អត្ថបទពាណិជ្ជកម្ម
​តារា​ផេ​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា និង​គ្រឹះស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ​លើ​ការផ្ដល់សេវា​ទូទាត់​ការសង​ប្រាក់កម្ចី​ពី​អតិថិជន​
24, Jan 2019 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​តារា​ផេ​ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត​និង​ដំណោះស្រាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ដែល​រីកចម្រើន​រហ័ស និង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​លើ​ការផ្ដល់សេវា​ទូទាត់​ការសង​ប្រាក់កម្ចី​ពី​អតិថិជន​ជាមួយ​ធនាគារ ប្រៃសណីយ៍​កម្ពុជា និង​គ្រឹះស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ​។​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ​បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ដ៏​មុតមាំ​ដែល​ធនាគារ ប្រៃសណីយ៍​កម្ពុជា និង​គ្រឹះស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ​មាន​មកលើ​ក្រុមហ៊ុន​តារា​ផេ​ក្នុងការ​ធ្វើជា​បណ្ដាញ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​អតិថិជន​ទូទាត់​សង​ប្រាក់កម្ចី​ទៅកាន់​ធនាគារ​។
 
​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​បានធ្វើ​ឡើង​នៅ​សណ្ឋាគារ Dara Airport និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ច្រើនជាង ១០០​នាក់ មកពី​ស្ថាប័ន​ទាំងបី ដោយមាន​ទាំង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំងបី និង​បណ្ដា​អ្នកសារព័ត៌មាន​ផងដែរ​។  តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​ទាំងអស់​នឹង​អាច​ទូទាត់​សង​ប្រាក់កម្ចី​ទៅកាន់​ធនាគារ​ជា​ប្រាក់រៀល ឬ​ប្រាក់​ដុល្លារ​ដោយ​ងាយស្រួល និង​សុវត្ថិភាព​តាមរយៈ​ភ្នាក់ងារ​តារា​ផេ​ជាង ២៧០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ដោយ​មិនចាំបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅកាន់​សាខា​របស់​ធនាគារ ប្រៃ​ស​ណី​យ៏​កម្ពុជា ឬ​គ្រឹះស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ អតិថិជន​ទាំងអស់​អាច​ទូទាត់​សង​ប្រាក់កម្ចី​បាន​នៅ​ភ្នាក់ងារ​ណាមួយ​របស់​តារា​ផេ​ដែលមាន​ទីតាំងនៅ​ជិត​ផ្ទះ ឬ​កន្លែងធ្វើការ​របស់​ពួកគាត់​បាន​។  
 
​លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ប្រៃ​ស​ណី​យ៏​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ “​តាមរយៈ​ភាពជា​ដៃគូ​សហការគ្នា​នេះ អតិថិជន​របស់​យើង​អាច​ទូទាត់​សង​ប្រាក់កម្ចី​ត្រលប់​ទៅកាន់​ធនាគារ ប្រៃ​ស​ណី​យ៏​កម្ពុជា​បាន​យ៉ាង​ងាយស្រួល តាមរយៈ​ភ្នាក់ងារ​តារា​ផេ​ដែល​មាននៅ​ទូទាំងប្រទេស​កម្ពុជា​។ បន្ថែម​ពីលើ​នេះដែរ សេវាកម្ម​ថ្មី​នេះ​នឹង​ជួយ​ដល់​អតិថិជន​ដែល​ត្រូវ​ការទូទាត់​សង​ប្រាក់កម្ចី ក្នុង​កំឡុង​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃ​ចុង​សប្ដាហ៍​។ មិនតែប៉ុណ្ណោះ អតិថិជន​ក៏​អាច​ទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ​តារា​ផេ App ផងដែរ ដែល​ផ្ដល់​ឲ្យ​អតិថិជន​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព​មួយកម្រិត​ទៀត​។ ជម្រើស​ម្យ៉ាងទៀត អតិថិជន​អាច​វេរ​លុយ​ពី​គណនី​សន្សំ ឬ​គ​ណី​ចរន្ដ​ក្នុង​ធនាគារ ប្រៃ​ស​ណី​យ៏​កម្ពុជា​ទៅ​កាបូប​លុយ​អេឡិចត្រូនិក​តារា​ផេ តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត​របស់​ធនាគារ ប្រៃ​ស​ណី​យ៏​កម្ពុជា ឬ​វេរ​លុយ​ពី​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត​តារា​ផេ​ទៅ​គណនី​សន្សំ ឬ​គណនី​ចរន្ដ​ក្នុង​ធនាគារ​ប្រៃ​ស​ណី​យ៏​កម្ពុជា​តាមរយៈ​តារា​ផេ App ដោយ​ឥតគិតថ្លៃ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​”
 
