ជាតិ
សេដ្ឋកិច្ច
ផលិតផលសរីរាង្គរបស់ Confirel នឹងបង្ហាញវត្តមានក្នុងពិព័រណ៍ SIAL Toronto នៅកាណាដា ស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពត ជាប្រភពដើមនៃផលិតផលរបស់ Confirel
× ក្រុមហ៊ុន Confirel ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងពិរព័រណ៌ចំណីអាហារអន្តរជាតិ SIAL Toronto នៅក្រុងតូរ៉ុនតូ ប្រទេសកាណាដា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ។ ការជ្រើសរើសនេះ ធ្វើឡើងនាដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោក Marc Germain តំណាងការិយាល័យទទួលបន្ទុកសម្រួលពាណិជ្ជកាណាដា (TFO Canada)។
បង្កើតឡើងអស់រយៈពេល១៦ឆ្នាំ ដោយលោក ហៃ លីអ៊ាង ក្រុមហ៊ុន Confirel ទទួលបាននូវការវាយតម្លៃយ៉ាងចិត្តទុកដាក់ពីសំណាក់ក្រុមការងារនៃការិយាល័យ TFO Canada ដោយសារការចូលរួមពីសំណាក់វិទ្យាស្ថាន Mekong Institute។ ក្រៅពី Confirel បណ្តាក្រុមហ៊ុននៅឡាវ និងមីយ៉ាន់ម៉ា ដែលកំពុងពង្រីកទីផ្សារនៅតំបន់អាមេរិកខាងជើង ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិព័រណ៌ SIAL Toronto ផងដែរ។
លោក Marc Germain បានចុះពិនិត្យដោយផ្ទាល់ដំណើរការរបស់ក្រុមហ៊ុន Confirel ដោយមានការណែនាំបង្ហាញពីសំណាក់លោក Tep Anthony និងអ្នកនាង ហោ ដាវី អ្នកទទួលខុសត្រូវលើការនាំចេញ ទាក់ទងការបំពាក់ឧបករណ៍ ផលិតផល និងតម្លៃផ្សេងៗ។
ទស្សនវិស័យរបស់ក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍន៍ជនបទ តាមរយៈការច្នៃប្រឌិត គុណភាព រសជាតិ និងជាផលិ តផលល្អសម្រាប់សុខភាព។ បន្ថែមពីលើនេះ ការទទួលបានលិខិតបញ្ជាក់ជាច្រើនពាក់ព័ន្ធឆន្ទះរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ឈានដល់ស្តង់ដាអន្តរជាតិ បានធ្វើលោក Marc Germain សម្រេចជ្រើសរើសយក Confirel ទៅចូលរួមក្នុងពិរព័រណ៌ចំណីអាហារអន្តរជាតិ SIAL Toronto។
សម្រាប់រយៈពេលពេញមួយសប្តាហ៍ លោក Tep Anthony និងអ្នកនាង ហោ ដាវី នឹងមានជំនួបអាជីវកម្មរវាងក្រុមហ៊ុន និងក្រុមហ៊ុន (B2B) ដែលរៀបចំដោយ TFO Canana។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុន Confirel នឹងបង្ហាញពីផលិតផលរបស់ខ្លួន ដែលផលិតចេញពីត្នោតកំពង់ស្ពឺ និងម្រេចកំពត ដែលក្នុងនោះមានដូចជា ផលិតផលម៉ាក Thnot, តែម្រេច ម្រេចសរីរាង្គ Kirum, ស្រា Jaya និង KEM។
ផលិតផលដែលមានប្រយោជន៍ដល់សុខភាព និងវិញ្ញាបនបត្រសរីរាង្គ បានធ្វើឲ្យ Confirel អាចឆ្លើយតបទៅលើតម្រូវការទីផ្សារអាមេរិក។ តាមរយៈពិព័រណ៌ SIAL Toronto ក្រុមហ៊ុន Confirel នឹងបោះជំហានទៅបន្ថែមទៀតនៅលើទីផ្សារអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com