ជាតិ
UNDP ពង្រីក​គម្រោង​តាមដាន​ព័ត៌មាន​គ្រោះរាំងស្ងួត​ជួយ​ពលរដ្ឋ​ខេត្តតាកែវ និង​កំពត​បន្ថយ​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត
01, Feb 2019 , 9:39 pm        
រូបភាព
រូបភាពផ្តល់ឲ្យដោយ UNDP Cambodia
រូបភាពផ្តល់ឲ្យដោយ UNDP Cambodia
​តាមរយៈ​ការពង្រីក​កម្មវិធី​បណ្តុំ​ព័ត៌មាន​តាមដាន​គ្រោះរាំងស្ងួត “The Drought Monitoring InfoHub” ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ចំនួន​ពីរ​មាន​តាកែវ និង​កំពត នឹងមាន​លទ្ធភាព​កាន់តែច្រើន​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​បាតុភូត​គ្រោះរាំងស្ងួត និង​ពង្រឹងសមត្ថភាព​ធ្វើ​កសិកម្ម​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។



​ដោយមាន​ការសហការ​គ្នា​រវាង​អង្គការ​មនុស្សធម៌​ដា​ណឺ​ម៉ាក  DanChurchAid និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) កម្មវិធី​បណ្តុំ​ព័ត៌មាន​តាមដាន​គ្រោះរាំងស្ងួត​ស្ថិតក្រោម​គម្រោង​ពង្រឹង​ការផ្តល់​ព័ត៌មាន​ការ​អា​កាស​ធាតុ​និង​ប្រព័ន្ធ​ផ្តល់​ការព្រមាន​ទុក​មុន (early warning system) ត្រូវបាន​ពង្រីក​បន្ថែម​ទៅកាន់​ខេត្ត​ចំនួន​ពីរ​ទៀត​នៅ​កម្ពុជា​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ចេញ​ថ្ងៃ ៣០ ខែមករា ខេត្ត​ចំនួន​ពីរ​នោះ​មាន​កំពត និង​ខេត្តតាកែវ ដែល​សុទ្ធសឹង​ជា​តំបន់​ដែល​ងាយ​រងគ្រោះ​ខ្លាំង​គ្រោះរាំងស្ងួត​។ កម្មវិធី​នេះ​នឹង​ជួយ​ដល់​ការកំណត់​ទីកន្លែង​ងាយ​រងគ្រោះ អភិវឌ្ឍ​សមត្ថភាព​អាជ្ញាធរ​ក្នុងការ​តាមដាន និង​ចាត់វិធានការ​ភ្លាមៗ​ជួយ​សហគមន៍​មូលដ្ឋាន​ត្រៀមខ្លួន​នៅពេលដែល​ស្ថានភាព​គ្រោះរាំងស្ងួត​ចាប់ផ្តើម​វិ​វត្ត​នោះ​។ 
 
​ប្រធាន​គម្រោង​ប្រព័ន្ធ​ផ្តល់​ការព្រមាន​ទុក​មុន​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​លោក Muhibuddin Usama បាន​លើកឡើងថា ការពង្រីក​គំនិត​ផ្តួចផ្តើម​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ការធ្វើ​កសិកម្ម ក្នុងស្ថានភាព​ងាយ​ប្រឈម​នឹង​គ្រោះមហន្តរាយធម្មជាតិ​។ 
 