​លោក ឃូ ប៊ុន ទ្រី ប្រធាន​នាយក​ប្រតិបត្តិ​នៃ គ្រឹះស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា “​ក្នុងនាម​ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដ៏​ឈាម​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា គ្រិះ​ស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ​មាន​គោលបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ការរីកលូតលាស់​នៃ​អាជីវកម្ម​របស់​ប្រជាជន​កម្ពុជា​នៅតាម​បណ្ដា​ខេត្ត និង​ទីក្រុង​នានា​។ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នៅថ្ងៃនេះ​បានបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​យើងខ្ញុំ​ក្នុងការ​ផ្ដល់នូវ​ដំណោះស្រាយ​នៃ​ការទូទាត់​សាច់ប្រាក់​ដ៏​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​។​”   
 
​លោក ភុ​ក រដ្ឋា ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មានប្រសាសន៍ថា​៖ “DaraPay មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​ក្នុងឆ្នាំនេះ​ដែរ ក្រុមហ៊ុន​មានបំណង​គ្របដណ្ដប់​ទៅលើ​ទីផ្សារ​សេវា​ទូទាត់​ចល័ត​នៅ​ប្រទេស​កម្ពុជា​។ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សហការគ្នាជាមួយ​ធនាគារ ប្រៃ​ស​ណី​យ៏​កម្ពុជា និង​គ្រិះ​ស្ថាន​ហ្វូណន​មីក្រូហិរញ្ញវត្ថុ​នៅថ្ងៃនេះ​បង្ហាញ​ពី​ការប្ដេជ្ញា ចិត្ត​ដ៏​មុតមាំ​របស់​យើងខ្ញុំ​ក្នុង​ការបើក​បង្ហាញ​ពី​ទស្សនវិស័យ​របស់​យើងខ្ញុំ​។ ប្រភេទ​នៃ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​ស្ថិតនៅក្នុង​គោលដៅ​ចម្បង សម្រាប់​ឆ្នាំ ២០១៩ នេះ​រួមមាន​ការបង្កើត​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ដែល​អាច​ផ្តល់​ភាពងាយស្រួល​ឲ្យ​អតិថិជន​ប្រើប្រាស់​ផលិតផល​ហិរញ្ញវត្ថុ​តាមរយៈ បណ្តាញ​របស់​តារា​ផេ​ទូទាំងប្រទេស ដោយ​រាប់​ចាប់ពី​ការណែនាំ​កម្ចី​ទៅកាន់​អតិថិជន  សេវា​ទម្លាក់​ប្រាក់កម្ចី​ជូន​អតិថិជន  សេវា​ប្រមូល​ប្រាក់កម្ចី​ត្រលប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ និង សេវា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដទៃទៀត​ដោយ​អតិថិជន​មិនចាំបាច់​ទៅកាន់​សាខា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដោយផ្ទាល់​។​”    
 
​បន្ថែម​ពីលើ​សេវា​ទូទាត់​សង​ប្រាក់កម្ចី​ដែល​ទើបតែ​បង្កើតឡើង​នេះដែរ ក្រុមហ៊ុន​តារា​ផេ​មាន​ផ្ដល់​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន​សេវា​វេរ​លុយ​ក្នុងប្រទេស​ទូទាំង​២៥ ខេត្ត​ក្រុង ដាក់​ប្រាក់​/​ដក​ប្រាក់ បញ្ចូល​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ និង​ថ្លៃ​ទឹក​-​ភ្លើង សេវា​ណែនាំ​កម្ចី​ទៅកាន់​អតិថិជន ទូទាត់​ប្រាក់​ជាមួយ​ដៃគូ​ពាណិជ្ជករ ទូទាត់​ប្រាក់​អន​ឡាញ និង​សេវា​ទូទាត់​ប្រាក់ខែ​ជូន​បុគ្គលិក​។ 
 
​ថ្មីៗ​នេះ ក្រុមហ៊ុន​តារា​ផេ​មាន​ភ្នាក់ងារ​ជាង ២,៧០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា និង​មាន​ដៃគូ​ពាណិជ្ជករ​ជាង ២០០០ កន្លែង​ដែល​ទទួលយក​ការទូទាត់​ប្រាក់​តាមរយៈ​តារា​ផេ App (​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត​របស់​តារា​ផេ​) ហើយ​ដៃគូ​ពាណិជ្ជករ​របស់​តារា​ផេ​មាន​ខុសៗ​គ្នា​នៅតាម​បណ្ដា​ឧស្សាហកម្ម​ជាច្រើន​មានដូចជា យានជំនិះ ម្ហូបអាហារ និង​ភេ​ស​ជ្ជះ សំលៀកបំពាក់ សណ្ឋាគារ រោងភាពយន្ដ ការ​កក់​សំបុត្រ​ឡានក្រុង និង​សំបុត្រ​យន្ដហោះ និង​ការទិញ​ទំនិញ​អន​ឡាញ​។​ក្នុងពេល​ឆាប់ៗ​នេះ ក្រុមហ៊ុន​តារា​ផេ​នឹង​រៀបចំ​ពិធី​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត​ជាច្រើន​ដើម្បី​ផ្ដល់​ឲ្យ​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដែល​រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​ជូន​ដល់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com