ជាតិ
សេដ្ឋកិច្ច
អាមេរិក ជួយផ្ដល់​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដល់​កម្ពុជា ដើម្បី​កាត់បន្ថយ​ការនាំ​ត្រី​ចូល​ពី​ប្រទេស​វៀតណាម​
01, Feb 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ក្នុង​វិស័យ​វារីវប្បកម្ម ព្រោះ​មាន​ប្រភពទឹក​គ្រប់គ្រាន់​។ ប៉ុន្តែ​បច្ចុប្បន្ននេះ ទីផ្សារ​ត្រី​ក្នុង​កម្ពុជា​មួយចំនួនធំ បាន​នាំចូល​ពី​ប្រទេសជិតខាង​ទៅវិញ ដូច្នេះ​វា​ជាការ​បង្ហាញថា កម្ពុជា​មិនទាន់មាន​សមត្ថភាព​បង្កើន​ផល​ត្រី​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ផ្គត់​ផ្គង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​នៅឡើយ​។

 
​លោក Jim Hershey នាយក​ប្រតិបត្តិ​គម្រោង CAST នៅ​កម្ពុជា បាន​និយាយថា បញ្ហា​ប្រឈម​គឺ​មកពី​កសិករ​មិនទាន់មាន​ចំណេះដឹង និង​បច្ចេកទេស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការចិញ្ចឹម​ត្រី​សម្រាប់​ផ្គត់​ផ្គង​តម្រូវការ​ទីផ្សារ​។ ជាពិសេស​ពួកគេ​មិនទាន់មាន​បណ្ដាញ​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​លើ​ក​យក​គម្រោង ពង្រីក និង​អភិវឌ្ឍ​វារីវប្បកម្ម​នេះ​ឡើង ដើម្បី​ជួយ​កម្ពុជា​ឲ្យ​ក្លាយជា​អ្នកប្រើប្រាស់ និង​អ្នកផ្គត់ផ្គង់​ត្រី​ប្រកបដោយ​គុណភាព តាមរយៈ​ការផ្ដល់​ជំនាញ​បច្ចេកទេស​ចិញ្ចឹម​ក្នុងស្រុក​។​


 
​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ នាយក​ប្រតិបត្តិ​គម្រោង CAST នៅ​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖ « កម្ពុ​ជាមាន​ប្រភពទឹក​ជាច្រើន ហេតុអ្វី​ត្រូវ​នាំ​ត្រី​ចូល​ពី​ប្រទេស​វៀតណាម​ជាច្រើន​?​ហេតុអ្វី​មិន​ព្រម​ផលិត​ខ្លួនឯង​? ក្រុមការងារ​បាន​រក​ឃើញ​មូលហេតុ​ចម្បង​គឺ កសិករ​ខ្វះ​ចំណេះដឹង​បច្ចេកទេស មិនទាន់​ចេះ​ផលិត​ចំណី រួមទាំង​ការផលិត​ឆ្លើយតប​ទៅនឹង​ទីផ្សារ ទាំង​បរិមាណ និង​គុណភាព​។ ដូច្នេះ​ពួកគេ​ត្រូវការ​រៀនសូត្រ​ពី​បច្ចេកទេស​ចិញ្ចឹម ការថែទាំ និង​ការគ្រប់គ្រង​ការផលិត ហើយ​នេះ​ជា​ឱកាសល្អ​សម្រាប់​កសិក​កម្ពុជា​»​។​
 
​រដ្ឋាភិបាល​អាមេរិក បានផ្ដល់​ជំនួយ​ជា​ថវិកា​ជាង​១៧​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា លើ​ការចិញ្ចឹម​ត្រី​ទឹកសាប​សម្រាប់​ពាណិជ្ជកម្ម​។  គម្រោង​មាន​ឈ្មោះថា អភិវឌ្ឍន៍​វារីវប្បកម្ម សម្រាប់​និរន្ត​ភាព​ពាណិជ្ជកម្ម  ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (CAST) ។ គម្រោង​នេះ​មាន​រយៈពេល ៥​ឆ្នាំ ដែល​ធ្វើការ​ផ្ដោតទៅលើ​ការបណ្ដុះបណ្ដាល​លើ​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ ផ្ដល់​ការប្រឹក្សា​យោបល់ និង​ជួយ​រក​ទីផ្សារ តាមរយៈ​ការធ្វើការ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៦ នៅ​ជុំវិញ​បឹង​ទន្លេសាប ក្នុងប្រទេស​កម្ពុជា​។​
 
