ជាតិ
សេដ្ឋកិច្ច
ការនាំចូលត្រីពីបរទេសធ្លាក់ចុះ ព្រោះកម្ពុជាពង្រីកការចិញ្ចឹមដោយខ្លួនឯង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
× លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ការនាំចូលត្រីពីបរទេសចូលមក មានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ស្របនៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍវារីវប្បកម្មរបស់រាជរដ្ឋាភិបាល។ ក្នុងឆ្នាំ២០១៨នេះ ការនាំចូលត្រីពីបរទេសមានចំនួនត្រឹមតែ ២, ៤ម៉ឺនតោន ខណៈឆ្នាំមុនៗមានជាង ៦ម៉ឺនតោនឯណោះ។
លោករដ្ឋមន្ត្រី បានបន្តថា វិស័យកសិកម្មជាវិស័យអាទិភាពមួយដែលដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែករក្សានូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា ធានាសមធម៌ សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
«តាមរបាយការណ៍របស់រដ្ឋបាលជលផល ការនាំចូលមានរហូតដល់ទៅជាង៦ម៉ឺនតោន កាលពី ៤ ឬ៥ ឆ្នាំមុន បន្ទាប់មកធ្លាក់ត្រឹម៤ម៉ឺនតោន។ ឆ្នាំ២០១៨ ការនាំចូលមានត្រឹម ២, ៤ ម៉ឺនតោន ដោយសារយើងពង្រីកការចិញ្ចឹម ជាពិសេសត្រីរ៉ស់ ត្រីឆ្ដោ»។
លោកបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជានាំចូលភាគច្រើនជាផលិតផលជលផលសមុទ្រ ដូចជា បង្គា ក្តាម បង្កងសមុទ្រ ត្រីសាលម៉ុង។ ក្រសួងបានរៀបចំគម្រោងពង្រីកបន្ថែមលើការអភិវឌ្ឍន៍វិស័យវារីវប្បកម្មនាពេលខាងមុខនេះផងដែរ ដោយមានការសហកាជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយជាច្រើនទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ១៤០លានដុល្លា៕
© រក្សាសិទ្ធិដោយ thmeythmey.com