ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ភ្នំបាខែងនៅតែជាកន្លែងពេញនិយមរបស់ទេសចរក្នុងការមើលថ្ងៃលិចដ៏ស្រស់ស្អាត
× សៀមរាប៖ ដ្បិតថា នាពេលបច្ចុប្បន្ននេះមានកន្លែងជាច្រើនដែលអាចមើលថ្ងៃលិចបានក៏ពិតមែន តែភ្នំបាខែង ដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ នៅតែជាកន្លែងដ៏ពេញនិយមរបស់ភ្ញៀវទេសចរ ដែលប្រាថ្នាចង់មើលថ្ងៃលិចដ៏ស្រស់ស្អាត ពិសេសនារដូវប្រាំងនេះ។ ថ្ងៃលិច បានចាំងឆ្លុះស្រមោលខ្មៅ លាយពណ៌មាសលើកំពូលភ្នំបាខែង ដែលមានភ្ញៀវទេសចររាប់សិបនាក់ អង្គុយ និងកាន់កាំមេរ៉ាស្ទើរគ្រប់ដៃ ចាំផ្តិតរូបភាពទាំងនោះដោយមិនជិនណាយ។
ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងក៏បាន និងដោយមធ្យោបាយជិះដំរីក៏បាន ដើម្បីទៅដល់កំពូលភ្នំបាខែង។ នៅកំពូលភ្នំនេះមានទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ក្រៅពីចំណុចមើលថ្ងៃលិចនៅកំពូលប្រាសាទ។ ជាទូទៅ ភ្ញៀវទេសចរសរុបពី ៣ទៅ៤ពាន់នាក់ ដែលបានតម្រង់ជួរចាំលើភ្នំបាខែង ដើម្បីបានមើលថ្ងៃរះ។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមក។ គោលការណ៍នេះបានចាប់ផ្តើមអនុវត្តន៍ នៅពេលមានការដ្ឋានជួសជុលប្រាសាទភ្នំបាខែងក្នុងអំឡុងឆ្នាំ២០១៦ ដោយអ្នកជំនាញបារម្ភពីហានិភ័យផ្សេងៗដល់ភ្ញៀវទេសចរ ជាមួយនឹងការដ្ឋានដែលកំពុងជួសជុល។
នៅភ្នំបាខែង ក្រៅពីគយគន់ថ្ងៃលិចហើយនោះ ភ្ញៀវទេសចរក៏អាចមើលឃើញទិដ្ឋភាពផ្សេងៗនៅជុំវិញនោះផងដែរ រួមមានក្រុងសៀមរាប បារាយណ៍ទឹកថ្លៃ ប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង និងព្រលានយន្តហោះខេត្តសៀមរាបជាដើម។ល។ សព្វថ្ងៃ ក្រៅពីភ្នំបាខែង ភ្ញៀវទេសចរមួយចំនួនក៏ចាប់អារម្មណ៍ទៅនឹងការមើលថ្ងៃលិចនេះនៅខ្លោងទ្វារទន្លេអុំ ស្រះស្រង់ ប្រាសាទប្រែរូប និងតំបន់ភ្នំក្រោម។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com