ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ប្រាប់​អភិបាលខេត្ត​ព្រះសីហនុ កែប កំពត និង​កោះកុង ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​
30, Jan 2019 , 10:54 am        
រូបភាព
​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ប្រាប់​ដល់​អភិបាលខេត្ត​ជាប់​សមុទ្រ​ទាំងអស់ ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ​កម្ពុជា​ឲ្យ​បាន​តឹងរឹង ដើម្បី​ទុក​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​។

 
​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​គ្រប់គ្រង និង​អភិរក្ស​ផ្លូវទឹក និង​តំបន់ឆ្នេរ លោក ជា សុផារ៉ា បាន​ប្រាប់​អភិបាលខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង ឲ្យ​ការពារ​និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​សមុទ្រ ដោយ​អនុវត្តតាម​សារាចរ​ណែនាំ ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ប្លង់​សុរិយោដី ដែល​បានកំណត់​ជា​ធរមាន​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​អះអាងថា ដី​នៅតាម​តំបន់ឆ្នេរ​មិនទាន់មាន​ការរំលោភបំពាន​នៅឡើយ​ទេ ប៉ុន្តែ​ការចេញលិខិត​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​នេះ គ្រាន់តែ​ជាការ​ពង្រឹង​បន្ថែមទៀត​ទៅលើ​ការគ្រប់គ្រង​ដី​នៅ​តំបន់ឆ្នេរ ដើម្បី​ទុក​បំរើ​ផល​ប្រ​យោ​ជ​សាធារណៈ​។ 
 
«​កន្លងមក​មាន​អ្នក​លឹប​លៗ ប៉ុន្តែ​មិនទាន់មាន​នរណា​រំលោភ​នៅឡើយ ក្រោយពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏ដូចជា​គណៈកម្មាធិកា​រ​តំបន់ឆ្នេរ​ដាក់​វិធានការ​ទៅ (​ពួកគេ​)​ដកថយ​។ ភាគច្រើន​អ្នក​ដែល​លឹប​លៗ ជា​អ្នក​ដែលមាន​ដី​ក្បែរៗ​ហ្នឹង ឬ​អ្នករស់នៅ​តំបន់​នោះ ហើយ​ពេល​ឃើញ​ដី​ទំនេរ​(​ពួកគេ​)​ចេះតែ​ចង់​លបៗ​ទៅ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​៕
 

Tag:
 ជា សុផារ៉ា​
  តំបន់ឆ្នេរ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com