«​ដោយសារ​ច្រើនជាង​បី​ភាគ​បួន​នៃ​ប្រជាជន​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​កម្ម គ្រោះរាំងស្ងួត និង​ទឹកជំនន់​បណ្តាល​ឲ្យ​ប្រជាជន​ចំនួន​ច្រើន​ធ្លាក់​ក្នុង​ភាពក្រីក្រ​។ ការត្រៀមខ្លួន​សម្រាប់​គ្រោះមហន្តរាយ​ទាំងនេះ ជា​រឿង​សំខាន់​ដែល​ជួយ​ដល់​សហគមន៍​ក្នុងការ​សម្រប​ខ្លួន និង​មាន​ភាព​រីកចម្រើន​ផង ក្នុងពេល​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ​»​។ លោក Muhibuddin បាន​ថ្លែង​បែបនេះ​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ការអនុវត្ត​គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ផ្ទាល់​ដល់​កសិករ​ចំនួន ២៣០០​នាក់ និង​មន្ត្រី​ថ្នាក់​ខេត្ត ៣០​នាក់​នៅ​ខេត្តតាកែវ​(​ក្នុងនោះ​មានស្រុក​បាទី​, សំរោង​, និង​ស្រុក​ត្រាំកក់​) និង​ខេត្តកំពត (​មានស្រុក​ទឹកឈូរ និង​ស្រុក​បន្ទាយមាស​)​តាមរយៈ​ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​កសិកម្ម​ធន់​នឹង​គ្រោះរាំងស្ងួត និង​ពង្រឹងសមត្ថភាព​តាមដាន និង​ឆ្លើយតប​នឹង​គ្រោះរាំងស្ងួត​នេះដែរ​។ ចំណែក​ប្រជាពលរដ្ឋ ១,៤៧ លាន​នាក់​ផ្សេងទៀត​ក៏​ទទួលបាន​ប្រយោជន៍​ពី​ប្រព័ន្ធ​ផ្តល់​ការព្រមាន​ទុក​មុន​នេះដែរ​។​
 
​តាមពិតទៅ កម្មវិធី​បណ្តុំ​ព័ត៌មាន​តាមដាន​គ្រោះរាំងស្ងួត​នេះ​ត្រូវ​បានដាក់​អនុវត្ត​សាកល្បង​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ ២០១៧ ដោយ​អង្គការ​មនុស្សធម៌ Dan Church Aid មុននឹង​មានការ​ពង្រីក​ការអនុវត្ត​ដូច​ពេលនេះ​។ គំនិត​ផ្តួចផ្តើម​នេះ​ដើមឡើយ​គឺ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ការសហការ​រ​វាង​ភាគី​ពាក់ព័ន្ធ​ពី​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​, ក្រសួងកសិកម្ម និង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ 
 
​សូមបញ្ជាក់ថា គ្រោះរាំងស្ងួត និង ទឹកជំនន់​បន្ត​កើត​ឡើងជា​ញឹកញាប់​នៅ​កម្ពុជា​កន្លងមក​។ ក្នុង​ឆ្នាំ ២០១២ គ្រោះរាំងស្ងួត​កើតឡើង​នៅក្នុង​ខេត្ត​ចំនួន ១១ ទូទាំងប្រទេស​កម្ពុជា​ដោយ​បង្ក​ការខូចខាត​ដល់​ស្រូវ​រាប់ម៉ឺន​ហិកតា​។ ដល់​ឆ្នាំ ២០១៥ កម្ពុជា​ជួបប្រទះ​នឹង​គ្រោះរាំងស្ងួត​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈ​ពេលប្រាំ​ទសវត្សរ៍​ចុងក្រោយ បណ្តាល​ឲ្យ​ប្រជាជន ២,៥​លាន​នាក់​រងគ្រោះ​ផង​។​
 
​ដល់​ដើមឆ្នាំ ២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ប្រជាពលរដ្ឋ​ជាពិសេស​ប្រជាកសិករ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​កើតឡើង​នៃ​បាតុភូត​អែល​នី​ណូ ដែល​បង្ក​ឲ្យ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ស្ថិតក្នុង​កម្រិត​ពី​៤០-៤២ អង្សា​។ រដ្ឋាភិបាល​ក៏បាន​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​ស្រោចស្រព ដំណាំ​ផ្សេងៗ​ក្រៅពី​ដំណាំ​ស្រូវ​ផងដែរ​៕   
 

Tag:
 គ្រោះរាំងស្ងួត​
  UNDP Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com