​នាយក​ប្រតិបត្តិ​គម្រោង CAST នៅ​កម្ពុជា សង្ឃឹមថា គម្រោង​នេះ នឹង​ជួយ​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​អ្នក​ចិញ្ចឹម​ត្រី​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា លើ​បច្ចេកទេស​ចិញ្ចឹម​ត្រី ដូច​ជាការ​បង្កាត់​ពូជ ការផលិត​ចំណី និង​កន្លែង​ចិញ្ចឹម​ត្រី ត្រូវ​តាម​បទដ្ឋាន  ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ពិភពលោក​បាន ក្នុង​ថ្ងៃ​អនាគត​។ 
 
​ខេត្ត​គោលដៅ​ទាំង​៦ ដែល​ក្រុមការងារ​គម្រោង CAST ត្រូវ​ចុះ​សិក្សា​នោះ រួមមាន​ខេត្តកណ្ដាល​, កំពង់ចាម​, កំពង់ធំ​, សៀមរាប​,​បាត់ដំបង​, និង​ពោធិ៍សាត់ ដោយ​សហការ​ជាមួយ​ក្រសួងកសិកម្ម សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម សកល​វិទ្យាល័យ​បាត់ដំបង និង​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​ទៀត​។   
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា កំពុងមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​កម្ពុជា​បាន​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ពី​បរទេស​ជាច្រើន​។ ប៉ុន្តែ​វិស័យ​វារីវប្បកម្ម​នេះ ក៏​នូវ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​។ បើតាម​លោក វេ​ង សាខុន បញ្ហា​ប្រឈម​នោះ​រួមមាន គុណភាព​កូន​ត្រី​ពូជ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​, កង្វះខាត​នូវ​ការទទួលបាន​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ​, តម្រូវការ​អនាម័យ និង​ស្តង់ដារ​ភូតគាម​អនាម័យ និង​ស្ថានភាព​ទីផ្សារ​ដែល​ភ្ជាប់​រវាង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ក៏​នៅមានកម្រិត​។ 
 
​សម្រាប់​លោក វេ​ង សាខុន គម្រោង​របស់​រដ្ឋាភិបាល​អាមេរិក​នេះ​ពិតជា​ចាំបាច់ និង​ឆ្លើយតប​ទាន់ពេលវេលា ដើម្បី​សម្រេច​តាម​គោលដៅ​នៃ​ការសម្របសម្រួល​ផ្គត់ផ្គង់​ត្រី​បាន ទាំង​បរិមាណ ហើយ​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​ល្អប្រសើរ​នៅ​ប្រទេស​កម្ពុជា ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម​។​
 
« យើង​ចាត់ទុកថា​ជា​គម្រោង​មួយ ដែល​បាន​ចូល​រូ​ម​ចំណែក​យ៉ាង​ពេញលេញ​ទៅដល់​ការ​រុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។ យើង​មើលឃើញថា​វិស័យ​កសិកម្ម​យើង​ពឹង​តែ​ស្រូវ​មិនអាច​មាន​ចំណូល​ខ្ពស់​ប៉ុន្មាន​ទេ ហើយ​ពិបាក​រក​ទីផ្សារ​ទៀត​។ បច្ចុប្បន្ននេះ យើង​មើលឃើញថា​ការចិញ្ចឹម​ត្រី​គឺជា​ធនធាន​ចូលរួមចំណែក​សេដ្ឋកិច្ច​សម្បើម​ណាស់ ជាពិសេស​នៅក្នុង​ប្រទេសជិតខាង​យើង និង​ក្រៅ​តំបន់​ដែល​កំពុង​ចាប់អារម្មណ៍​ទៅលើ​ការចិញ្ចឹម​ត្រី តាម​លក្ខណៈ​គ្រួសារ ក៍​ដូច​តាម​ពាណិជ្ជកម្ម​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​៕
 

Tag:
 ​វេ​ង សាខុន​
 ​អាមេរិក​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com