ជាតិ
សេដ្ឋកិច្ច
ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក កើនឡើង​២៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៨
28, Jan 2019 , 10:19 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៨ មាន​ទំហំ​មាន​ទឹកប្រាក់​ប្រមាណ ៣,៣១​ប៊ី​លាន​ដុល្លារ​អាមេរិក កើនឡើង​២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ ២,៦១​ប៊ី​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។


 
​បើតាម​លោក ប៉ាន សូរ​ស័ក្តិ កម្ពុជា​បាន​នាំចេញ​ទៅកាន​ទីផ្សារ​អាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់ ២,៨៨​ប៊ី​លាន​ដុល្លារ និង​នាំចូល​មាន​ក្នុងតម្លៃ ៤២៦​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​របស់​កម្ពុជា ក្រោយពី​សហភាព​អ៊ឺរ៉ុប​។ 
 
​លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា កិច្ចប្រជុំ​ក្រុមប្រឹក្សា TIFA លើក​ទី​៥ ក្នុង​ព្រឹក​ថ្ងៃទី ២៨ ខែ មករា​ឆ្នាំ​២០១៩​នេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ សម្រាប់​ភាគី​ទាំងពីរ​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ដែល​នៅ​សេសសល់ រួមជាមួយ​បញ្ហា​ថ្មីៗ​ផ្សេងទៀត ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ប្រទេស​ទាំងពីរ ដូចដែល​មានចែង​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​។
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​៖ «​សូម​ថ្លែងអំណរគុណ​សហរដ្ឋអាមេរិក ដែល​បានផ្តល់​ប្រព្រឹត្តិកម្ម​អនុគ្រោះ GSP សម្រាប់​ទំនិញ​កាបូប​ដាក់​សម្ភារៈ​ធ្វើដំណើរ និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​, ការសិក្សា​លទ្ធភាព​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កម្មវិធី​កសាង​សមត្ថភាព​ផ្សេងទៀត​»​។ 
 
​គួរ​បញ្ជាកថា ក្នុង​ឆ្នាំ​២០១៨ ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ១២,១​ប៊ី​លាន​ដុល្លារ​អាមេរិក កើនឡើង ១០% ធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​ទឹកប្រាក់​នេះ ត្រូវបាន​គេ​ព្យាករណ៍​ថា អាច​នឹង​កើន​ឡើងដល់​ប្រមាណ ១៣​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​៕
 

Tag:
 ពាណិជ្ជកម្ម​
  កម្ពុជា​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com