រដ្ឋមន្រ្តីកសិកម្មកម្ពុជា ស្នើឲ្យវៀតណាម ជួយជ្រោមជ្រែងកម្ពុជា លើការទិញស្រូវ-អង្ករ ខណៈកម្ពុជា ត្រូវបានសហភាពអឺរ៉ុប តម្រូវឲ្យបង់ពន្ធលើអង្ករ។ លោករដ្ឋមន្រ្តី សង្ឃឹមថា វៀតណាម នឹងអាចជួយកម្ពុជាបាន ចំពោះទុក្ខកង្វល់រយៈពេលខ្លីនេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា វិស័យកសិកម្មកម្ពុជា មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែ ដោយសារតែមានការបំផុសបំផុលពីអ្នកប្រឆាំងនៅក្រៅប្រទេស ឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ទើបបណ្តាលឲ្យការលក់ស្រូវ-អង្ករកម្ពុជា ជួបបញ្ហាតិចតួច។ លោក វេង សាខុន អះអាងបែបនេះ នៅក្នុងជំនួបជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដើម្បីពិភាក្សាគ្នាពីបញ្ហាស្រូវ-អង្ករ។
លោក វេង សាខុន លើកឡើងក្នុងជំនួបនោះ យ៉ាងដូច្នេះថា៖«ខ្ញុំ ទទួលព័ត៌មានពីបណ្តាខេត្ត ថា តម្លៃលក់ចេញ គឺល្អ ប៉ុន្តែ ចង្រៃប៉ុន្មានថ្ងៃនេះ វាមានបញ្ហាពីសម្ពាធខាងក្រៅ តាមរយៈគណបក្សប្រឆាំង ដែលបំផុសបំផុលថា អឺរ៉ុប ដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។ ដល់អ៊ីចឹងទៅ ប្រជាពលរដ្ឋ មាត់តៗគ្នា ក៏ទៅដល់ឈ្មួញ ឈ្មួញក៏ចាប់ធ្វើក [ធ្វើស៊ី?] ប្រជាជនខ្មែរ វា ក៏ច្របូកច្របល់ប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធនឹងស្រូវ-អង្ករ»។
បន្ទាប់មក រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ក៏និយាយទៅកាន់ទូតវៀតណាម ដើម្បីសុំឲ្យជួយក្នុងរឿងនេះ។ លោក ស្នើឲ្យទូតវៀតណាម អំពាវនាវទៅវិស័យឯកជនវៀតណាម ឲ្យជួយទិញស្រូវកម្ពុជា ដោយរក្សាតម្លៃត្រឹម៧០០រៀលក្នុង១គីឡូក្រាម ឡើងទៅ។ លោក បង្ហាញការព្រួយបារម្ភថា៖«បើតម្លៃចុះជាងនេះ ដូចជាបាត់បង់អ្វីៗទាំងអស់ ហើយទៅជាផ្អើលឆោឡោ»។
លោករដ្ឋមន្ត្រី បង្ហាញជំនឿចិត្តថា ភាគីវៀតណាម នឹងអាចជួយកម្ពុជាបាន ចំពោះបញ្ហានេះ។ លោក និយាយនៅចំពោះមុខទូតវៀតណាមថា៖«ខ្ញុំមានសេចក្តីទុកចិត្តមែនទែន ចំពោះមិត្តវៀតណាមថា អាចជួយខ្ញុំបាន ជួយចែករំលែកទុក្ខលំបាកនេះ ពេលមានគ្រោះអាសន្ននេះ តែ២-៣សប្តាហ៍ទេ ស្បើយវិញហើយ។ [....] ខ្ញុំសង្ឃឹមថា ឯកអគ្គរដ្ឋទូត ជួយខ្ញុំ ជួយជ្រោមជ្រែងបញ្ហាហ្នឹង ដោយសារយើងធ្លាប់រួមសុខទុក្ខជាមួយគ្នា ជាយូរមកហើយ»។
ក្នុងជំនួបខាងលើ លោករដ្ឋមន្រ្តី ក៏ឆ្លៀតរម្លឹកផងដែរ ពីការជួយជ្រោមជ្រែងរបស់វៀតណាម មកដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មក រហូតធ្វើឲ្យកម្ពុជា ឈានដល់ចំណុចនេះ។
បន្ទាប់ពីសហភាពអឺរ៉ុប ប្រកាសយកពន្ធលើអង្ករកម្ពុជាក្នុងរយៈពេល៣ឆ្នាំជាប់គ្នា (ឆ្នាំ២០១៩-ឆ្នាំ២០២១) មជ្ឈដ្ឋានខ្លះ ក៏បង្ហាញក្តីបារម្ភថា ការនាំអង្ករកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប អាចនឹងមានការថយចុះ។ ពន្ធដែលត្រូវបង់នោះ គឺ ប្រមាណ២០០ដុល្លារ ក្នុង១តោន នៅឆ្នាំទី១ ប្រមាណ១៧០ដុល្លារក្នុង១តោន នៅឆ្នាំ២ និងប្រមាណ១៥០ដុល្លារ ក្នុង១តោន នៅឆ្នាំទី៣។
យ៉ាងណាក៏ដោយ ស្របពេលសហភាពអឺរ៉ុប សម្រេចចិត្តធ្វើបែបនេះដាក់កម្ពុជា ចិន ដែលតែងប្រកាសថាជាមិត្តដែកថែមរបស់កម្ពុជា ក៏ប្រកាសជួយទិញអង្ករកម្ពុជា ឲ្យលើសទ្វេដងក្នុងឆ្នាំ២០១៩នេះ ដោយមានគម្រោងទិញឲ្យបានប្រមាណ៤០ម៉ឺនតោន ខណៈឆ្នាំមុន ចិន ទិញតែប្រមាណ១៧ម៉ឺនតោនប៉ុណ្ណោះ។
ចំណែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហាញភាពរឹងមាំថា ទោះពិភពលោក ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់យ៉ាងណាក៏ដោយ ក៏កម្ពុជា មិនឲ្យប្រជាពលរដ្ឋដាច់បាយដែរ៕