​នាទី​ដំបូង​នា​ជំនួប​នៅ​កីឡដ្ឋាន Zayed Sports City ខ្សែបម្រើ Khamis Esmaeel បាន​ស៊ុត​នាំមុខ​សម្រាប់​ម្ចាស់ផ្ទះ ប៉ុន្តែ​ជាង​១០​នាទី​ក្រោយមក ខ្សែប្រយុទ្ធ Mirlan Murzaev វាយបក​តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ​។​

 
 
​ខណៈ​ការប្រកួត​ដំណើរការបាន​ជាង​១​ម៉ោង Ali Mabkhout ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​សារជាថ្មី​។ ប៉ុន្តែ​ការប្រកួត​ត្រូវ​បន្ថែម​រហូតដល់​១៥​នាទី​ពីរដង បន្ទាប់ពី Tursunali Rustamov វាយបក​តាម​ស្មើ ២-២ សម្រាប់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នៅ​នាទី​៩០+១​។ Ahmed Khalil បាន​ឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​រហូត​បានសម្រេច​នៅ​នាទី​១០៣ ក្រោយ​រូបគេ​ត្រូវបាន Bekzhan Sagynbaev ធ្វើ​ឲ្យ​ខ្លួន​ដួល​នៅ​តំបន់​គ្រោះថ្នាក់​។​
 
​ជ័យជម្នះ ៣-២ នាំ​ឲ្យ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឡើងទៅ​ជួប​អូស្ត្រាលី​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ រីឯ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ត្រូវ​ហាលអាវ​ដូច​ក្រុម ថៃ អូ​ម៉​ង់ ហ្ស៊​កដា​នី អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ូ​ស​បេ​គី​ស្ថាន​។ សម្រាប់​គូ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ផ្សេងទៀត មាន អ៊ីរ៉ង់ ត្រូវ​តទល់​ជាមួយ​ចិន រីឯ​ជប៉ុន ជួប​វៀតណាម​៕
 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com