ជាតិ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៦ រូបពីក្រសួងព័ត៌មាន
× ក្រសួងព័ត៌មាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីឆ្នាំ២០១៩ (AMS) លើកទី១៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយនេះ ដើម្បីបង្ហាញអំពីវឌ្ឍនភាព ថ្មីៗ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំនេះ នឹងមានប្រទេសជាសមាជិកក្នុងតំបន់អាស៊ីប៉ាហ្វិកប្រមាណជិត១០០ប្រទេសចូលរួម។ នេះបើយោងតាមការចេញផ្សាយនៅគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មានបានឲ្យដឹងទៀតថា ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី២០១៩ (AMS) លើកទី១៦ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៩នេះ គឺកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ។ ប្រទេសចូលរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណជិត១០០ប្រទេស ជាសមាជិក ដើម្បីជួបជុំគ្នាពិភាក្សាទាក់ទងនឹងការអភិវឌ្ឍរីកចម្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង តំបន់ និងពិភពលោក។
លោក មាស សុភ័ណ្ឌ បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះ ក្នុងគោលបំណង ជួបពិភាក្សាគ្នាអំពីការវិវត្ដន៍ថ្មីៗលើវិស័យព័ត៌មាន និងការរិះរកមធ្យោបាយធ្វើយ៉ាងណាជំរុញ ដល់ការអភិវឌ្ឍ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងការរីក ចម្រើនផ្នែកបច្ចេក វិទ្យានាពេលបច្ចុប្បន្ននេះ។ លោកបានលើកទឹកចិត្ដដល់បណ្ដាប្រព័ន្ធ ផ្សព្វផ្សាយទាំងជាតិ និងអន្ដរជាតិចូលរួមក្នុងព្រឹត្ដិការណ៍នេះ ឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយ អំពីការអភិវឌ្ឍរីកចម្រើនផ្នែកសារព័ត៌មាននៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ឱ្យបានកាន់តែទូលំ ទូលាយទៅកាន់ពិភពលោកទាំងមូល។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ព្រឹត្ដិការណ៍នេះគឺពិតជាមានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ជាពិសេសក្រសួងព័ត៌មានដែលទទួលភារកិច្ចក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំនានានៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធ ផ្សព្វផ្សាយអាស៊ី២០១៩នេះ ដំណើរការប្រព្រឹត្ដទៅប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី២០១៩(AMS) លើកទី១៦ ដែលរៀបចំឡើងដោយវិទ្យាស្ថានតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា (AIBD) គឺបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៩នេះ គឺកម្ពុជារៀបចំធ្វើជា ម្ចាស់ផ្ទះ៕
Tag:
ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com