ជាតិ
ឆ្នាំ​២០១៨ មន្ទីរពេទ្យ​កុមារ​អង្គរ​ផ្តល់​ការថែទាំ និង​ព្យាបាល​កុមារ​ជាង ១៥​ម៉ឺន​ករណី​
28, Jan 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​មន្ទីរ​មួយ​ក្នុង​ខេត្តសៀមរាប​ដែល​ថែទាំ និង​ព្យាបាល​កម្ពុជា​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។ តាម​របាយការណ៍​រប​ស់​ប្រធាន​មន្ទីរពេទ្យ ក្នុង​ឆ្នាំ​២០១៨​កន្លង មន្ទីរពេទ្យ​នេះ​បានផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ដល់​កុមារ​ជាង​១៥ ម៉ឺន​ករណី​។​

 
​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ ថ្ងៃ​បង្កើត​មន្ទីរពេទ្យ នៅ​ថ្ងៃទី​២៥ មករា លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទ​ភក្ដ្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ បានឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​មាន​កុមារ​ជា​មធ្យម​ប្រមាណ ៥០០​នាក់ ដែល​មក​ទទួល​សេវា​ពី​មន្ទីរពេទ្យ​។ ក្នុងនោះ នៅ​ឆ្នាំ​២០១៨​កន្លងទៅ​មន្ទីរពេទ្យ​បានផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ចំនួន ១៥៧,០០១ ករណី​។ តាម​លោក​វេជ្ជបណ្ឌិត ក្រៅពីនេះ​មន្ទីរពេទ្យ​កុមារ​អង្គរ ក៏បានផ្តល់​វគ្គ​បណ្ដុះបណ្តាល​វេជ្ជបណ្ឌិត គិលានុបដ្ឋាន និង​បុគ្គលិក​សុខាភិបាល​ជាង ១,៤០០​នាក់ ក៏ដូចជា​ចុះ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​តាម​សហគមន៍​សរុប​ជាង ៧​ម៉ឺន​នាក់​ផងដែរ​។ គិត​តាំងពី​មន្ទីរពេទ្យ​កុមារ​អង្គរ​ចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ ១៩៩៩​មក មន្ទីរពេទ្យ​បានផ្តល់​សេវា​ព្យាបាល​កុមារ​កម្ពុជា សរុប​ជាង ២,៥​លាន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​មន្ទីរពេទ្យ​។​
 
​ការ​ប្រារព្ធ​ខួប ២០​ឆ្នាំ​របស់​មន្ទីរពេទ្យ គឺមាន​ការចូលរួម​ពី​មន្ត្រី​សុខាភិបាល គ្រូពេទ្យ បុគ្គលិក និង​សាធារណជន​ប្រមាណ​២០០​នាក់ ដែល​ធ្វើ​នៅ​បរិវេណ​មន្ទីរពេទ្យ​ផ្ទាល់​។ ស្ថាបនិក​មន្ទីរពេទ្យ លោក ខិ​ន​រ៉ូ អ៊ី​ស៊ុ បានចាត់ទុក​មន្ទីរពេទ្យ​កុមារ​អង្គរ ថា​ជា​ចំណែក​មួយ​នៃ​ជីវិត​របស់លោក ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចង់ឃើញ​កុមារ​កម្ពុជា​ទាំងអស់​មាន​ប្រព័ន្ធ​សុខាភិបាល​ដ៏​ល្អប្រសើរ និង​មាន​គុណភាព​ខ្ពស់​។ លោក​បាន​អរគុណ​ដល់​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការងារ​នេះ ពិសេស​បានចាត់ទុក​អ្នកជំងឺ​ដូច​ក្រុមគ្រួសារ​របស់ខ្លួន​យ៉ាង​ដូច្នោះ​ដែរ ហើយ​វា​ជា​អ្វីដែល​លោក​ចង់បាន​បំផុត​។​
 
​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ អេង ហួត បានចាត់ទុក​វត្តមាន​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ថា​បានរួម​ចំណែក​កែលម្អ​ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ការលើកកម្ពស់​សុខភាព​កុមារ​តាមរយៈ​ការផ្តល់សេវា​ថែទាំ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com