អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ថា អាមេរិក​មិន​ចង់​គោរព​កាតព្វកិច្ច​អន្តរជាតិ ទើប​ដកខ្លួន​ពីស​ន្ធិ​ស​ញ្ញ​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​
02, Feb 2019 , 2:21 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ក្រុង​មូ​ស្គូ បាន​រិះគន់​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ប្រកាស​ព្យួរ​ការអនុវត្ត​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​។ ដោយ​ចោទថា រុស្ស៊ី​ជា​អ្នក​បំពាន​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រកាស​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ថា អាមេរិក​នឹង​ដកខ្លួន​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ដែលជា​សន្ធិសញ្ញា​ទ្វេភាគី​ជាមួយ​រុស្ស៊ី រយៈពេល​៦​ខែ​សិន​។ តែ​រុស្ស៊ី​ចោទ​វិញ​ថា អាមេរិក​ចង់​គេច​ពី​កាតព្វកិច្ច​អន្តរជាតិ​ប៉ុណ្ណោះ​។​

 
​នៅ​ទីបំផុត​អាមេរិក បាន​ដើរ​ចេញពី​កាតព្វកិច្ច​របស់ខ្លួន​ក្រោម​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ដែលជា​សន្ធិសញ្ញា​ជាមួយ​រុស្ស៊ី​ចំនួន​៦​ខែ​រហូតដល់​រុស្ស៊ី​ឈប់​បំពាន​សន្ធិសញ្ញា​នេះ​ទៀត​។ ប៉ុន្តែ​អាមេរិក​បាន​ទុក​ច្រក​មួយ គឺ​ខ្លួន​នឹង​ពិចារណា​ការដកខ្លួន​នេះ​ឡើងវិញ ប្រសិនបើ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម INF ដែល​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៧ ដើម្បី​ហាមឃាត់​ប្រទេស​ទាំងពីរ​ពង្រាយ​មី​ស៊ី​ល​ចម្ងាយ​មធ្យម និង​ខ្លី​នៅ​អឺរ៉ុប​។​
 
​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រកាសថា អាមេរិក​នឹង​លែង​ជាប់​កាតព្វកិច្ច​នៅក្រោម​សន្ធិសញ្ញា INF នេះ​ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ​តទៅ ហើយនឹង​ប្រាប់​រុស្ស៊ី​ពី​ការដកខ្លួន​នេះ​ជា​ផ្លូវការ​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ រុស្ស៊ី​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ឲ្យ​ពេញលេញ​ក្នុង​រយៈពេល​៦​ខែ​តាមរយៈ​ការកម្ទេច​មី​ស៊ី​ល​ដែល​បំពាន INF, កម្ទេច​ឧបករណ៍​បាញ់ និង​សម្ភារៈ​ពាក់ព័ន្ធ បើ​មិន​ដូច្នោះ​ទេ សន្ធិសញ្ញា INF នឹងត្រូវ​លុបចោល​តែម្ដង​។​
 
​យ៉ាងណាមិញ រុស្ស៊ី​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​។ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង  Dmitry Peskov និយាយថា អាមេរិក​បង្កើត​រឿង​ដើម្បី​គេច​ពី​ការអនុវត្ត​ច្បាប់​របស់​ប៉ុណ្ណោះ ហើយ​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​បាន​។ លើសពីនោះ រុស្ស៊ី​ក៏​សោកស្ដាយ​ដែល​អាមេរិក​គេចវេស​មិន​ប្រើប្រាស់​យន្តការ​ចរចា​ដើម្បី​បញ្ចៀស​លទ្ធផល​របៀបនេះ ដោយ​លោក Peskov អះអាងថា ក្រុង​វ៉ាស៊ីនតោន​គ្មាន​ឆន្ទៈ​ស្ដាប់​ការពន្យល់​របស់​មូ​ស្គូ​ឡើយ​។​
 
​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova ក៏​រិះគន់​អាមេរិក​ដែល​គ្មាន​ផ្ដល់​ភស្តុតាង​អ្វី​សោះ​ដើម្បី​ការពារ​អំណះអំណាង​របស់ខ្លួន​។ ប្រាប់​ទូរទស្សន៍​រុស្ស៊ី Rossiya 1 នៅ​ថ្ងៃទី​១ ខែកុម្ភៈ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា ការចាកចេញ​របស់​អា​មេ​រិ​ក​មិន​ពាក់ព័ន្ធ​កំហុស​រុស្ស៊ី​ទេ តែ​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុង​គេច​ចេញពី​កាតព្វកិច្ច​ក្រោម​ច្បាប់​អន្តរជាតិ​នៅក្រោម​សន្ធិសញ្ញា INF នេះ​។ បើ​អាមេរិក​ដកខ្លួន រុស្ស៊ី​ក៏មាន​សិទ្ធិ​តបត​វិញ​ដែរ​។ 
 
​សូមបញ្ជាក់ថា INF ជា​សន្ធិសញ្ញា​មួយ​ដែល​សល់​ពី​សម័យ​សង្គ្រាម​ត្រជាក់​។ សន្ធិសញ្ញា​នេះ​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​អាច​រត់​បាន​ចម្ងាយ​ពី​៥០០​គីឡូម៉ែត្រ​ទៅ​៥,៥០០​គីឡូម៉ែត្រ​។ ប៉ុន្តែ​អាមេរិក​ចោទថា រុស្ស៊ី​មាន​មី​ស៊ី​ល​ធុន 9M729 ឬ​ណា​តូ​ហៅថា SSC-8 ដែល​ល្មើ​សនឹង​សន្ធិសញ្ញា INF នេះ​៕  

Tag:
 ​រុស្ស៊ី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com