ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ស្នើ​ឲ្យ​អន្តរជាតិ ទុក​កម្ពុជា ដូច​វ៉េណេ​ស៊ុយ​អេ​ឡា​
01, Feb 2019 , 10:44 am        
រូបភាព
លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីហ្វេសប៊ុករបស់លោ សម រង្ស៊ី
លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ រូបពីហ្វេសប៊ុករបស់លោ សម រង្ស៊ី
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​ដែល​កំពុង​និរទេស បាន​យក​វិបត្តិ​នយោបាយ​នៅ​វេ៉ណេ​ស៊ុយ​អេ​ឡា មក​ប្រដូច​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដោយ​លោក​ប្រៀបធៀប​ថា មាន​លក្ខណៈ​ដូចគ្នាស្ទើរតែបេះបិទ។ ដូច្នេះ លោក ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់ទុក​ស្ថានការណ៍​នៅ​កម្ពុជា ថា​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ស្ថានការណ៍​នៅ​វេ៉ណេ​ស៊ុយ​អេ​ឡា ដូច​ការគិត​របស់លោក​ដែរ​។

 
​ដូចគ្នា ដែល​លោក សម រង្ស៊ី ចង់សំដៅ​នោះ គឺ ប្រទេស​ទាំងពីរ​នេះ បានរៀបចំ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​។ តាមរយៈ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រកាសថា រដ្ឋាភិបាល​កម្ពុជា ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមាន​ភាពស្របច្បាប់ ពីព្រោះ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​អាណត្តិ​ទី​៦​នេះ ក៏​មិនមាន​ភាពស្របច្បាប់​ដែរ​។  
 
​មេដឹកនាំ​ប្រឆាំង​រូបនេះ សរសេរ​ទៀតថា រដ្ឋាភិបាល​វ៉េណេ​ស៊ុយ​អេ​ឡា ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ (Nicolas Maduro) ក៏ត្រូវ​បាន​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក ដក​ភាពស្របច្បាប់​ដែរ ពី​ព្រោះតែ​រារាំង​គណបក្សប្រឆាំង មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៨ ដូច​នៅ​កម្ពុជា​។




ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​រួច វ៉េណេ​ស៊ុយ​អេ​ឡា ក៏​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ រហូត​អ្នកតាមដាន​ព្រឹត្តិការណ៍​ពិភពលោក​ខ្លះ បារម្ភ​ថា នឹង​អាច​ឈានដល់​មាន​សង្គ្រាមស៊ីវិល​។ បច្ចុប្បន្ន ប្រទេស​នេះ មាន​ប្រធានាធិបតី​ដល់​ទៅ​ពីរ ដោយ​លោក ម៉ា​ឌុយ​រ៉ូ ប្រកាសឡើង​កាន់តំណែង​ជា​ប្រធានាធិបតី ក្រោយ​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត ឯ​លោក ហ័ន កៃ​ដូ (Juan Guaido) មិន​សុខចិត្ត ដោយ​ចោទថា ការបោះឆ្នោត​មិន​យុត្តិធម៌ ដូច្នេះ​ក៏​ប្រកាស​ខ្លួន​លោក ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​។ 
 
​ស្ថិតក្នុង​ស្ថានភាព​នេះ គេ ឃើញ​លោក ម៉ា​ឌុយ​រ៉ូ ព្យាយាម​ងាក​ទៅរក​ចិន ឯ​លោក កៃ​ដូ ទទួលបាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ រួមទាំងបណ្តាប្រទេសមួយចំនួនទៀត។ សហរដ្ឋអាមេរិក ជា​អ្នក​លូកដៃ​ខ្លាំងជាងគេ ក្នុង​ជម្លោះ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា រហូត​ហ៊ាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់វិធានការ​យោធា ប្រសិនបើ​លោក កៃ​ដូ មាន​បញ្ហា​អ្វីមួយ​។ លើសពីនេះ ប្រទេស​មហាអំណាច​មួយ​នេះ ថែមទាំង​ទាមទារ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចុះ​ចេញពី​តំណែង​ដោយ​សន្តិវិធី​ថែមទៀត​។ 
 
​ចំណែក សហភាព​អឺរ៉ុបទើបប្រកាសគាំទ្រ​ឲ្យ​លោក កៃដូ ធ្វើជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។ យ៉ាងណាក៏ដោយ លោក ម៉ា​ឌុយ​រ៉ូ បាន​ប្រាប់​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ ជាពិសេស​សហរដ្ឋអាមេរិក កុំ​ឲ្យ​លូកដៃ​ចូលក្នុង​ផ្ទៃក្នុង​របស់​វេ៉ណេ​ស៊ុយ​អេ​ឡា​។ 
 
​ជុំវិញ​វិបត្តិ​វេ៉ណេ​ស៊ុយ​អេ​ឡា​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ប្រតិកម្ម​ដែរ​។  នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គាំទ្រ​លោក ម៉ា​ឌុយ​រ៉ូ ដែល​បាន​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត និង រិះគន់​លោក កៃ​ដូ ដែល​ប្រកាសឡើង​កាន់តំណែង ទាំង​ដែល​ខ្លួ​នពុំបាន​ជាប់ឆ្នោត​។​
 
​ក្នុង​ពិធី​ជួយ​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​កន្លងមក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ហ៊ាន​សន្និដ្ឋានថា បើ​ស្ថានភាព​ នៅតែ​បន្ត​បែបនេះ វេ៉ណេ​ស៊ុយ​អេ​ឡា នឹង​វាយ​គ្នា ដោយសារតែ​លោក ម៉ា​ឌុយ​រូ នឹងមិន​ដកថយ​ឡើយ ចំពោះ​ប្រកាសឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​មេបក្ស​ប្រឆាំង ដែលមាន​ការគាំទ្រ​ពី​ប្រទេស​មហាអំណាច​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និយាយ​បែបនេះ​ថា​៖«​ប្រវត្តិសាស្ត្រ​ពិភពលោក វាមិន​ដែលមាន​បែបនេះ​។ មេបក្ស​ប្រឆាំង ដែល​មិនបាន​បោះឆ្នោត បែរជា​ប្រកាស​ទទួលស្គាល់​ជា​ប្រ​ធានា​ធិ​បតី​ទៅវិញ​»​។​
 
​មេដឹកនាំ​កម្ពុជា ក៏បាន​ភ្ជាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា មក​កម្ពុជា បន្តិច​ដែរ​។ មេដឹកនាំ​រូបនេះ ព្រមាន​ទុកជាមុន​យ៉ាង​ដូច្នេះ​ថា​៖«​តិច​នៅ​កម្ពុជា គេ​ទារ​អ៊‌ីចឹង សូម​អញ្ជើញ​ធ្វើ​មើល បាន​តើ ធ្វើទៅ ប្រកាស​ទទួលស្គាល់​នរ​ណាមួយ​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៅ ជំនួស​ឲ្យ​ព្រះមហាក្សត្រ​កម្ពុជា​ទៅ​។ .... ត្រង់​ហ្នឹងហើយ ដែល​ខ្ញុំ ទាមទារ​ឲ្យ​ប្រយ័ត្នប្រយែង សម្រាប់​សន្តិភាព​កម្ពុជា មិនត្រូវ​ឲ្យ​បរ​ទេ​សលូកដៃ​ទេ​....»៕ 
 

Tag:
 កម្ពុជា​
  វេ​ណេ​ស៊ុ​យ​អេ​ឡា​
  សម រង្ស៊ី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com