ជាតិ
សង្គមជាតិ
មន្ត្រី​សិទ្ធិមនុស្ស​៖ យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា នៅ​ឆ្ងាយ​ដូច​ជើងមេឃ​
22, Jan 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សហជីព មន្ត្រី​សិទ្ធិមនុស្ស និង​កម្មករ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ក្នុងការ​ស្វែងរក​ឃាតករ​ដែល​បានសម្លាប់​លោក ជា វិជ្ជា មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន ដើម្បី​លុបបំបាត់​វប្បធម៌​និ​ទណ្ឌ​ភាព និង ពង្រឹង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​។ ពួកគេ​នៅតែ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​បានអូសបន្លាយ​សំណុំ​រឿងនេះ​អស់​រយៈពេល ១៥ ឆ្នាំ ខណៈ​មាន​ភ័ស្តុតាង និង​តម្រុយ​។

 
 
​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​និយាយថា កត្តា​ដែល​ជំរុញ​ឲ្យ​ករណី​ឃាតកម្ម​លើ លោក ជា វិជ្ជា អូសបន្លាយ​មកដល់​ស​ព្វ​ថ្ងៃនេះ គឺ​រាជរដ្ឋាភិបាល​មិនមាន​ឆន្ទៈ​ក្នុងការ​ស្វែងរក​ឃាតករ​ពិត​មក​ផ្តន្ទាទោស​។ លោក​ថា ករណី​លោក​ជា វិជ្ជា ជាការ​គំរាមកំហែង​ដល់​សហជីព និង​បង្ហាញ​ពី​និ​រ​ទណ្ឌ​ភាព​នៅ​កម្ពុជា ។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ឃាតកម្ម​លោក ជា វិជ្ជា នេះ​វា​ហាក់ដូច​ជាមាន​អា​ថ៍កំ​បាំង​នៅ​ពីក្រោយ ដែល​រហូតមក​ដល់ពេលនេះ ១៥​ឆ្នាំ​ហើយ ហើយ​រដ្ឋាភិបាល​លោក​បាន​បង្កើត​គណៈកម្មកា​រ​ជា​បន្តបន្ទាប់​ដើម្បី​ស្វែងរក​នូវ​យុត្តិធម៌ និង​ការស៊ើបអង្កេត ករណី​ឃាតកម្ម​លោក​ជា វិជ្ជា​។ ប៉ុន្តែ​នៅតែ​គ្មាន​ពន្លឺ ត្រង់​នេះហើយ ដែល​នាំ​ឲ្យ​មានការ​រិះគន់ នាំ​ឲ្យ​មាន​ការទទូច​ស្នើសុំ​ពី​អង្គការ ILO ក៏ដូចជា សហគមន៍​អន្តរជាតិ ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឆន្ទៈ​ពិត​ប្រាក​ដ៏​ដើម្បី​រក​ឃាតករ​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​»​។  


 
​បើតាម​លោក អំ សំអាត រដ្ឋាភិបាល​ត្រូវតែ​ព​ន្លឿ​ន​ការស្វែងរក​ឃាតករ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​ផ្តន្ទាទោស ដើម្បី​ស្ដា​មុខមាត់​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ឡើងវិញ​។ 
 
« ករណី​លោក ជា វិជ្ជា យើង​ឃើញ​តាំង​ពីមុន គាត់​ត្រូវគេ​បាញ់សម្លាប់ គឺ​វា​មាន​ភ័ស្តុតាង​ជា​បណ្ដើៗ​ហើយ ទាក់ទង​នឹង​ការផ្ញើរ​សារ​គំរាម​សម្លាប់ រហូតដល់​គាត់​ប្ដឹង​ទៅដល់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​មិន​ហ៊ាន​រក​ជន​ដែល​គំរាម​គាត់​។ វា​មាន​សញ្ញា​បណ្តើៗ​ហើយ​ក្នុងការ​ស៊ើបអង្កេត និង​ស្រា​ជ្រាវ​ហើយ ដូច្នេះ​អ្វីដែល​ពិតប្រាកដ​គឺ​ឆន្ទៈ​ទេ​»​។ នេះ​ជាការ​បន្ថែម​របស់លោក អំ សំអាត​។​
 
​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា វិជ្ជា នេះ  លោក រ៉ុង ឈុន លោក អាត់ ធន់ លោក វ៉ន ពៅ និង​លោកស្រី យ៉ាង សោ​ភ័​ណ្ឌ បាន​ឡើង​ថ្លែងការណ៍​ពី​វីរភាព​របស់លោក ជា វិជ្ជា ថា លោកវិជ្ជា ជា​មនុស្ស​ដំបូង​ដែល​ជួយ​តវ៉ា​រឿង​ប្រាក់ខែ និង​សិទ្ធិ​ការងារ​ជូន​កម្មករ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​។ ពួកគេ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ការស៊ីបអង្កេត​ស្វែងរក​ឃាតករ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​សព នៅក្នុង​ខួប ១៥​ឆ្នាំ​នៃ​ការស្លាប់ នៅ​ស្តូប​ក្បែរ​វិមានឯករាជ្យ នា​ព្រឹក​ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៩​នេះ​។​


 
​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ពិសេស​មួយ​ដើម្បី​ស្វែងរក​ឃាតក​សម្លាប់​លោក ជា វិជ្ជា លោក រស់ សុ​វណ្ណា​រ៉េត និង​លោក ហ៊ី វុទ្ធី ។​ប៉ុន្តែ​គ្មាន​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ឃាតកម្ម​លើ​អ្នក​ទាំងបី​រូបនេះ​នៅឡើយ​។​
 
​គួររម្លឹកថា លោក ជា វិជ្ជា ត្រូវ​ឃាតករ​បាញ់សម្លាប់ នៅ​កណ្ដាលថ្ងៃត្រង មុខ​តូប​លក់​កាសែត​ក្បែរ​វត្ត​លង្ការ កាលពី​ពីថ្ងៃ​ទី ២២ ខែមករា ឆ្នាំ​២០០៤​។ តុលា​បាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ​លើ​បុរស​ពីរ​នាក់ គឺ​លោក ប៊​ន សំណាង និង​លោក សុខ សំអឿន ក្នុង​សំណុំ​រឿងនេះ​។ ពួកគេ​ត្រូវ​ជាប់ពន្ធនាគារ​អស់​រយៈពេល ៥​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រកឃើញ​ថា​ពួកគេ​មិនបាន​ប្រព្រឹត្ត​៕ 
 

Tag:
 ជា វិជ្ជា​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com