ជាតិ
សេដ្ឋកិច្ច
ការសាងសង់ផ្លូវជាតិលេខ៥ តម្លៃ៥០០លានដុល្លារ នឹងបញ្ចប់ក្នុងអំឡុងពេល៤ឆ្នាំ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ផ្លូវជាតិលេខ៥ ត្រូវបានចាប់ផ្ដើមស្ថាបនាឡើងវិញជាកំណាត់ៗ ចាប់ពីខែមីនាឆ្នាំ២០១៨មក ។ ការសាងសង់ផ្លូវនេះ គ្រោងបញ្ចប់ទាំងស្រុងក្នុងអំឡុងពេល៤ឆ្នាំ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយឡែកនៅថ្ងៃទី២៨ខែមករានេះ ក្រសួងសាធារណការ បានប្រគល់សិទ្ធិសាងសង់កំណាត់ផ្លូវជាតិលេខ៥ ព្រែកក្ដាម-ធ្លាម្អម ប្រវែង ១១០គីឡូម៉ែត្រ ដល់ក្រុមហ៊ុនឯកជន តាមរយៈកិច្ចព្រមព្រៀងដែលធ្វើឡើងនៅថ្ងៃនេះ។ កំណាត់ផ្លូវនេះគ្រោងចំណាយ ២៤៣លានដុល្លារអាមេរិក ដែលនឹងត្រូវបើកការដ្ឋានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ការធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ត្រូវបានស្ថាបនាជាកំណាត់ៗ។ កាលពីខែមីនា និងខែឧសភាឆ្នាំ២០១៨ កំណាត់ផ្លូវបាត់ដំបង់-សិរីសោភ័ណ និងកំណាត់ផ្លូវព្រែកក្ដាម-ធ្លាម្អម ត្រូវបានបើកការដ្ឋានសាងសង់។ នៅសល់មួយកំណាត់ទៀត គឺកំណាត់សិរីសោភ័ណ-ប៉ោយប៉ែត ដែលលោក ស៊ុន ចាន់ថុល ឲ្យដឹងថា ក្រសួងកំពុងពិនិត្យពាក្យស្នើដេញថ្លៃរបស់ក្រុមហ៊ុន។
តាមគម្រោងរបស់រដ្ឋាភិបាល ការស្ដារផ្លូវជាតិលេខ៥ ដែលទទួលបានកម្ចីសម្បទានពីប្រទេសជប៉ុននេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ។ នេះបើតាមលោក ស៊ុន ចាន់ថុល ។ ដូចនេះផ្លូវនេះអាចនឹងត្រូវបញ្ចប់ការសាងសង់នៅអំឡុងដើមឆ្នាំ២០២២ ។ ការស្ដារផ្លូវនេះមានប្រវែង ៣៦៦គីឡូម៉ែត្រ ក្នុងនោះ ៣០៤គីឡូម៉ែត្រជាស្ថាបនាលើផ្លូវចាស់ ហើយ ៦២គីឡូម៉ែត្រត្រូវសាងសង់ផ្លូវវាងក្រុង។ ផ្លូវជាតិលេខ៥នេះ ត្រូវពង្រីកទៅជា ៤គន្លង ទទឹង២៣ម៉ែត្រ។ លោក ស៊ុន ចាន់ថុល ថ្លែងថា ការសាងសង់ឡើងវិញនូវផ្លូវជាតិនេះ គ្រោងចំណាយ ប្រហែល ៥០០លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ គូសបញ្ជាក់ថា ផ្លូវជាតិលេខ៥នេះ ពិតជាមានសារៈសំខាន់ខ្លាំងដល់ការដឹកជញ្ជូន ពិសេសការតភ្ជាប់ទៅបណ្ដាប្រទេសនានា។ លោក ស៊ុន ចានថុល ថ្លែងដូច្នេះថា៖«ផ្លូវនេះសំខាន់ណាស់ គឺជាផ្លូវអាស៊ាន Highway លេខ១ ដែលតភ្ជាប់ពីប្រទេសចិន មីយ៉ានម៉ា ថៃ និងកម្ពុជា ដែលឆ្លងកាត់ភ្នំពេញ ទៅផ្លូវជាតិលេខ១ រហូតដល់ប្រទេសវៀតណាម។ ដូចជាការដឹកទំនិញឆ្លងកាត់កម្ពុជារបស់យើងនេះ គឺត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥នេះ ដូចនេះវាចាំបាច់ណាស់ដែលយើងពង្រីកពីផ្លូវ២គន្លង ទៅ៤គន្លង ដែលនឹងមានការដឹកទំនិញឆ្លងកាត់ច្រើន អាចដឹកជញ្ជូនបានលឿន ហើយក៏ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន»៕
Tag:
ផ្លូវជាតិលេខ៥
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com