ជាតិ
សេដ្ឋកិច្ច
ក្រសួងការងារសហការជាមួយជប៉ុន ដើម្បីរកការងារឲ្យនិស្សិតពេទ្យជាមួយនឹងប្រាក់ខែខ្ពស់ រដ្ឋមន្ត្រីក្រសួងការងារ
× ភ្នំពេញ៖ និស្សិតកម្ពុជាដែលសិក្សាផ្នែកគិលានុបដ្ឋាក នឹងទទួលបានឱកាសការងារ ដែលមានប្រាក់ខែខ្ពស់នៅប្រទេសជប៉ុន។ នេះជាកាលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។
លោក អ៊ិត សំហេង បាននិយាយថា ក្រសួងការងារ កំពុងសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឲ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងបង្កើនទីផ្សារការងារ និងឱកាសការងារដល់ពលរដ្ឋកម្ពុជា ខណៈជប៉ុននឹងបង្កើនលំហូរកម្លាំងពលកម្មពីប្រទេសផ្សេងៗ នៅអំឡុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
ថ្លែងក្នុងសិក្ខាសាលាស្វែងយល់ពីឱកាសការងារនៅប្រទេសជប៉ុន ពាក់ព័ន្ធនឹងជំនាញគិលានុបដ្ឋាកកាលពីថ្ងៃទី២៤ ខែមករា រដ្ឋមន្ត្រីក្រសួងការងាររូបនេះ បានបញ្ជាក់ដូច្នេះថា៖ «សិស្ស និស្សិត អតីតនិស្សិតដែលបានរៀនចប់និងកំពុងស្វែងរកការងារ ឬកំពុងធ្វើការផ្នែកគិលានុបដ្ឋាក សូមសិក្សាស្វែងយល់ពីឱកាសការងារនៅប្រទេសជប៉ុនពាក់ព័ន្ធនឹងជំនាញគិលានុបដ្ឋាកនេះ ឲ្យបានច្រើន»។
ក្រសួងការងារ បានពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស, ទប់ស្កាត់ចំណាកស្រុកដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ ដែលប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ។នេះបើតាមលោក អ៊ិត សំហេង។
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជុំវិញករណីខាងលើនេះឡើយ។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការី សរុបចំនួន ៩,១៩៥នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដែលទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ១,៥០០ដុល្លារអាមេរិកក្នុងមួយខែ។ បច្ចុប្បន្នទីភ្នាក់ងារជ្រើសរើសឯកជនមានចំនួន ១០៥ ក្រុមហ៊ុន ដែលទទួលអាជ្ញាបណ្ណអនុញ្ញាតពីក្រសួង ក្នុងនោះមាន៩៣ ក្រុមហ៊ុន ធ្វើការបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com