ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកជំនាញ​៖ វិស័យ​អចលនទ្រព្យ​កម្ពុជា​កើនឡើង​ឆាប់រហ័ស ដែល​អាច​ជួប​ហានិភ័យ​ក្នុង​រយៈពេល​៣​ឆ្នាំ​
23, Jan 2019 , 3:05 pm        
រូបភាព
​ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​វិស័យ​មួយ​នេះ អាច​នឹងមាន​ហានិភ័យ​កើតឡើង ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​នេះ​បើតាម​ការលើកឡើង​លោក ជេ​ម​ស៍ ហូ​សាន់ (James Hewson) ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ CBRE Cambodia ។​

 
​បញ្ហា​ដែល​លោក ជែ​ម​ស៍ ហូ​សាន់ មើលឃើញ​នោះ គឺ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូចជា​ការកសាង​លំនៅដ្ឋាន ខុន​ដូរ ការិយាល័យ​ជួល និង​ផ្សារ​ទំនើប​យ៉ាងគំហុក​បែបនេះ វា​កំពុង​លើស​តម្រូវការ​របស់​អ្នកទិញ ឬ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​លទ្ធភាព​ពលរដ្ឋ​កម្ពុជា​នៅមានកម្រិត គួបផ្សំ​នឹង​ការយល់ដឹង​របស់​ពួកគេ ដែល​មិន​យល់ថា​អ្វី​ជា ខុន​ដូរ ឬ​ការិយាល័យ​ជួល​នៅឡើយ​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ភួង វ៉ាន​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក James Hewson ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ CBRE Cambodia ជា​ភាសា​អង់គ្លេស​ដូចតទៅ​៖



 
​បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​ជាច្រើន​បាន​សម្រុក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ ដែល​បង្ហាញ​ពី​ការរីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​ការវិនិយោគ​លើ​វិស័យនេះ វា​កំពុង​វិ​វត្ត​ច្រើន​ហួស ដែល​អាច​បណ្ដាល​ឲ្យ​មាន​ឱន​ភាព​ទីផ្សារ និង​តម្លៃ​ធ្លាក់ចុះ​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។ បើតាម​លោក ជេ​ម​ស៍ ហូ​សាន់ តម្លៃ​អចលនទ្រព្យ​អាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ នៅក្នុង​ឆ្នាំ​២០១៩​ដល់​២០២១ ហើយ​វា​នឹង​អាចមាន​សន្ទុះ​ឡើងវិញ នៅ​ឆ្នាំ​បន្ទាប់​នោះ​។​
 
« យើង​មាន​ក្តីបារម្ភ​ចំពោះ​កំណើន​ដ៍​ឆាប់រហ័ស ដែល​អាច​នឹង​បណ្ដាល​ឲ្យ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ តម្លៃ​ជួល តម្លៃ​លក់ បញ្ហា​នេះ​មិន​ត្រឹមតែ​កើត​ក្នុង​ឆ្នាំ​២០១៩​នោះទេ វា​អាច​បន្ត​រហូតដល់​ឆ្នាំ​២០២០ ឬ​២០២១ យើង​សង្ឃឹមថា​ឆ្នាំ​បន្ទាប់​នឹងមាន​ភាពល្អប្រសើរ​»​។ នេះ​ជាការ​ព្យាករ​របស់លោក ជេ​ម​ស៍ ហូ​សាន់ (James Hewson) ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​នៃ CBRE Cambodia ៕

Tag:
 James Hewson
  អចលនទ្រព្យ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com